តាមក្បួនហុងស៊ុយ កាលដែលចង់អោយមានពរជ័យ និងលុយហូរចូលគឺមិនពិបាកនោះទេ អោយតែអ្នកព្យាយាមអនុវត្តទៅតាមវិធីដែលគេប្រាប់។ ត្បិតថានេះជាជំនឿដើម្បីបង្កើនប្រាក់ចំណូល តែលទ្ធផលដែលបានមកពីការជឿនេះ ក៏ល្អសម្រាប់សុខភាព និងការរស់នៅរបស់អ្នកផងដែរ ដូច្នេះជឿទៅលើរឿងបែបនេះមានតែផលល្អ គ្មានការខាតបង់អ្វីនោះទេ។
តោះបងៗ ប្រសិនបើចង់អោយលុយហូរចូលជាលំដាប់ ត្រូវចាប់ផ្តើមសម្អាត និងរៀបចំរបស់៥យ៉ាងនេះឡើងវិញ ដើម្បីបើករាសី ទទួលលាភជ័យធំៗ៖
១.រៀបចំកាបូបរបស់អ្នកឡើងវិញ៖ កាបូបគឺជាកន្លែងដែលមនុស្សម្នាក់ៗទុកលុយ កាត ATM កាតឥណទាន... ដូច្នេះហើយ វាក៏ជាបណ្តាញដែលលុយងាយខ្ជះខ្ជាយបំផុត។ និយាយតាមន័យធៀប កាបូបគឺគ្មានអ្វីក្រៅពីកញ្ចក់ឆ្លុះបញ្ចាំងពីទម្លាប់ចំណាយរបស់ម្ចាស់វានោះទេ។
បើអ្នកចង់ឲ្យលុយហូរចូលដូចទឹក អ្នកត្រូវរៀបចំកាបូបឲ្យមានរបៀបរៀបរយ។ ផ្នែកណាមានលុយកាក់ ផ្នែកណាមានលុយសេស។ អ្នកដែលមានកាបូបរញ៉េរញ៉ៃមានទំនោរចំណាយប្រាក់ដោយមិនប្រុងប្រយ័ត្ន។ ផ្ទុយទៅវិញ មនុស្សដែលមានកាបូបស្អាតជាមនុស្សដែលឱ្យតម្លៃប្រាក់ដែលខ្លួនខំរកមក។
២.លាងសម្អាតទូទឹកកកឱ្យបានទៀងទាត់៖ នៅពេលដែលទូរទឹកកកពោរពេញដោយអាហាររញ៉េរញ៉ៃ វានឹងពិបាកក្នុងការស្វែងរកអ្វីដែលអ្នកត្រូវការ។ វាអាចទៅរួចដែលអ្នកប្រហែលជាភ្លេចអំពីអាហារមួយចំនួន តែទម្រាំដល់ពេលគេរកឃើញវាបានខូចអស់ហើយ ដែលរឿងនេះបណ្តាលឱ្យខ្ជះខ្ជាយលុយយ៉ាងច្រើន។
៣.រៀបចំសៀវភៅសន្សំឡើងវិញ៖ ប្រសិនបើអ្នកបែងចែកលុយរបស់អ្នកទៅជាការសន្សំផ្សេងៗ នោះវាគឺជាការផ្លាស់ប្តូរដ៏ឆ្លាតវៃ។ មិនត្រឹមតែប៉ុណ្ណោះ វាជួយអ្នកមានលុយក្នុងពេលមានអាសន្ន និងតម្រូវការភ្លាមៗ ដោយមិនបាច់ពិបាកទៅខ្ចីលុយគេ ដើម្បីយកមកដោះស្រាយ។
ហើយប្រសិនបើអ្នកមិនមានបញ្ហាអ្វីនោះទេ ដូច្នេះលុយទាំងនោះនឹងក្លាយជាលុយសន្សំមួយផ្នែកដែលង្នកអាចយកទៅទិញ ឬ ប្រើការលើអ្វីដែលចាំបាច់ក្នុងជីវិតបាន។
៤.កែប្រែការចំណាយរបស់អ្នក៖ ការរក្សាកំណត់ត្រានៃការចំណាយរបស់អ្នក គឺជាទម្លាប់ដ៏ល្អមួយ ដែលអ្នកពិតជាគួររក្សា។ ដូច្នេះអ្នកដឹងពីកម្រិតចំណាយរបស់អ្នក ក៏ដូចជាចំនួនលុយដែលនៅសល់ក្នុងគណនីរបស់អ្នក។ ធ្វើបែបនេះអ្នកនឹងអាចដឹងថាខ្លួនចំណាយអស់ប៉ុន្មាន និងទៅលើអ្វីខ្លះ? វាក៏ជួយក្នុងការទប់ចិត្តសម្រាប់ការចំណាយមិនចាំបាច់ផងដែរ។
៥.រៀបចំផ្ទះឡើងវិញ៖ ការក្រឡេកមើលផ្ទះរបស់មនុស្ស អ្នកអាចវិនិច្ឆ័យផ្នែកខ្លះនៃបុគ្គលិកលក្ខណៈ ទម្លាប់ និងរបៀបរស់នៅរបស់មនុស្សនោះ។
លើសពីនេះទៀត យើងក៏ត្រូវដឹងពីអាកប្បកិរិយារបស់មនុស្សនោះចំពោះលុយផងដែរ។ គ្រួសារដែលចេះទិញរបស់ដែលខ្លួនត្រូវការ ហើយមិនខ្ជះខ្ជាយនឹងបានរីកចម្រើនឡើង រីឯផ្ទះក៏មិនមានរបស់របរទុកចោលរញ៉េរញ៉ៃនោះដែរ៕