អតីតប្រធានក្រុមជម្រើសជាតិអេក្វាឌ័រនិង Manchester United លោក Antonio Valencia បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់អាជីពហើយ កាលពីថ្ងៃពុធម្សិលមិញ។
អតីតកីឡាករវ័យ៣៥ឆ្នាំរូបនេះប្រកបអាជីពបាល់ទាត់ចុងក្រោយនៅក្លិប Queretaro នៃលីគកំពូលមិកស៊ិកហើយគាត់មិនសូវបានលេងនោះទេដោយសារបញ្ហារបួសជើងរ៉ាំរ៉ៃអស់ពេលដ៏យូរមកហើយ។ គាត់បានសរសេរក្នុងគណនី Twitter របស់គាត់ថា៖
"ទៅកាន់អ្នកគាំទ្រ Manchester United! “ នៅពេលខ្ញុំមានអាយុ ១៤ ឆ្នាំខ្ញុំបានចាកចេញពីក្រុមគ្រួសារ ភូមិខ្ញុំ និងក្រុមបាល់ទាត់ដំបូង ដើម្បីធ្វើដំណើរទៅរដ្ឋធានីនៃប្រទេសរបស់ខ្ញុំ។ ខ្ញុំបានធ្វើដំណើរជាមួយអារម្មណ៍ស្រងាកចិត្តជាច្រើន ប៉ុន្តែពោរពេញដោយក្តីសង្ឃឹម"។
To Manchester United fans 🔴👇🏽 pic.twitter.com/0HKWscZO9F
— Antonio Valencia (@anto_v25) May 12, 2021
"ប៉ុន្មានឆ្នាំក្រោយមកខ្ញុំអាចធ្វើដំណើរទៅអឺរ៉ុប ជាអ្វីដែលខ្ញុំមិនដែលនឹកស្មានដល់។ ខ្ញុំបានលេងនៅប្រទេសអេស្ប៉ាញ ហើយបន្ទាប់មកបានមកដល់ផ្ទះទីពីររបស់ខ្ញុំគឺប្រទេសអង់គ្លេស។ Wigan គឺជាបទពិសោធន៍ពិសេសមួយ ហើយបន្ទាប់មកព្រះបានផ្តល់ឱ្យខ្ញុំនូវឱកាសដើម្បីចូលរួមជាមួយ Manchester United ។ ខ្ញុំនឹងមិនភ្លេចអ្វីគ្រប់យ៉ាងដែលខ្ញុំបានជួបប្រទះនៅ Old Trafford ។ ខ្ញុំនឹងមិនដែលភ្លេចរាល់គ្រាប់បាល់ រាល់ពានរង្វាន់ និងអ្នកគាំទ្រដ៏អស្ចារ្យ"។
“ ខ្ញុំមិនបានគិតថាពេលនេះនឹងមកដល់ឆាប់ៗនេះទេ ប៉ុន្តែរាងកាយរបស់ខ្ញុំបានស្នើសុំអោយខ្ញុំធ្វើការសំរេចចិត្តនេះ។ ខ្ញុំកំពុងប្រកាសចូលនិវត្តន៍ពីបាល់ទាត់។ ខ្ញុំចង់អរគុណដល់អ្នករាល់គ្នា ដែលបានចូលរួមក្នុងអាជីព និងជីវិតរបស់ខ្ញុំ។ ព្រះជាកន្លែងដំបូងដែលតែងតែប្រទានពរដល់ខ្ញុំ។ Zoila និងកូនស្រីរបស់ខ្ញុំឈ្មោះDomenik ដែលជាសសរទ្រូងនៃជីវិតរបស់ខ្ញុំ។ ឪពុកម្តាយរបស់ខ្ញុំ ដែលបានផ្តល់ឱ្យខ្ញុំយ៉ាងច្រើន។ ជូនចំពោះអ្នកគាំទ្រនៃប្រទេសទាំងអស់ដែលខ្ញុំធ្លាប់បានលេង។ ខ្ញុំតែងតែព្យាយាមឱ្យអស់ពីសមត្ថភាព។ សូមអរគុណចំពោះការស្រឡាញ់និងការគាំទ្ររបស់អ្នក។ ”
កីឡាករជម្រើសជាតិអេក្វាឌ័របានចុះហត្ថលេខាជាមួយ Man Utd ក្នុងឆ្នាំ ២០០៩ពីក្លិប Wigan Athletics និងបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួន ២ គឺ FA Cup ២ដង League Cup ២ដង Community Shields ៣ដង និង Europa League ម្ដង។
Valencia បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់លោក Sir Matt Busby Player of the Year និងជាកីឡាករឆ្នើមប្រចាំឆ្នាំក្នុងរដូវកាល ២០១១/១២ ។ គាត់ក៏ទទួលបានពានរង្វាន់មួយនេះចុងក្រោយនៅក្នុងឆ្នាំ 2016/17 ដែលឆ្លុះបញ្ចាំងពីប្រជាប្រិយភាពរបស់គាត់។
Antonio ពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានធ្វើជាប្រធានក្រុម United នៅវគ្គផ្តាច់ព្រ័ត្រ Europa League 2017 ដ៏ជោគជ័យរបស់បិសាចក្រហមលើក្រុម Ajax ហើយបានក្លាយជាប្រធានក្លឹបផ្លូវការ នៅពេលដែល Wayne Rooney បានចាកចេញនៅរដូវក្តៅនោះ។
Valencia ត្រូវបានគេស្គាល់និងជាទីស្រលាញ់របស់អ្នកគាំទ្រ ហើយនៅទីបំផុតបានចាកចេញពី United នៅថ្ងៃនេះក្នុងឆ្នាំ ២០១៩ ជាមួយនឹងការបង្ហាញខ្លួនចំនួន ៣៣៩ លើកនិង ២៥ គ្រាប់សំរាប់ឈ្មោះរបស់គាត់នៅ Man Utd បូករួមទាំងការស្រលាញ់និងការគោរពពីសំណាក់អ្នកគាំទ្ររបស់ United ជុំវិញពិភពលោក។ គាត់បានត្រលប់ទៅលេងនៅក្លិប LDU Quito ក្នុងប្រទេសអេក្វាឌ័រ ហើយឥឡូវនេះគាត់បានបញ្ចប់អាជីពរបស់គាត់ជាមួយក្រុមម៉ិកស៊ិក Queretaro ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក