#ខឹងមិនលើស៥នាទី
កំហុសនរណាក៏ធ្លាប់មានដែរ តែចូរធ្វើឱ្យកំហុសនោះរួមតូចទៅៗ តាមលទ្ធភាពដែលអាចធ្វើទៅបាន។ មនុស្សម្នាក់ៗតែងតែចង់ធ្វើខ្លួនឱ្យមានភាពល្អប្រសើរ ចៀសវាងរាល់គ្រប់កំហុសឆ្គង រឿងអាក្រក់តូចធំក្ដី តែវាមិនអាចគេចផុតរហូតមួយជីវិតយើងទេ។
ខ្ញុំសូមចែករំលែករឿងខ្ញុំបន្ដិច! ខ្ញុំជាថៅកែម្នាក់ ជាថ្នាក់ដឹកនាំម្នាក់ ជាអ្នកអប់រំម្នាក់ តែងតែមើលឃើញនូវរាល់កំហុសឆ្គងរបស់បុគ្គលិកខ្ញុំមិនថាបុគ្គលិកថ្នាក់តូចថ្នាក់ធំទេ ហើយកំហុសទាំងអស់នោះហើយ ធ្វើឱ្យខ្ញុំខ្លួនឯងមានកំហឹងក្នុងខ្លួន តែកំហឹងនោះវាមិនអាចនៅក្នុងខ្លួនខ្ញុំបានយូរទេ យ៉ាងច្រើនបំផុត៥នាទីប៉ុណ្ណោះ វានឹងរសាយបាត់ទៅវិញ។ ព្រោះថា នៅពេលខ្ញុំសម្រេចកំហុសមនុស្សដោយយកកំហឹងមកសម្រេច វានឹងធ្វើឱ្យខ្ញុំនេះមានកំហុសឆ្គងទៅតាមហ្នឹងដែរ។ ការដោះស្រាយដោយប្រើកំហឹងមិនអាចមានរឿងល្អកើតឡើងបានទេ តែបើការដោះស្រាយចេះទប់កំហឹង យកសតិបញ្ញាញាណមកត្រិះរិះពិចារណានូវរាល់កំហុសរបស់គេដែលបានសាងមកនោះ ទើបអាចដឹងពីឫសគល់ច្បាស់លាស់នៃកំហុស ហើយអាចដោះស្រាយបានដោយកើតចេញនូវរឿងល្អវិញក៏អាចថាបានដែរ។
តាំងពីដើមមក ខ្ញុំមិនដែលខឹងនរណាលើស៥នាទីឡើយ ខ្ញុំបានកំណត់ខ្លួនខ្ញុំបែបនេះរហូត។ នៅក្នុងជីវិតខ្ញុំនេះ ប្រសិនខឹងនរណាម្នាក់លើស៥នាទី នោះខ្ញុំនៅមិនស្រណុកខ្លួនទេ។ ខ្ញុំមានអារម្មណ៍ថា ដូចជាអាណិតគេទៅវិញ។ បើខ្ញុំខឹងនរណាម្នាក់ ខ្ញុំតែងតែរកវិធីសាស្រ្តដោះស្រាយរកផ្លូវណាមួយជាកណ្ដាលដោយមានភាពល្អប្រសើរទាំងសងខាង។ ខ្ញុំនៅចាំពាក្យចាស់ពោលថា “ខឹងគេអាចខុស និងខឹងគេអាចខាត” ខណៈយើងមិនទាន់ដឹងឫសគល់នៃកំហុស។
ចូរកុំសម្រេចកំហុសមនុស្សម្នាក់ភ្លាមៗដោយភាពខឹងក្រោធរបស់យើង វាអាចនឹងនាំវិបត្ដិមួយត្រឡប់មកវិញនៅថ្ងៃណាមួយដោយកំហឹងយើង។ ចំពោះខ្ញុំខឹងគេមិនដែលយូរទេ ប៉ុន្តែមានមនុស្សខ្លះតែខឹងគ្នាហើយគឺមិនងាយនឹងក្លាយជាមិត្តនឹងគ្នាវិញទេ។ តែសម្រាប់ខ្ញុំ និងគ្រួសារខ្ញុំវិញ បើខឹងគ្នាពេលព្រឹក ពេលថ្ងៃឡើងគឺត្រូវគ្នា និយាយលេងជាមួយគ្នា ញ៉ាំបាយជាមួយគ្នាវិញហើយ។ ពួកយើងមិនដែលមានទម្លាប់គុំគួនគ្នានោះឡើយ។ ចរិកបែបនេះ ប្រហែលជាមានតាំងពីក្មេងៗមកម្ល៉េះ ទើបរហូតមកទល់សព្វថ្ងៃនេះ ខ្ញុំនៅតែមិនមានចិត្តខឹងគេបានយូរ។
ដូច្នេះ ចូរចេះអត់ឱនឱ្យគ្រប់គ្នា ចេះស្រឡាញ់គ្នា ចេះសាមគ្គីគ្នា ចេះទប់នូវកំហឹងខ្លួនឯង ហើយរៀនរកឫសគល់កំហុសឆ្គង ទើបអាចដោះស្រាយដោយសន្ដិវិធី៕
#ស្រង់ប្រសាសន៍ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដោយ MJQUP