ដោយសារតែមេរោគកូវីដ១៩រាតត្បាត បានបណ្ដាលឱ្យមានការបិទសាលារៀន ហើយបច្ចុប្បន្ននេះ ឪពុកម្ដាយត្រូវប្រឈមនឹងបរិយាកាសសិក្សាថ្មីរបស់កូនៗពួកគេ នោះគឺការផ្លាស់ប្តូរបរិយាកាសសិក្សាពីក្នុងថ្នាក់រៀនទៅសិក្សាពីចម្ងាយនៅតាមផ្ទះវិញម្ដង។
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី អ្នកជំនាញអប់រំ វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ សហគ្រិន និងជាសប្បុរសជនដែលមានទឹកចិត្តស្នេហាជាតិផងនោះបានលើកឡើងថា ការប្រើប្រាស់អ៊ីនធឺណិតមានអត្ថប្រយោជន៍ណាស់ ជាពិសេសក្នុងបរិបទមេរោគរាតត្បាតសាកល ប៉ុន្តែគ្រោះថ្នាក់អាថ៌កំបាំងនឹងប៉ះទង្គិចដល់កុមារ នៅពេលដែលពួកគេបានឃើញរូបភាពអាសអាភាសផ្សេងៗ។
«ឪពុកម្ដាយមួយចំនួនមានមោទកភាពដែលកូនៗរបស់ពួកគេបានដឹងពីរបៀបប្រើប្រាស់ស្មាតហ្វូន ដូចជាអាចបើកវីដេអូមើលបាន និងចេះប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាជាដើម។
មិនតែប៉ុណ្ណោះ ឪពុកម្ដាយខ្លះទៀត នៅពេលដែលពួកគាត់រវល់នឹងកិច្ចការ ពួកគាត់បានបង្កើតទម្លាប់ទុកទូរសព្ទដៃនៅជាមួយកូនៗ ដើម្បីពួកគាត់អាចធ្វើកិច្ចការនោះដោយគ្មានការរំខានពីកូន ដែលនេះជាការខុសឆ្គងរបស់ឪពុកម្ដាយ។» លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ដូច្នេះ។
យោងតាមលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ឪពុកម្ដាយភាគច្រើនហាក់មិនបានដឹងថា តាមរយៈការឱ្យស្មានហ្វូនទៅកូនលេង គឺអាចធ្វើឱ្យកូនៗពួកគេឃើញរឿងមិនល្អជាច្រើន។
លោកឧកញ៉ា វេជ្ជបណ្ឌិត បន្ថែមថា សន្ទុះនៃការរីកចម្រើនខាងបច្ចេកវិទ្យានៅកម្ពុជាកំពុងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សង្គមកម្ពុជា។
«វ៉ាយហ្វាយ ស្មាតហ្វូន និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗជាច្រើនទៀត ពិតជាបានផ្ដល់ផលប៉ះពាល់ជាអវិជ្ជមានមិនត្រឹមតែដល់កុមារតូចប៉ុណ្ណោះទេ ប៉ុន្តែគឺដល់ប្រទេសជាតិទាំងមូលតែម្ដង។
ក្នុងប្រទេសនីមួយៗ គេសុទ្ធតែមានអ្នកត្រួតពិនិត្យនិងតម្រង់ទិសឪពុកម្ដាយ ដើម្បីគ្រប់គ្រងការប្រើប្រាស់អ៊ីនធឺណិតកូនៗរបស់ពួកគេ។ ទោះជាយ៉ាងណាក្តី នៅកម្ពុជា ឪពុកម្តាយភាគច្រើនមិនបានដឹងអំពីរឿងនេះទេ។» លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍បន្ថែមទៀតយ៉ាងដូច្នេះ។
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ទៀតថា នៅពេលដែលឪពុកម្ដាយបានឃើញកូនៗរបស់ពួកគាត់ប្រើប្រាស់ស្មាតហ្វូន រួមទាំងស្វែងរកគេហទំព័រផ្សេងៗដទៃផង ពួកគាត់មានមោទកភាព ហើយនិយាយថា កូនៗពួកគាត់ឆ្លាតៗណាស់។
