ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី! សូមបងប្អូនកុំមានមោទកភាពនឹងស្រាបៀរពេក

#ប្រទេសខ្ញុំ_ស្រាបៀរខ្ញុំ

មានពេលខ្លះ ខ្ញុំកំពុងតែដើរៗ ក៏ឮដោយចៃដន្យនូវសូរសព្ទសន្ទនាបែបកំប្លែងលេងរបស់យុវជនទៀតថា “ប្រទេសខ្ញុំ ស្រាបៀរខ្ញុំ” ។ ពួកគេជល់​កែវស្រែកហ៊ោគិល។ បើមិនទាន់បានជល់ គេគាស់យឺតៗរករង្វាន់ ដើម្បីបានផឹកឱ្យកាន់តែច្រើនឡើងៗ…។ ដោយសារតែកូនខ្មែរស្នេហានិងមានមោទនភាពនឹងស្រាបៀរបេះដូងខ្មែរជ្រុលពេកទៅ ធ្វើឱ្យពួកគាត់វិលវល់ក្នុងសង្គមផឹកស៊ី ដែលបញ្ហានេះបានធ្វើឱ្យពួកគាត់ខូចសុខភាព ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ប្រើអំពើហិង្សាក្នុងគ្រួសារ ប្ដីវ៉ៃប្រពន្ធ ប្រពន្ធជេរប្ដី គ្រួសារបាក់បែកឬខ្វះភាពកក់ក្ដៅ កូនចៅខ្ជាត់ព្រាត់ និងបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ដល់ថ្នាក់បាត់បង់អាយុជីវិតរាល់ថ្ងៃ។ ពោល ជនជាតិខ្មែរ ពិសេសយុវជនពេញកម្លាំងដែលអាចជាស្នូលសង្គមជាតិ បែរក្លាយខ្លួនជាជនប្រមឹក ដុះក្បាលពោះកំពីងៗ និងស្លាប់ខ្លួនតាមដងផ្លូវយ៉ាងឥតន័យខ្លឹមសារ។ សួរថា បើស្លាប់ចោលប្រពន្ធកូន តើប្រពន្ធកូនបាននរណាមើលថែ? បាននរណាចិញ្ចឹម? បាននរណាខ្វាយខ្វល់? បើប្រពន្ធមានប្ដីថ្មី ប៉ះចំអ្នកផឹកស្រវឹងខួប ស្រវឹងអួទីនួ ចិត្តមិនបានឬចិត្តមិនសប្បុរសនឹងកូនយើង កូនយើងច្បាស់ជាវេទនាមិនខានទេ។

155835562_4132759930102768_7387329103106292388_o

ប្រទេសណាក៏គេផលិតស្រាដែរ តែគេមិនផ្សព្វផ្សាយបែបអនាធិបតេយ្យឬផ្សាព្វផ្សាយទូលំទូលាយជ្រុលនិយមដូចប្រទេសយើងពេកទេ។ ប្រជាជនប្រទេសណាក៏គេផឹកស្រាដែរ តែគេមិនផឹកយកស្លាប់រស់ដូចប្រជាជនខ្មែរយើងមួយចំនួនអ៊ីចឹងទេ។ គេផឹកតិចៗ ដើម្បីទំនាក់ទំនង និងជជែកគ្នាអំពីការងារនិងរឿងរកស៊ី។ ប៉ុន្តែខ្មែរយើងខ្លះ ពួកគាត់ផឹកយកឈ្នះចាញ់ ផឹកទាល់តែគេសែង ផឹកទាល់តែរលេះរលួយគ្រឿងក្នុងឬរលួយថ្លើមជា​ដើម។ និយាយរួមទៅ ប្រជាជនខ្មែរភាគច្រើនផឹកអត់ចំណេញដូចសាសន៍គេដទៃទេ ពួកគាត់ផឹកធ្វើបាបតែខ្លួនឯង គ្រួសារ និងសង្គមជាតិ។

ដូច្នេះ សូមបងប្អូនប្រជាជានខ្មែរកុំមានមោទនភាពនឹងស្រាបៀរខ្លាំងពេក។ ការចូលរួមផឹកស៊ីរបស់បងប្អូន ហាក់ដូចជួយធ្វើការផ្សព្វផ្សាយអំពីស្រាបៀរនៅតាមទីសាធារណៈដូច្នោះដែរ។ បើទីសាធារណៈសម្បូរទៅដោយអ្នកផឹកស៊ី អ្នកលក់ចេះតែកើន ហើយតាមកញ្ចក់ទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយនានា នឹងរឹតតែផ្សាយ ព្រោះលុយសំខាន់ជាងអ្វីៗទាំងអស់។ ជួសឱ្យការផ្សព្វផ្សាយអំពីគ្រឿងស្រវឹងដោយមិនដឹងខ្លួនឬដោយចេតនា យើងគួរលើកស្ទួយនិងគាំទ្រាការផ្សព្វផ្សាយអំពីការថែទាំសុខភាពនិងការអប់រំឱ្យបានសស្រាក់សស្រាំបំផុត៕

157846968_4146367898741971_1630081341653836076_o

#MenglyJQuach #MJQUPTeam