#ជីវិតយើង_សុខទុក្ខគ្រួសារយើង!!!

#ជីវិតយើង_សុខទុក្ខគ្រួសារយើង

ហេតុផលចម្បងនៃករណី​នេះ ភាគច្រើនបណ្ដាលមកពីអ្នកបញ្ជាយានយន្តមិនគោរពច្បាប់ បើកបរ​ធ្វេសប្រហែល បើក បរក្នុងស្ថានភាពស្រវឹង និងបើកបរដោយមិន​ពាក់ខ្សែក្រវាត់ឬមិនពាក់មួកសុវត្ថិភាព។

152250535_4103718939673534_4237215825505787921_o

ជីវិតមនុស្សយើងគ្មានលក់លើទីផ្សារទេ បើស្លាប់គឺស្លាប់ហើយ។ សាកស្រមៃលមើល! ប្រសិនជាអ្នកគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់ទៅ តើនរណាជាអ្នកចិញ្ចឹមគ្រួសារអ្នក?

តើនរណាជាអ្នកទំនុកបម្រុងប្រពន្ធកូនរបស់អ្នក? ចុះបើចៃដន្យអ្នកគ្រោះថ្នាក់ចរាចរណ៍ត្រឹមពិការឬបាត់បង់កាយសម្បទា តើមិនធ្វើឱ្យគ្រួសារឬប្រពន្ធកូនអ្នកមានបន្ទុកកាន់តែធ្ងន់ទេមែនទេ? វេទនាខ្លាំងណាស់! គឺវេទនាដល់ឪពុកម្ដាយ បងប្អូន ប្រពន្ធកូន គ្រួសារសាច់ញាតិ និងសង្គមជាតិទាំងមូល។

បើងាកទៅមើលនៅតាមមន្ទីរពេទ្យនានា ជាពិសេសមន្ទីរពេទ្យលោកសង្ឃ មួយថ្ងៃៗយើងឃើញឡានពេទ្យដឹកអ្នករបួសដោយការគ្រោះថ្នាក់ចរាចរណ៍ចេញចូលជាហូរហែ។

ក្នុងបរិវេណមន្ទីរពេទ្យ យើងឃើញបងប្អូនសាច់ញាតិជនរងគ្រោះនាំគ្នារត់តាមពីក្រោយជនរងគ្រោះដែលត្រូវគ្រូពេទ្យដាក់លើគ្រែរុញចូលបន្ទប់សង្គ្រោះបន្ទាន់។ យើងក៏ឃើញជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ខ្លះត្រូវគ្រូពេទ្យដាក់លើគ្រែគ្របក្រណាត់ស រុញចេញមកក្រៅវិញ ហើយឃើញសាច់ញាតិជនរងគ្រោះយំរត់តាមពីក្រោយគួរឱ្យសង្វែក។

បើយើងចូលទៅមើលដល់ក្នុងមន្ទីរពេទ្យ យើងនឹងឃើញអ្នកជំងឺត្រៀបត្រាដេកលើគ្រែពេទ្យ ដោយអ្នកជំងឺខ្លះកំបុតដៃ អ្នកជំងឺខ្លះកំបុតជើង ហើយអ្នកជំងឺខ្លះទៀតកំបុតទាំងដៃទាំងជើង ក្រោមថ្វីដៃមច្ចុរាជផ្លូវថ្នល់។ ទាំងនេះជារឿងរ៉ាវដ៏គួរឱ្យសោកសង្រេងនិងតក់ស្លុតជាទីបំផុត។

ខ្ញុំសូមទទូចថា ដើម្បីការពារអាយុជីវិតខ្លួន និងផ្ដល់ក្ដីសុខជូនគ្រួសារ នៅពេលធ្វើដំណើរទៅណាមកណា បើជិះឡានត្រូវពាក់ខ្សែក្រវាត់ការពារឱ្យបានត្រឹមត្រូវ តែបើជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាពទាំងអ្នកបើកទាំងអ្នក​ជិះពីក្រោយ។

មិនតែប៉ុណ្ណោះ សូមបើកបរដោយការគោរពច្បាប់ចរាចរណ៍​ឱ្យបានខ្ពស់បំផុត ដោយហាមបើកបរប្រជែងគ្នា និងហាមបើកបរក្នុងស្ថានភាពស្រវឹង។ ជាពិសេស សូមបើកបរដោយមានមេត្តាធម៌ក្នុងខ្លួនជានិច្ច ពោលត្រូវផ្ដល់អាទិភាពដល់អ្នកដទៃ ហើយបើឃើញមនុស្សឬសិស្សសាលាដើរឆ្លងផ្លូវ សូមបន្ថយល្បឿន៕

#MenglyJQuach #MJQUPTeam