ភាពចាស់ទុំមិនមែនសម្ដៅទៅលើតួលេខនៃអាយុរបស់មនុស្សម្នាក់ៗឡើយ ផ្ទុយទៅវិញ គឺវាស្ថិតនៅលើបុគ្គលិកលក្ខណៈ អត្តចរិត និងការប្រើប្រាស់ជីវិតសព្វថ្ងៃរបស់យើង។ តើសម្រាប់អ្នក អ្នកក្លាយជាមនុស្សដែលមានភាពចាស់ទុំហើយឬនៅ? អាននូវចំណុចទាំង១៤ខាងក្រោមនេះ តើពេលនេះ អ្នកមានប៉ុន្មានចំណុចដែរ?
មនុស្សស្រីមានភាពចាស់ទុំគ្រប់គ្រាន់ នៅពេលដែល ៖
១- នាងចេះយកចិត្តទុកដាក់ និងខ្វល់ចំពោះខ្លួនឯង ច្រើនជាងការដែលនាងទៅចំណាយពេលនិយាយ ឬចេះដឹងរឿងអ្នកដទៃ។
២- នាងមានចិត្តទូលាយ ផ្ដល់ឱ្យដោយមិនគិតការតបស្នង សំខាន់ គឺទឹកចិត្តចែករំលែកដល់មនុស្សជុំវិញខ្លួន។
៣- នាងមានភាពអត់ធ្មត់ ប្រកបដោយបញ្ញាស្មារតីល្អ នៅពេលដែលជួបនឹងឧបសគ្គ ឬមនុស្សដែលពិបាកនិយាយគ្នា។
៤- ពេលមានបញ្ហា នាងតែរក្សាភាពស្ងៀមស្ងាត់ច្រើនជាងការស្រែកឡូឡា រករឿងដោយគ្មានហេតុផល។
៥- នាងឆ្លើយតបជាមួយនឹងភាសាកុហករបស់មនុស្សក្បែរខ្លួនទាំងពាក្យសម្ដី និងកាយវិការ ដោយស្នាមញញឹម។
៦- នាងមានការគោរពចំពោះអ្នកដទៃ តែក៏មិនភ្លេចក្នុងការរក្សាតម្លៃនៃខ្លួនឯងដែរ។
៧- នាងអាចចេញក្រៅញុំាអី ឬដើរផ្សារ ទៅណាមកណាដោយខ្លួនឯង អាចមើលថែខ្លួនឯងបាន ដោយមិនខ្វល់ថាមានអ្នកទៅជាមួយ ឬក៏អត់ សំខាន់ នាងអាចផ្ដល់ឱ្យខ្លួនឯងនូវតម្រូវការ ដែលនាងចង់បាន ដោយមិនរំខានអ្នកដទៃ។
៨- លែងខឹង លែងអន់ចិត្តជាមួយនឹងរឿងផ្សេងៗ និងមនុស្សមួយចំនួន ព្រោះនាងដឹងថា ការខឹង ឬអន់ចិត្ត គឺចំណាយពេលចោលអត់ប្រយោជន៍ គ្មានបានអ្វីមកវិញទេ។
៩- ពេលខឹង ឬមាននរណាធ្វើឱ្យនាងមិនពេញចិត្ត ធ្វើឱ្យទើសចិត្តនាង នាងលែងរអ៊ូរទាំ ត្អូញត្អែរ ដើម្បីតម្លង់គេ ឬចង់គេចាប់អារម្មណ៍នឹងនាងទៀតហើយ។ ផ្ទុយទៅវិញ នាងនឹងរក្សាភាពស្ងៀមស្ងាត់បំផុត ទុកឱ្យអ្នកដែលនៅក្បែរនោះ ស្វែងរកកំហុសដោយខ្លួនគេ។
១០- នាងលែងរារែកក្នុងការសម្រេចចិត្ត ឬធ្វើអ្វី ដោយការសាំញុំា តែនាងនឹងធ្វើការសម្រេចចិត្តោយល្អិតល្អន់បំផុត។
១១- នាងលែងខ្វល់ថាអ្នកណានៅក្បែរ អ្នកណាឱ្យតម្លៃនាងឬក៏អត់ទៀតហើយ សំខាន់ គឺនាងមានតម្លៃគ្រប់គ្រាន់ និងគុណសម្បត្តិផ្ទាល់ខ្លួនរបស់នាង។
១២- នាងមានចិត្តទូលាយ មិនខឹង មិនគុំកួនទុក តែនាងនឹងអត់ឱន អធ្យាស្រ័យ ដោយក្ដីមេត្តា និងជួយកែលំអដល់គេវិញ។
១៣- មិនថាការងារលំបាក ឬធ្ងន់ប៉ុនណាទេ សំខាន់បើមនុស្សប្រុសធ្វើបាន នាងក៏អាចធ្វើបានដូចគ្នា។
១៤- នាងលែងផ្ដោតអារម្មណ៍ ឬដេញតាមស្នេហាទៀតហើយ តែនាងនឹងផ្ដោតតែលើកិច្ចការងាររបស់នាងជាគោល ស្នេហាគ្រាន់តែជាជើងក្រោយតែប៉ុណ្ណោះ ...៕
អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុកសូមរក្សាសិទ្ធិ