ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ប្រឈមនឹងការងារដ៏គួរឱ្យភ័យខ្លាចក្នុងជុំទី ២ នៃវគ្គជម្រុះសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២ ដោយសារពិន្ទុចាញ់គេ នៅក្នុងការប្រកួតមុន ៗ និងការដកខ្លួនចេញរបស់ជម្រើសជាតិកូរ៉េខាងជើង។
ក្រុមបាល់ទាត់លេខ២នៅអាស៊ីដែលមានឈ្មោះថា“ ខ្លារខិន Persian” បានចាប់ផ្តើមបោះជំរុំហ្វឹកហាត់របស់ពួកគេ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Dragan Skocic នៅភាគខាងត្បូងកោះ Kish ក្នុងឈូងសមុទ្រពែក្ស។ ពួកគេត្រូវការឈ្នះចំនួន ៤ ក្នុងចំណោមការប្រកួត ៤ នៅសល់ នាពេលខាងមុខដើម្បីដណ្តើមយកកៅអីស្វ័យប្រវត្តិក្នុងពាន AFC Asian Cup 2023 និងជុំទី៣វគ្គជម្រុះ World Cup 2022។
ការដកខ្លួនរបស់កូរ៉េខាងជើងចេញពីជុំទី២នេះ បានធ្វើឱ្យ FIFA សម្រេចចិត្តធានានូវភាពត្រឹមត្រូវនៃការប្រកួតសម្រាប់ក្រុមដែលនៅសល់។ សភាពការណ៍បែបនេះ វាកាន់តែអាក្រក់ទៅ ៗ សម្រាប់ក្រុមជម្រើសជាតិអ៊ីរ៉ង់ក្នុងពូល C ខណៈដែល FIFA ប្រកាសថា លទ្ធផលនៃការប្រកួតរវាងក្រុមចំណាត់ថ្នាក់លេខ ២ និងក្រុមលេខ ៥ ក្នុងពូល A ដល់ G នឹងមិនត្រូវរាប់បញ្ចូល ហើយសន្មត់ថាមិនមែនជាការប្រៀបធៀបចុងក្រោយប្រកបដោយតុល្យភាព រវាងក្រុមលេខ២ក្នុងពូលទាំងអស់។
ផ្អែកលើបញ្ហានេះ ការទទួលជ័យជម្នះ ១៤-០ របស់អ៊ីរ៉ង់ទល់នឹងកម្ពុជាក្នុងការប្រកួតជើងទី ១ នឹងត្រូវចាត់ទុកជាមោឃៈ។ ប្រសិនបើអ៊ីរ៉ង់ឈរនៅចំណាត់ថ្នាក់ទី ២ ក្នុងពូលនោះ ១៤ គ្រាប់របស់ពួកគេដែលរកបានលើកម្ពុជានឹងគ្មានប្រសិទ្ធភាពក្នុងការរាប់ពិន្ទុនិងភាពខុសគ្នានៃក្រុមចំណាត់ថ្នាក់ទី ២ នៃក្រុមទាំងអស់នោះឡើយ។
វាជាការខកចិត្តលើកទី ២ សម្រាប់ដំណើររបស់ក្រុមជម្រើសជាតិអ៊ីរ៉ង់ធ្វើដំណើរទៅ 2022 FIFA World Cup 2022 ដែលខ្លួនជាប្រទេសមានកេរ្តិ៍ឈ្មោះមួយដែរក្នុងអាស៊ី បានបាត់បង់សិទ្ធិធ្វើជាម្ចាស់ផ្ទះនៃការប្រកួតរបស់ពួកគេ ដោយធ្វើដំណើរទៅប្រទេសប៉ារ៉ែន ជាមួយហុងកុង អ៊ីរ៉ាក់ និងកម្ពុជា។
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានសំរេចចិត្តផ្តោតសំខាន់លើរាល់ការប្រកួតជម្រុះក្នុងពូលដំបូង ៗ ប្រចាំទ្វីបអាស៊ីលេងក្នុងទឹកដីកណ្ដាល បន្ទាប់ពីបានរងការវាយប្រហាររបស់កូវីដ១៩ ជាងមួយឆ្នាំ និងពួកគេផ្តល់សិទ្ធិធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជម្រុះពូល C ឲ្យទៅបារ៉ែន។ បារ៉ែន និងអ៊ីរ៉ាក់គឺជាឆ្អឹងទទឹងកររបស់អ៊ីរ៉ង់ក្នុងវគ្កនេះ និងបានធ្វើឱ្យវឌ្ឍនភាពរបស់អ៊ីរ៉ង់ស្ថិតក្នុងគ្រោះថ្នាក់។ ក្រុមរបស់លោក Skocic បច្ចុប្បន្នស្ថិតនៅលេខ ៣ ក្នុងពូលដោយមាន ៦ ពិន្ទុនិងមានចំនួនប្រកួតតិចជាងគូប្រកួតទាំងអស់ក្នុងពូលមួយប្រកួត ដោយតាម៥ ពិន្ទុនៅពីក្រោយអ៊ីរ៉ាក់ ដែលឈរនៅលើកំពូលតារាង និង ៣ ពិន្ទុនៅពីក្រោយក្រុមបារ៉ែនដែលទទួលបានផលប្រយោជន៍អយុត្តិធម៌ក្នុងការធ្វើជាម្ចាស់ផ្ទះ។
គ្រូបង្វឹកសញ្ជាតិក្រូអាតលោក Dragan Skocic មានភារកិច្ចតែមួយគត់ដោយមិនអាចបង្វែរបាន គឺធ្វើយ៉ាងណាជួយ Persian Leopards ត្រូវតែឈ្នះរាល់ការប្រកួតដែលនៅសេសសល់របស់ពួកគេ ដើម្បីមានឱកាសចាប់យកកំពូលតារាង។ ក្រុមកំពូលតារាងចំនួន ៨ ក្នុងពូលទាំងអស់ និងក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ២ មានពិន្ទុខ្ពស់ជាងគេចំនួន ៤ គឺត្រូវឡើងពីវគ្គ ៣៩ ក្រុមនេះត្រូវឡើងទៅប្រកួតជម្រុះជុំទី៣និងយកកៅអីស្វ័យប្រវត្តិ AFC Asian Cup 2023 បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានដកខ្លួនចេញពីការប្រកួត។
អត្ថបទនេះប្រែសម្រួលពីវេបសាយ tehrantimes ដោយ Oan Saonat -Sport Journalist
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក