សព្វថ្ងៃនេះ កម្មវិធី Startup កើតមានច្រើនមែនទែន។ ទៅណាក៏អាចឃើញអ្នកផ្តួចផ្តើមបង្កើតកម្មវិធី នេះដែរ។ ប៉ុន្តែកម្រឃើញ អាប់(Up) ហើយ ហ្គូអ៊ីង(Going)បន្តទៅមុខណាស់។ ឃើញតែ Startup ហើយក៏ ដាយ(Die) ។ ពោល Startup បានតែមួយរយៈពេលខ្លីក៏បាត់មុខតែម្តង។ ហើយក្រុមហ៊ុនធំៗខ្លះ ខំប្រូម៉ូត ខំផ្សាយយកក្រេឌីតពីក្រុមអ្នកStart-up ដោយពុំបានជួយលើសគម្រោង។
គម្រោងខ្លះធ្វើបានល្អហើយ តែពេលធ្វើយូរៗទៅស្រាប់តែលែងដើរ ដោយសារដាច់ជំនួយ(Fund) គ្មានអ្នកគំាទ្រ ជួយរុញឱ្យដើរបន្ត ឬថាបាត់អ្នកជួយ Kick up ឱ្យហោះឡើង។ ក្រុមហ៊ុនខ្លះទម្លាក់ជំនួយប៉ុណ្ណឹងមក ក៏លែងជ្រោមជ្រែង ខណៈយុវជនដែលផ្តួចផ្តើមគម្រោង ពុំទាន់ច្បាស់ការណ៍នៅឡើយផងនោះក៏ដួលស្រឹបតែម្តង។ តើ Startup យ៉ាងម៉េចកើត បើស្ថិតក្នុងដំណើរបែបហ្នឹង? ហើយបើ Startup ទៅបាន ទាល់តែមានជំនួយដាក់ឱ្យជាប់ តើបែបហ្នឹងឬហៅថា Start-up ? ពេលខ្លះធ្វើឱ្យខ្ញុំមានសំណួរច្រើនជុំវិញរឿងហ្នឹង។
ដូច្នេះហើយ បើចង់ឱ្យគម្រោង Startup មួយអាចដើរទៅមុខបាន ទាល់តែមានអ្នកជួយរុញពីក្រោយពិតប្រាកដដោយផ្តល់ជំនួយច្បាស់លាស់។ មានអ្នកបង្ហាញផ្លូវដោយស្មោះត្រង់ ពុំគិតរឿងស៊ីក្បាលកាក់ ស៊ីខ្សែលើ ឬស៊ីភាគហ៊ុន។ យើងគួរតែមានអ្នកជួយមែនទែន ដែលអាចរុញយុវជនយើងឱ្យដល់ត្រើយ។
ពោលឱ្យឃើញថា គម្រោង Startup មួយនេះឬនោះទទួលបាននូវផ្លែផ្កា ឬថាទទួលបានជោគជ័យមែនទែន។ ចៀសវាងជួយដើម្បីតែភាគលាបឬជួយដើម្បីបានភាគហ៊ុន។ ឬថា ដើរបិទភ្នែក ទោះគ្នាធ្លាក់ទឹកក៏ធ្លាក់ទៅ សំខាន់ក្រពះយើង ភាពមានបានរបស់យើងអីជាដើម។ អ៊ីចឹងទាល់តែជួយឱ្យមែនទែនដល់ក្រុមយុវជនណាដែលមានបំណងផ្តួចផ្តើមគម្រោង Startup ទាំងអស់នោះយ៉ាងច្បាស់លាស់ ឱ្យពួកគេមានទឹកចិត្តធ្វើបន្តកាន់តែក្លៀវក្លា ស្វាហាប់ និងប្រាកដប្រជា។ ហើយការជួយរបស់យើងក្នុងនាមជាម្ចាស់ក្រុមហ៊ុនឬម្ចាស់ជំនួយនេះ នឹងក្លាយជាបំណែកមួយនៃមោទនភាពចំពោះអ្វីដែលគេអាចធ្វើបាន អាចឱ្យគេនិយាយដោយក្លាហាននិងបើកចំហថានេះជាការជួយដ៏បរិសុទ្ធ។
