នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ចេញបញ្ជីឈ្មោះជាផ្លូវការនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដើម្បីត្រៀមការប្រកួតជម្រុះជុំទី២ ពូលC នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលលោក (FIFA World Cup Qatar 2022) ចំនួន៣ប្រកួតចុងក្រោយ ពីថ្ងៃទី៣ខែមិថុនា ឆ្នាំ២០២១តទៅ។
ក្នុងបញ្ជីឈ្មោះនេះមានកីឡាករថ្មីបំផុតមួយចំនួនជាប់ឈ្មោះខណៈកីឡាករចាស់មួយចំនួនគ្មានឈ្មោះក្នុងបញ្ជីនេះទេ។ កីឡាកររបស់ក្លិបខេត្តព្រៃវែងចំនួន៤នាក់មានឈ្មោះក្នុងបញ្ជីចម្រើសជាតិលើកដំបូងបំផុតគឺ ឡេង ណូរ៉ា ស រតនា ញឹម លីហួរ និងខ្សែប្រយុទ្ធវុធ តុលា ខណៈខ្សែប្រយុទ្ធបឹងកេត ម៉ាត់ នូរុណមានឈ្មោះឡើងវិញបន្ទាប់ពីខកខានរយៈពេល៣ឆ្នាំ។
ខ្សែបម្រើប្រយុទ្ធភ្នំពេញក្រោន លឹម ពិសុទ្ធ មានឈ្មោះក្នុងឈុតដំលើកដំបូងក្នុងបញ្ជីនេះ បន្ទាប់ពីធ្លាប់ជាប់ឈុតយុវជនសឹងតែគ្រប់លំដាប់ថ្នាក់។ សល់ពីនេះគឺជាកីឡាករធ្លាប់ជម្រើសជាតិនិងបទពិសោធន៍ក្រាស់ក្រែលដែលអាចជួយយឹតយោងក្មេងៗបានហើយដូចជា គួច ដានី គួច សុគុម្ភៈ សុះ ស៊ូហាណា ប្រាក់ មុន្នីឧត្តម...។
នេះជាការប្រកួតបង្គ្រប់កិច្ចចុងក្រោយរបស់កម្ពុជា ដោយត្រូវធ្លាក់ចេញពីការប្រកួតត្រឹមជុំទី២នៃពូល Cនេះហើយ ដោយសារឆ្លងកាត់៥ប្រកួតកន្លងទៅ ក្នុងពូល C នេះ គឺក្រុមកម្ពុជាស្មើ១ប្រកួតជាមួយក្រុមហុងកុង ១-១ និងចាញ់៤ប្រកួត ដោយក្រុមកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ៥បណ្តោះអាសន្ន ក្នុងចំណោម៥ក្រុមនៃពូលC ដែលមានអ៊ីរ៉ាក់ ដែលកំពុងឈរលេខ១បណ្តោះអាសន្ន, បារ៉ែន លេខ២, អ៊ីរ៉ង់ លេខ៣ ហុងកុង លេខ៤ និងកម្ពុជា លេខ៥៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក