#២កត្តាដែលជួយកាត់បន្ថយភាពក្រីក្រដល់ប្រជាជន
ទី១ ធ្វើឱ្យប្រជាជនមានចំណេះដឹង : ត្រូវជំរុញនិងលើកទឹកចិត្តសិស្សឱ្យរៀនសូត្រឱ្យបានជ្រៅជ្រះ យ៉ាងហោចណាស់ត្រូវជំរុញពួកគាត់ឱ្យរៀនបានចប់ថ្នាក់ទី១២។
ទន្ទឹមនឹងនោះ ប្រព័ន្ធអប់រំត្រូវតែមានស្ដង់ដា គ្រូបង្រៀនត្រូវបង្រៀនសិស្សនិស្សិតឱ្យមានចំណេះដឹងពិត មានសមត្ថភាពពិត ដើម្បីឱ្យសិស្សនិស្សិតរៀនចប់មានការងារល្អធ្វើនិងទទួលបានប្រាក់បៀវត្សសមរម្យ។
ប្រសិនបើប្រជាជនមានចំណេះដឹងជ្រៅជ្រះ ក្រៅតែពីពួកគេអាចរកការងារល្អបានធ្វើនិងទទួលបានប្រាក់បៀវត្សសមរម្យ ពួកគេថែមទាំងយល់ដឹងអំពីវិធីរស់នៅនិងការថែរក្សាសុខភាពឱ្យបានល្អ មិនសូវឈឺច្រើនផងដែរ។
ទី២ កុំឱ្យប្រជាជនឈឺច្រើន : ថ្វីបើវិស័យសុខាភិបាលក្នុងប្រទេសយើងកំពុងរីកច្រើននិងបានបង្កភាពងាយស្រួលច្រើនដល់ប្រជាពលរដ្ឋក្រីក្រក៏ដោយ ក៏ភាគីពាក់ព័ន្ធត្រូវផ្សព្វផ្សាយនិងណែនាំប្រជាជនបន្ថែមទៀតជុំវិញការថែទាំសុខភាពឱ្យបានកាន់តែទូលំទូលាយ។
គឺត្រូវណែនាំប្រជាជនឱ្យចេះធ្វើអនាម័យខ្លួនប្រាណ រស់នៅស្អាត ផឹកទឹកស្អាត និងទទួលទានអាហារដែលមានសារធាតុចិញ្ចឹមនិងមានវីតាមីនគ្រប់គ្រាន់ ដើម្បីឱ្យពួកគាត់មានសុខភាពល្អ មិនសូវឈឺច្រើន និងមិនសូវចំណាយលុយលើការព្យាបាលជំងឺ។
មែនទែនទៅ ភាគីពាក់ព័ន្ធគួរតែជួយសម្រួលដល់ប្រជាជនដែលមានកម្រិតជីវភាពនៅក្រោមបន្ទាត់នៃភាពក្រីក្រឱ្យទទួលបានសេវាសុខាពិបាលដោយឥតគិតថ្លៃពេញលេញ និងព្យាយាមបញ្ជ្រាបសារសុខភាពទៅគ្រប់បណ្តាញប្រព័ន្ធផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ជួសឱ្យការផ្សព្វផ្សាយពីគ្រឿងស្រវឹងឬអ្វីដែលបង្កឱ្យមានបញ្ហាសុខភាពដល់ប្រជាជនយើងគ្រប់លំដាប់ថ្នាក់។
ជារួមមក ដើម្បីជួយកាត់បន្ថយភាពក្រីក្រដល់ប្រជាជន គឺត្រូវធ្វើយ៉ាងណាឱ្យពួកគាត់មានចំណេះដឹងនិងរួចផុតពីជំងឺឈឺថ្កាត់ច្រើន។ ដ្បិតបើប្រជាជនគ្មានចំណេះដឹង ពួកគាត់នឹងពុំមានការងារល្អធ្វើ រកប្រាក់ចំណូលក៏បានតិច។
ការណ៍ដែលទទួលបានចំណូលតិច ពួកគាត់ក៏ខ្វះខាតក្នុងការទំនុកបម្រុងលើការហូបចុកដ៏ត្រឹមត្រូវដែលបណ្តាលឱ្យឈឺច្រើន នាំពួកគាត់ឱ្យជួបប្រទះបញ្ហាសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ៕
#MenglyJQuach #MJQUPTeam