ខ្ញុំធ្លាប់ដឹងថានៅប្រទេសកំពុងអភិវឌ្ឍខ្លះ គឺមានពលរដ្ឋខ្លះមហាអន្យតិរ្ថិយ ចិត្តចង្អៀតចង្អល់ លោភលន់ បណ្តោយឱ្យមានបរិយាកាសមួយដែលហៅថា សក់នរណា ក្បាលអ្នកហ្នឹង នៅតែមានបន្ត ថែមទាំងគ្មានមេត្តាធម៌ទៀតផង។ ជួនកាលជួយគេពុំមែនដើម្បីចង់ជួយមែនទែននោះទេ។ ភាសាអង់គ្លេសគេសរសេរថា No empathy ។ បើសិនជាជួយដោយពុំបានអ្វីមកវិញសោះ គេមួម៉ៅ ឈ្នានីស ក្តិចត្រួយ រំលើងគល់ និងជាន់ពន្លិច។ ខ្ញុំឮច្បាស់នឹងត្រចៀក ហើយឃើញច្បាស់នឹងភ្នែក។ អ្នកខ្លះផ្តួចផ្តើមបើកក្រុមហ៊ុនបានហើយ តែរលំរលាយទៅវិញ។
អាណិកជនខ្លះក្រោយរលំរលាយហើយ ក៏ត្រឡប់ទៅស្រុកពួកគេវិញបាត់អស់។ ពេលខ្លះពុំមែនមកពីគេខ្វះទុននោះទេ តែមកពីបញ្ហាស្មុគស្មាញលើដំណើរការខ្លះទៅវិញទេ។ ហើយក៏ពុំរលំដោយសាររកស៊ីក្ស័យទុននោះដែរ តែរកស៊ីឥតចំណេញដោយសារមានមាត់ទ្វារច្រើនពេក ឬក៏គេមិនចេះរកស៊ីក្នុងប្រព័ន្ធមួយនេះផងមួយនោះផង ដែលអង់គ្លេសគេហៅថា bureaucracy ។ ដោយពិត អ្នកផ្តួចផ្តើមខ្លះ គ្នាពុំយល់ថា ចុះឈ្មោះយ៉ាងម៉េច? ត្រូវតែមានអ្នកជួយរត់ការ(Middlemen)ឬអត់? បង់ពន្ធ(Tax)យ៉ាងម៉េច តើត្រូវចុះឈ្មោះឬទេ? ហើយចុះបណ្ណប៉ាតង់បែបណា? គួរទៅកន្លែងណា? ជួបនរណា? ។ល។ គឺមានរឿងច្រើនដែលគ្នាពុំដឹងច្បាស់។
ចំណែកអ្នកផ្តល់ព័ត៌មានខ្លះ ផ្តល់ឱ្យមិនច្បាស់លាស់ ពោលពុំមែនផ្តល់ម្តងចប់។ គឺបង្កបរិយាកាសមួយឱ្យគ្នារត់ចុះឡើងៗសឹងអស់ខ្យល់។ ត្រូវទៅជួបអ្នកនេះម្តង រួចបន្តទៅជួបអ្នកនោះច្រើនលើកច្រើនសា។ មែនទែនទៅ គ្រាន់តែបើកក្រុមហ៊ុនមួយហ្នឹង យើងអាចល្វីងមុខ។ យូរៗទៅធ្វើឱ្យអ្នកផ្តួចផ្តើមខ្លះលែងមានកម្លាំងចិត្តចង់បន្តឬសឹងតែបោះបង់ក៏មានដែរ។ ត្រង់នេះធ្វើឱ្យខ្ញុំនឹកដល់រឿងខ្លួនឯងកាលពីមុន។ គ្រាន់តែយំបោកក្បាលនឹងជញ្ជាំងលើបញ្ហាហ្នឹង ខ្ញុំធ្លាប់រាប់មិនអស់ទេ ដោយសារតែមានខ្មោចមកទារសំណែនច្រើនពេក។ កាលនោះគេឥតប្រាប់យើងឱ្យត្រង់ៗទេថា ឥឡូវយើងនៅខ្វះអ្វី យើងគួរធ្វើអ្វី គួរបង់អ្វី ចុះឈ្មោះដូចម្តេច ហើយត្រូវការអ្វីខ្លះ ឱ្យចប់សព្វគ្រប់តែម្តងនោះទេ។ ភាពមិនច្បាស់លាស់នោះហាក់រុញយើងឱ្យលង់ខ្លួនកាន់តែជ្រៅរហូតធ្លាក់ទឹក។ ពេលនោះហើយទើបយើងត្រូវគេពិន័យ។ ដូច្នេះទើបខ្ញុំចង់ប្រាប់ក្មួយៗឱ្យដឹងខ្លះ។
