#ការទំនាក់ទំនងគ្នា
សម្រាប់ខ្ញុំ ទំនាក់ទំនងនេះ គឺជារឿងសំខាន់ដែលខ្ញុំត្រូវគិតដល់មុនគេ។ ពិតណាស់ តាំងពីដើមមក ខ្ញុំគឺជាមនុស្សខ្សោយបំផុតរឿងទំនាក់ទំនងនេះឯង ពោលគឺខ្ញុំមានភាពភ័យខ្លាច ការស្លុតអារម្មណ៍នៅពេលដែលជួបនឹងនរណាម្នាក់ដែលគេមានឥទ្ធិពលឬមានអំណាច។ នៅពេលដែលខ្ញុំឡើងនិយាយលើវេទិកាសាធារណៈ គឺនិយាយមិនកើតតែម្ដង រកនឹកមិនឃើញ មុខឡើងក្រហម ញ័រជើងដៃអស់ហើយ គឺជាមនុស្សហ្សេរ៉ូតែម្ដង។
ការណ៍ទាំងនេះហើយ បានធ្វើឱ្យខ្ញុំឈឺចាប់ ខឹងខ្លួនឯង តូចចិត្ដនឹងខ្លួនឯង។ ជារៀងរាល់ដង នៅពេលណាដែលខ្ញុំឡើងនិយាយលើវេទិកា ខ្ញុំតែងយំស្រក់ទឹកភ្នែក ហើយចាប់ផ្ដើមស្លេកស្លាំង បាត់អស់ភាពម្ចាស់ការ បាត់ចំណេះដឹងដែលធ្លាប់មាននៅក្នុងខ្លួន ហើយសភាពបែបនេះបានកើតឡើងជារឿយៗមកលើរូបខ្ញុំ។ លុះពេលក្រោយៗមក ខ្ញុំសម្រេចចិត្ដនិងតាំងចិត្ដមុតមាំថា ខ្ញុំត្រូវតែយកឈ្នះលើរឿងទាំងនេះឱ្យបានក្នុងជីវិតខ្ញុំ។
ខ្ញុំជឿលើទស្សនៈមួយបានពោលថា “អ្វីដែលជាភាពភ័យព្រួយ ឬការព្រួយបារម្ភ វាជាធាតុផ្សំដែលនឹងធ្វើឱ្យយើងមានជំនាញទៅលើវានោះបាន គឺកើតពីការតាំងចិត្ដ តស៊ូ ទទូចធ្វើវាដោយមិនបោះបង់”។ ពេលក្រោយមក ខ្ញុំក៏អាចធ្វើបានពិតប្រាកដមែន គឺខ្ញុំអាចនិយាយជាសាធារណៈបាន មានភាពអង់អាចក្លាហាន មានទំនាក់ទំនងជាមួយមនុស្សទូទៅបានគ្រប់កម្រិត ហើយថែមទាំងអាចឡើងនិយាយដើម្បីចែករំលែកចំណេះដឹង និងណែនាំដល់អ្នកដទៃបានថែមទៀតផង។
ចំពោះខ្ញុំ ខ្ញុំមានភ័ព្វសំណាងណាស់ ព្រោះកាលខ្ញុំរៀននៅអាមេរិក សាលាបានអញ្ជើញវាគ្មិននានាមកនិយាយពីបញ្ហាផ្សេងៗ ចែកជូនដល់សិស្សានុសិស្សស្តាប់។ ខ្ញុំស្តាប់គេយូរៗទៅក៏បែកគំនិត យល់ដឹងពីចំណេះដឹងជំនាញវិជ្ជាជីវៈ ពិសេសយល់ដឹងពីទំនាក់ទំនងជាលក្ខណៈឯកជន និងលក្ខណៈសាធារណៈថែមទៀតផង។ ការណ៍ទាំងនេះហើយ ជាហេតុផលមួយនៅពេលដែលខ្ញុំទើបមកធ្វើការនៅស្រុកខ្មែរ ខ្ញុំអាចយកជំនាញដែលខ្ញុំបានចេះដឹងនោះយកមកប្រើប្រាស់បានជាប្រយោជន៍រួម ហើយអាចនាំមកនូវការសរសើរ និងអាចជួយឱ្យអាជីវកម្មខ្ញុំជោគជ័យដូចប្អូនៗឃើញនាពេលបច្ចុប្បន្ននេះស្រាប់។
មែនទែនទៅ តាមទម្លាប់ខ្ញុំ ការសុំស្គាល់គេឬចង់មានទំនាក់ទំនងជាមួយមនុស្សទូទៅ យើងត្រូវធ្វើខ្លួនសមរម្យ យើងដាក់ខ្លួនទៅទាក់ទងគេមុន គឺមានន័យថា យើងជាមនុស្សចេះគួរសម ចេះបន្ទាបខ្លួន និងងាយស្រួលក្នុងការបង្កើតទំនាក់ទំនងជាមួយនឹងគេជាដើម។ មនុស្សដែលអាចដាក់ខ្លួនទៅទាក់ទងគេមុន គឺមិនសូវមានច្រើនទេនៅក្នុងសង្គមបច្ចុប្បន្ន ប៉ុន្តែបើមានជាទូទៅអាចសង្កេតឃើញថា បុគ្គលម្នាក់ហ្នឹងគឺជាមនុស្សដែលជោគជ័យ ព្រោះគេជាមនុស្សដែលរួសរាយ មានប្រជាប្រិយភាព និងគួរឱ្យចង់រាប់អាន ឬចង់រកស៊ីជាមួយ។ បុគ្គលប្រភេទនេះ ភាគច្រើនមានអនាគតជោគជ័យក្នុងជីវិត។
តាមបទពិសោធនិងទស្សនៈខ្ញុំ ការធ្វើអ្វីមួយ គេច្រើនវិនិយោគទុនសម្រាប់ថ្ងៃអនាគត វិនិយោគទុនទៅលើយុវជន វិនិយោគទុនក្នុងការរាប់អានមិត្ដភាព។ មិត្ដភាពអាចកើតមានបានគឺដោយការមានទំនាក់ទំនងល្អរវាងគ្នានិងគ្នា។
ចំពោះទំនាក់ទំនងនេះ បើកាលណាស្គាល់គ្នាម្ដងហើយ គឺត្រូវចងចាំគ្នាជានិច្ច បើបានចាប់ដៃអ្នកណាម្នាក់ម្ដងហើយ គឺត្រូវស្គាល់អ្នកនោះ ហើយបើបានមើលមុខអ្នកណាម្ដងហើយ គឺត្រូវចងចាំអ្នកនោះ ពោលគឺមិនងាយនឹងរលុបបាត់នោះទេ ចំណុចនេះគេហៅថា ទំនាក់ទំនងល្អ ។ ដោយឡែក ចំណុចដែលគួរចៀសវាង កុំបង្កឱ្យគេមានអារម្មណ៍ថា យើងនិយាយច្រើនតែអត់ន័យ តាប៉ែពេញហ្នឹង ពោលគឺគិតតែដាក់ខ្លួន ត្អូញត្អែរ រញ៉េរញ៉ៃ ទំនាក់ទំនងបែបនេះ អាចនាំឱ្យបាត់បង់មិត្តភាពទៅវិញទេ។
ចំពោះខ្ញុំ ទំនាក់ទំនងល្អ គឺត្រូវចេះទាក់ទងគេក្នុងនាមមួយជាមិត្ដភក្ដិ ក្នុងឋានៈស្មើគ្នា រាប់អានគ្នា និងចែករំលែកបទពិសោធ ចំណេះដឹងគ្នាទៅវិញទៅមក និងមានឥរិយាបថថ្លៃថ្នូរ។ ជាពិសេសនោះ សូមកុំរាប់អានគ្នាដោយសារតែលុយកាក់ ទ្រព្យសម្បត្តិ និងយសស័ក្ដិ ព្រោះយូរឬឆាប់នឹងសម្លាប់មិត្តភាព៕
#ដកស្រង់ប្រសាសន៍លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដោយក្រុមការងារ MJQUP