ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី! បង្ហាញពីមូលហេតុទាំង៧ចំណុច ដែលធ្វើឱ្យប្រជាជនខ្មែរមិនចូលចិត្តការអាន

#មូលហេតុដែលប្រជាជនខ្មែរអត់ចូលចិត្តអាន

ផ្ទុយពីប្រជាជននៅប្រទេសជឿនលឿន ពោលប្រជាជនខ្មែរយើងពុំទាន់មានទម្លាប់អានសស្រាក់សស្រាំដូចប្រទេសជឿនលឿននៅឡើយទេ។ មែនទែនទៅ កុំថាឡើយប្រជាជនដែលពុំទទួលបានការអប់រំខ្ពង់ខ្ពស់ សូម្បីនិស្សិតបរិញ្ញាបត្រខ្លះអានសៀវភៅមិនទាន់ចប់មួយក្បាលស្រួល​បួល​ផងក៏មានដែរ។ ហើយបើសិនជាអាន ក៏ដោយសារពួកគាត់ចៀសពុំបាន ដ្បិតជាមេរៀនដែលសាលាតម្រូវឱ្យអាន។ ពួកគាត់អានតែមួយកូនរង្វង់មេរៀន។ ជួនកាលនិស្សិតខ្លះអានសៀវភៅតែពេលកៀកប្រឡងក៏មានដែរ។ ការណ៍នេះធ្វើឱ្យខ្ញុំមើលឃើញញថា គេកម្រអាន ហើយបើអាន ក៏កម្រ​ស្រាវជ្រាវអ្វីៗនៅក្រៅសាលាណាស់ដែរ។ ម៉្លោះហើយទើបពួកគាត់មួយចំនួនដែលពុំចូលចិត្តអាននោះ ប៉ិនតែខាងប៉ប៉ាច់ប៉ប៉ោចឥតសាច់ការ។ អ្នកខ្លះ ការវិនិច្ឆ័យរបស់ពួកគាត់មើលឃើញសើរៗ និយាយឱ្យតែរួចពីមាត់។ បើបញ្ញវន្តមួយចំនួនសុទ្ធតែជាបញ្ញវន្តក្លែងក្លាយបែបនេះ តើប្រទេសជាតិរំពឹងអ្វី? បើយុវជនភាគច្រើនសុទ្ធតែជាទំពាំងស្អុយបែបនេះ តើប្រទេសជាតិអភិវឌ្ឍជឿនលឿនទៅមុខម៉េចនឹងកើត? ក៏ប៉ុន្តែ បើបន្ទោសពួកគាត់ទាំងស្រុងក៏មិនត្រឹមត្រូវដែរ ព្រោះជួនកាលពួកគាត់ចង់អាន តែគ្មានឯកសារជាភាសាខ្មែរអាន ដ្បិតនៅសាកលវិទ្យាល័យ​សម្បូរ​តែឯកសារជាភាសាបរទេស។

បើយើងសម្លឹងត្រឡប់ទៅមើលតាមភូមិស្រុកយើងវិញ យើងកម្រងសង្កេតឃើញមានកម្មវិធីបណ្តុះទម្លាប់អាននេះណាស់ រាប់ចាប់តាំងពីថ្នាក់បឋម រហូតដល់ចប់បាក់ឌុប។ សាលាខ្លះមានបណ្ណាល័យដែរ តែជួនក៏បិទទ្វារទៅទៀត។ ម្លោះហើយ ទម្លាប់​អានដែលគួរបណ្តុះតាំងពីតូចក្រូចឆ្មារមកនោះក៏ពុំមានច្បាស់លាស់ ខណៈយើងចូលមកដល់យុគសម័យឌីជីថលទៅទៀត។ សិស្សនិស្សិត​ភាគច្រើនវក់នឹងសម្ភារៈឌីជីថល រឹតតែឆ្ងាយហៅលេងឮពីសៀវភៅ ពីបណ្ណាល័យ។ រហូតមានសិស្ស និស្សិត ឬបុគ្គលខ្លះ ត្រឹមទិញសៀវភៅទៅតាំង​លម្អក្នុងផ្ទះទៅវិញក៏មានដែរ។