បើចង់ផ្តួចផ្តើមគម្រោង Startup មែន ក្មួយៗមិនត្រូវរើសយកផ្លូវកាត់ទេ! ក្មួយៗត្រូវធ្វើឱ្យត្រូវតាមប្រព័ន្ធច្បាប់ និងធ្វើឱ្យច្បាស់លាស់។ ពោលបើបើកក្រុមហ៊ុនមានរចនាសម្ព័ន្ធត្រឹមត្រូវ យើងត្រូវគោរតាមច្បាប់រដ្ឋ។ បើរដ្ឋតម្រូវឱ្យបង់ពន្ធ យើងត្រូវតែបង់។ បើរដ្ឋត្រូវការឱ្យយើងបង់លើប័ណ្ណប៉ាតង់ យើងត្រូវបង់តាម។ គេត្រូវការចុះច្បាប់ពាណិជ្ជសញ្ញា(Logo) យើងចុះ Logo ឱ្យបានត្រឹមត្រូវ។ បើត្រូវចូល M & A ចុះឈ្មោះក្នុងក្រសួង យើងត្រូវតែចុះតាម។ បើដើម្បីរីកចម្រើនលូតលាស់ យើងត្រូវចូលរួមផ្សារភាគហ៊ុន យើងចូលរួមទៀត។
យើងធ្វើឱ្យបានគ្រប់យ៉ាង ដើម្បីកុំឱ្យខ្មោចមកលង! ហើយបើមកមែន ក៏មិនងាយលងបានដែរ ព្រោះយើងត្រឹមត្រូវ។ ក្រោយមក ទោះបីខ្មោចមានវិធីសាស្ត្រធ្វើបាបយើងទៀត ក៏ធ្វើបានតិចជាងមុនដែរ។ តែទោះជាយ៉ាងណាក៏ដោយ ខ្មោចមកលងម្តងម្យាមក្តី ខុសពីខ្មោចឆៅឆ្ងាយណាស់។ ព្រោះវាគ្រាន់តែជាព្រលឹងដែលអន្ទោលរកប្រាណម្តងម្កាល។ ប៉ុន្តែបើខ្មោចឆៅមក គឺវាមកដល់កន្លែងយើងតែម្តង។ ខ្មោចឆៅនេះ បឺតឈាមសាហាវណាស់។ ស្រួលមិនស្រួល មួយភ្លែតអស់ប៉ុន្មានលានឥឡូវហ្នឹង។
តាមខ្ញុំធ្លាប់ដឹង អ្នក Startup ភាគច្រើន រលំរលាយដោយសារតែមានបុគ្គលិកខ្មោចឆៅ។ បុគ្គលិកខ្មោចឆៅនេះ គឺសំដៅដល់អ្នកមកធ្វើការកន្លែងយើង តែឥតធ្វើការឱ្យស្ថាប័នយើងទេ។ អ្នកនៅក្នុងក្រុមហ៊ុនយើង តែបេះដូងនៅកន្លែងផ្សេង។ គេប្រើតុយើង កុំព្យូទ័រយើង ការិយាល័យយើង ទឹកភ្លើងយើង លើតួនាទីដែលយើងផ្តល់ឱ្យ ដើម្បីប្តូរយកប្រាក់ខែនិងអត្ថប្រយោជន៍ផ្សេងៗទាំងអស់ពីយើង ឬប្តូរយកបំណែកប្រាក់គម្រោងយើងរួមគ្នា ប៉ុន្តែធ្វើការ Freelance ឱ្យក្រុមហ៊ុនឬគម្រោងដទៃ។ មកអង្គុយសំងំសរសេរកម្មវិធីឱ្យក្រុមហ៊ុននេះឬក្រុមហ៊ុននោះ។ ចុងក្រោយ បើយើងដឹងទាន់ គាត់អាចក្រឡុក បង្កភាពមិនល្អ មួម៉ៅក្តៅក្រហាយឱ្យកើតមានក្នុងក្រុមហ៊ុនយើងទៀតផង។ ខ្មោចឆៅនេះ ប៉ិនធ្វើទុក្ខបុកម្នេញឱ្យយើងពិបាកចិត្ត មួម៉ៅ ក្រេវក្រោធ នាំឱ្យយើងរកបុគ្គលិកថែមលើសតម្រូវការផងក៏មាន។
អ៊ីចឹងរឿងរញ៉េរញៃជាច្រើន គឺអាចកើតឡើងបានដោយងាយ បើសិនមានបុគ្គលិកខ្មោចឆៅនៅចាំក្រឡុកឬសំងំបឺតឈាមយើង។ ដូច្នោះហើយ ក្រុមហ៊ុនណាដែលមានបុគ្គលិកប្រភេទហ្នឹង ច្បាស់ជារលំពុំខានឡើយ។ គឺពុំមែនរលាយដោយសារអាជីវកម្មមិនដំណើរការនោះទេ តែដោយសារបញ្ហាបុគ្គលិកបឺតជញ្ជក់ឈាម ឬដោយពុំស៊ាំនឹងប្រពន្ធដែលមានទ្វារច្រើន។