លោកឧកញ៉ា វេជ្ជបណ្ឌិត មានប្រសាសន៍ថា «ឪពុកម្ដាយមិនទាំងដឹងពីអាសយដ្ឋានឌីជីថល ដែលកូនៗពួកគាត់កំពុងមើលនោះផង។ សម្រាប់ឪពុកម្ដាយមួយចំនួន នៅពេលដែលកូនៗពួកគាត់អាចប្រើប្រាស់ដោយខ្លួនឯងបាន ពួកគាត់យល់ថា គឺជាលទ្ធផលល្អសមស្របមួយរួចស្រេចទៅហើយ។ តាមការពិតពុំគួរបណ្ដោយបែបនេះឡើយ ដូច្នេះបញ្ហានេះវាគួរតែកែតម្រូវឡើងវិញ។»
អ្នកជំនាញខាងអប់រំដដែល មានយោបល់ថា ឪពុកម្ដាយគួរតែមានការយល់ដឹងឱ្យបានពេញលេញអំពីផលប៉ះពាល់នៃការប្រើប្រាស់ស្មាតហ្វូន និងផលវិបាករបស់វា។
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បញ្ជាក់ថា ពិតជាសំខាន់ខ្លាំងណាស់ ដែលឪពុកម្ដាយត្រូវការយល់ដឹងពីការប្រើប្រាស់ស្មាតហ្វូនដែលសមស្រប ព្រោះថាការប្រើប្រាស់ស្មាតហ្វូនមិនត្រឹមត្រូវអាចបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរជាច្រើនទេ ជាពិសេសនៅពេលដែលកុមារមិនមានការបង្រៀន និងណែនាំពីការប្រើប្រាស់ត្រឹមត្រូវ ហើយពួកគេអាចក្លាយជាជនរងគ្រោះនៃរូបភាពអាសអាភាស ដែលជាទូទៅមាននៅតាមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍។
ក្រៅពីគ្រោះថ្នាក់នៃរូបអាសអាភាសទាំងនោះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បន្តថា គុណតម្លៃនិងការអភិវឌ្ឍផ្លូវចិត្តកុមារក៏រងផលប៉ះពាល់ផងដែរ គឺដោយសារការឆាប់ប៉ះពាល់ឧបករណ៍បច្ចេកវិទ្យានិងការប្រើប្រាស់អ៊ីនធឺណិត។
«រាល់ការលាតត្រដាងរូបភាពនិងវីដេអូរសើបទាំងអស់ពីក្នុងអ៊ីនធឺណិត ពិសេសក្នុងបណ្ដាញសង្គម គឺប៉ះពាល់ដល់ផ្លូវអារម្មណ៍កុមាររហូតដល់ពួកគេធំឡើង។
ពួកគេនឹងមិនសូវមានអារម្មណ៍រំជួលចិត្តទេ នៅពេលដែលពួកគេបានឃើញនរណាម្នាក់ត្រូវបានគេសម្លាប់ ជំនួសពីការជួយសង្គ្រោះ ពួកគេបែរជាថតវីដេអូនិងថតរូបទៅវិញ ព្រោះថាសកម្មភាពទាំងអស់នោះ ពួកគេសុទ្ធតែបានឃើញនៅលើបណ្ដាញសង្គមរួចទៅហើយ។»
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) មានការព្រួយបារម្ភ និងប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសក្នុងបណ្ដាញផ្ទុករូបភាពនិងវីដេអូមិនសមរម្យត្រូវបានបិទចោលទាំងស្រុង។
«យើងមានក្រុមព័ត៌មានវិទ្យាដ៏ពូកែ។ យើងបានបិទគេហទំព័រដែលមិនសមរម្យ ដូចជាគេហទំព័រអាសអាភាស សូម្បីគេហទំព័រហ្គេមក៏ត្រូវបានបិទចោលទាំងស្រុងដែរ។
ប្រសិនបើក្មេងៗលេងហ្គេមភ្ជាប់តាមអ៊ីនធឺណិត ឬចូលគេហទំព័រដែលមិនសមរម្យ អាចចូលលេងបានតែនៅផ្ទះរបស់ពួកគេប៉ុណ្ណោះ តែនៅទីនេះគឺគ្មាននោះទេ។» នេះជាការពន្យល់បន្ថែមរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។
ម្យ៉ាងទៀត នៅសាលារៀន អន្តរទ្វីប អាមេរិកាំង មានការចាប់រឹបអូសស្មាតហ្វូននិងឧបករណ៍បច្ចេកវិទ្យាផ្សេងទៀតរយៈពេលមួយខែ ប្រសិនណាពួកគេប្រើប្រាស់អ្វីដែលសាលារៀនបានហាមឃាត់៕
ប្រភព៖ www.interconrooster.com