151577935_4097891906922904_8747451957882732971_o

ខ្ញុំមើលឃើញថាមានមូលហេតុធំៗ៧ ដែលធ្វើឱ្យប្រជាជនខ្មែរអត់ចូលចិត្តអាន។ មូលហេតុទាំងនោះរួមមាន៖

ទី១ អត់ចេះអក្សរ : ប្រជាជនមួយចំនួនគ្មានឱកាសបានរៀនសូត្រជ្រៅជ្រះទេ ព្រោះវ័យសិក្សារៀនសូត្ររបស់ពួកគាត់ត្រូវបំផ្លាញដោយពួក ប៉ុល ពត ខណៈអ្នកខ្លះទៀតគ្មានលទ្ធភាពទៅរៀន។ ដូច្នេះ បើទោះជាពួកគាត់ចង់អានក៏អានមិនកើតដែរ ព្រោះពួកគាត់អានមិនរួច មើលអក្សរមិនដាច់។

ទី២ ខ្វះថាមពល : ការហូបចុកមិនគ្រប់ជីវជាតិឬខ្វះវីតាមីន នឹងធ្វើឱ្យយើងគ្មានថាមពលក្នុងខ្លួន។ បើយើងគ្មានថាមពលក្នុងខ្លួន ខួរក្បាលយើងនឹងស្ពឹក ស្ទក់ៗ គិតអ្វីអត់លះ ពិសេសនឹងធ្វើយើងគ្មានអារម្មណ៍​អាន​សៀវភៅនោះឡើយ។

ទី៣ រោគស្ត្រេស : បញ្ហាការងារ បញ្ហាស្នេហា បញ្ហាគ្រួសារ បញ្ហាសង្គមជុំវិញ។ល។ សុទ្ធតែជាកត្តានាំឱ្យយើងកើតរោគស្ត្រេស។ យើងអាចនិយាយបានថា ពលរដ្ឋខ្មែរស្ទើរតែគ្រប់រូបទៅហើយដែលកើតរោគស្ត្រេស។ ក្រៅតែពីធ្វើឱ្យសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តធ្លាក់ដុនដាបចុះ រោគស្រ្តេសនេះក៏ធ្វើឱ្យយើងបាត់បង់ចំណង់អានសៀវភៅផងដែរ។

ទី៤ បញ្ហាគ្រួសារ : គ្រួសារមួយដែលមានរឿងឈ្លោះទាស់ទែងគ្នារាល់ថ្ងៃ វាយតប់ឬជេរបញ្ចោរគ្នាព្រឹកល្ងាច តើសមាជិកក្នុងគ្រួសារនោះមានអារម្មណ៍អានសៀវភៅដែរទេ? គឺគ្មានអារម្មណ៍នោះទេ។ សង្គមខ្មែរយើងសម្បូរអ្នកឈ្លោះទាស់ទែងគ្នាក្នុងគ្រួសារបែបនេះខ្លាំងណាស់ ជាពិសេសគឺពលរដ្ឋក្រីក្រ។ ប្ដីប្រពន្ធខ្លះផឹកស៊ីស្រវឹងអួទីនួ លេងបៀ ចាក់អាប៉ោង គ្មានលស់ថ្ងៃ។ ព្រឹកឡើងជេរគ្នាកាត់ព្រលឹម។ កូនៗរស់នៅបែកបាក់ រ៉ាត់រាយគ្មានភាពកក់ក្ដៅពីម្ដាយឪពុក។ ទិដ្ឋភាពនេះមើលទៅគួរឱ្យអាសូរខ្លាំងណាស់។