ដើម្បីបញ្ជៀសខ្លួនពីបញ្ហានេះ យើងត្រូវពញ្ញាក់ខ្លួនឯងជាប្រចាំ។ បើកក្រុមហ៊ុនភ្លាម យើងត្រូវតែគោរតាមច្បាប់រដ្ឋ កុំឱ្យខ្មោចមកលងបាន។ បើកក្រុមហ៊ុនភ្លាម គឺមើលឱ្យធ្លុះនូវអត្តចរិតបុគ្គលិក កុំឱ្យមានខ្មោចឆៅមកសំងំបឺតឈាម ព្រោះស្រុកខ្មែរយើងជាប្រទេសកំពុងអភិវឌ្ឍ ពលរដ្ឋខ្លះនៅលោភលន់ គឺធ្វើការមួយកន្លែងអត់ស្ងប់ទេ។ គាត់យកលេសថាចាយអត់គ្រប់ ត្រូវតែធ្វើពីរឬបីកន្លែង។ ស្រួលមិនស្រួលបោកប្រាស់គេត្រង់នេះ រួចទៅបោកប្រាសគេត្រង់នោះទៀត។ ពេលវេលាតែមួយ តែគាត់រកស៊ីពីរបីកន្លែង។ ដល់តែបែបហ្នឹង កន្លែងខ្លះ ការងារខ្លះត្រូវការមនុស្សតែម្នាក់ទេ តែយើងត្រូវចំណាយកម្លាំងមនុស្សដល់ទៅប្រាំនាក់ឯណោះ។
ហើយត្រូវចាំណា! បើសិនយើងចំណាយបុគ្គលិកដល់ទៅ៥នាក់ យើងជាម្ចាស់អាជីវកម្ម ពុំមែនបង់តែប្រាក់ខែឱ្យរួចហើយចប់នោះទេក្មួយ! យើងបង់សព្វបែបយ៉ាង រាប់ចាប់តាំងពីថ្លៃទឹកភ្លើង ការិយាល័យធ្វើការ ថ្លៃសម្អាតក្លិនក្នុងកន្លែងធ្វើការ ថ្លៃបោសសម្អាតបន្ទប់ទឹក និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ ម៉្លោះហើយ បុគ្គលិកប្រភេទខ្មោចឆៅនេះសុទ្ធតែពួកបំផ្លាញ ដែលទាមទារឱ្យយើងប្រយ័ត្នជាប់ជានិច្ច។
អ្វីដែលខ្ញុំលើកឡើងអម្បាលម៉ានខាងលើនេះ វាគ្រាន់តែជាចំណុចមួយចំនួនតូចប៉ុណ្ណោះ។ ពេលក្មួយៗប្រលូកផ្ទាល់នឹងជួបប្រទះរាប់មិនអស់ទេ។ ពោលដើម្បីផ្តួចផ្តើមអាជីវកម្មតូចមួយ អាចមានឧបសគ្គនិងបញ្ហាប្រឈមជាច្រើនផ្សេងទៀត។ ក្មួយៗដែលត្រៀមរៀបចំបង្កើតរចនាសម្ព័ន្ធ startup ឬក៏ Small Business Running ក្មួយត្រូវគិតឱ្យបានល្អិតល្អន់ជាមុនសិន។ ក្មួយត្រូវត្រៀមចិត្តឱ្យហើយទៅថា ក្មួយនឹងប្រឈមបញ្ហាជាច្រើន។ ប៉ុន្តែមិនថាក្មួយជួបរឿងអ្វីក៏ដោយ ក្មួយត្រូវតែពុះពារ កុំបីបោះបង់ឡើយ។ ដូចពាក្យអង់គ្លេសមួយឃ្លាថា Never give up until the day I die, I never give up be persistence. ទទូចធ្វើទាល់តែយើងវិវឌ្ឍខ្លួនឈានដល់ចំណុចមួយដែលថា No ពុំមែនមានន័យថា No ហើយក៏កុំជឿថា Yes មានន័យថា Yes ដូចគ្នាដែរ៕
#DrMenglyJQauch
#MJQUP