150589502_4086883828023712_949318209276720904_o

ទី៥ អត្ថន័យសៀវភៅជ្រៅពេក ឬ អត្ថន័យសៀវភៅស្រាលពេក : សៀវភៅខ្លះអ្នកនិពន្ធសរសេរបង្កប់អត្ថន័យជ្រៅពេកធ្វើឱ្យអ្នកអានដែលមានចំណេះដឹងទាបអានមិនយល់។ ចំណែកសៀវភៅខ្លះទៀត អ្នកនិពន្ធសរសេរ​អត្ថន័យស្រាលពេក ជាហេតុធ្វើឱ្យអ្នកអានដែលមានចំណេះដឹងខ្ពស់មិនចង់អាន។ ជារួមមក ទាំងសៀវភៅដែលមានខ្លឹមសារជ្រៅពេក ទាំងសៀវភៅដែលមានខ្លឹមសារស្រាលពេក គឺសុទ្ធតែជាកត្តាធ្វើឱ្យពលរដ្ឋខ្មែរមិនចង់អាន។

ទី៦ គ្មានលទ្ធភាពទិញសៀវភៅអាន : កុំថាឡើយលទ្ធភាពទិញសៀវភៅ​អាន សូម្បីលទ្ធភាពទិញអង្ករច្រកឆ្នាំង១ថ្ងៃ៣ពេល ក៏ពលរដ្ឋខ្មែរយើងមួយចំនួននៅតែចោទជាបញ្ហានៅឡើយ។ ដូច្នេះ រដ្ឋាភិបាលគួរតែសិក្សាចំណុចនេះឡើងវិញ ពោលគឺត្រូវបង្កើតការងារដែលផ្ដល់ចំណូលសមរម្យឱ្យប្រជាពលរដ្ឋ​ធ្វើបន្ថែម ដើម្បីឱ្យប្រជាពលរដ្ឋមានការងារធ្វើគ្រប់គ្នា។

ទី៧ ខ្វះឯកសារឬសៀវភៅអាន : ក្រោយសង្គ្រាមឆ្នាំ១៩៧៩រលត់ផុតទៅ ឯកសារនិងសៀវភៅត្រូវបានបាត់បង់ស្ទើរទាំងស្រុង ដោយសារការដុតបំផ្លាញពីពួក ប៉ុល ពត។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញ​ថាមានការរៀបរៀង ចងក្រង និងនិពន្ធសៀវភៅឡើងវិញគួរឱ្យ​កត់​សម្គាល់។ បើទោះជាមានការរៀបរៀង ចងក្រង និងនិពន្ធឡើងវិញគួរឱ្យ​កត់សម្គាល់ក៏ដោយចុះ ក៏យើងនៅតែពុំទាន់មានសៀវភៅឬឯកសារសម្បូរ​បែប ឆ្លើយតបតាមសេចក្ដីត្រូវការចំពោះអ្នកសិក្សា អ្នកស្រាវជ្រាវ ឬអ្នកអាននៅឡើយទេ។ ជាក់ស្ដែងនៅតាមសាកលវិទ្យាល័យនានា ឯកសារសិក្សាភាគច្រើនសម្បូរជាភាសាបរទេស ដូចជាភាសាបារាំង និងភាសា​អង់គ្លេស​ជាដើម។

ដូច្នេះដើម្បីឱ្យប្រជាជនខ្មែរមានទម្លាប់អានផុសផុលដូចប្រជាជននៅប្រទេសជឿនលឿន លុះត្រាតែស្រុកយើងមានសៀវភៅឬឯកសារជាភាសាខ្មែរសម្បូរបែបនិងសាច់រឿងសៀវភៅទាក់ទាញ ហើយប្រជាជនចេះអានអក្សរ សប្បាយចិត្ត ស្ងប់អារម្មណ៍ មានថាមពល និងមានជីវភាពសមរម្យដែលអាចមានលទ្ធភាពទិញសៀវភៅអានបាន៕

#MenglyJQuach #MJQUPTeam