សិស្សសាលាជាច្រើននៅស្រុកខ្មែរសព្វថ្ងៃកំពុងតែបំផ្លាញជីវិតខ្លួន គឺការបំផ្លាញសុខភាពខ្លួនឯង។ ដោយសារឪពុម្ដាយខ្លះរវល់ធ្វើការរកស៊ីពេក រហូតមិនបានយកចិត្តទុកដាក់ចំពោះការញ៉ាំចុកចំពោះកូន។
ការញ៉ាំទឹកស្ករទាំងកំប៉ុងៗយ៉ាងដូច្នេះហើយ ដែលជាកត្តាមួយបង្កហានិភ័យខ្លាំងដល់ខ្លួនឯង កូនប្រឈមនឹងហានិភ័យជំងឺទឹកនោមផ្អែម ហើយជំងឺទឹកនោមផ្អែមមិនត្រឹមតែបង្កការលំបាកដល់ខ្លួនឯង គឺបង្កការលំបាកទូទាំងគ្រួសារខ្លាំងបំផុត។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី ឆ្លើយតបយ៉ាងដូច្នេះទៅកាន់សិក្ខាកាមនៅក្នុងសិក្ខាសាលាស្ដីពីវិធីសាស្ត្រគ្រប់គ្រងជំងឺទឹកនោមផ្អែម កាលពីពេលកន្លងទៅ។
លោកវេជ្ជបណ្ឌិតខ្មែរអាមេរិកាំងរូបនេះ កត់សម្គាល់ឃើញថា «នៅពេលខ្ញុំទៅញ៉ាំគុយទាវ ឬទៅញ៉ាំបាយនៅតាមហាង ខ្ញុំស្មានតែជាបង្អែម ព្រោះវាផ្អែមជ្រុលពេក។
ម្ហូបអាហារផ្អែមម្ល៉ឹងហើយ ស្រាប់តែអាគាត់មួយមកអង្គុយក្បែរខ្ញុំ រួចថែមស្ករពីរស្លាបព្រាក្នុងសម្លគាត់ទៀត ហើយគាត់សុំទឹកខ្លាញ់ដែលគេចៀនសាច់មកស្រោចពីលើបាយគាត់ទៀត។ ខ្ញុំគិតក្នុងចិត្តថា អីក៏មានរូបមន្តល្អម៉្លេះ?
នេះជារូបមន្តធ្វើឱ្យឆាប់ស្លាប់ដោយសារជំងឺទឹកនោមផ្អែម។ ថ្ងៃមុននោះ ខ្ញុំមើលព័ត៌មានតាមទូរទស្សន៍ឃើញក្មេងម្នាក់អាយុតែ១០ឆ្នាំប៉ុណ្ណោះ គាត់មានទម្ងន់រហូតដល់៩៩គីឡូក្រាម។ គាត់លើសជាតិស្ករក្នុងខ្លួនរហូតដល់ខ្វាក់ភ្នែក។
ម្ង៉ៃៗគាត់មើលតែកុន លេងតែហ្គេម លេងតែកុំព្យូទ័រ ហើយចូលចិត្តញ៉ាំមាន់។ ក្នុងមួយឆ្នាំក្មេងម្នាក់ហ្នឹងញ៉ាំមាន់អស់រាប់ពាន់ក្បាល។ គាត់ញ៉ាំច្រើនពេក បូករួមអត់ដែលហាត់ប្រាណ អត់ដែលបញ្ចេញកម្លាំងពលកម្ម និងអត់សូវញ៉ាំទឹកផង ម្លោះហើយធ្វើឱ្យគាត់ឡើងជាតិស្កររហូតដល់ខ្វាក់ភ្នែក។ អ៊ីចឹងយើងត្រូវរឹតត្បឹតរឿងញ៉ាំចុកនិងការរស់នៅប្រចាំថ្ងៃឱ្យមែនទែន បើមិនចង់ស្លាប់ដោយសារជំងឺទឹកនោមផ្អែមនេះទេ។»
ទាក់ទងនឹងរបបអាហារដដែល លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានព្រមានថា អ្នកដែលទទួលទានអាហារមានជាតិខ្លាញ់ច្រើន ដូចជាប្រហិតចៀនតាមចញ្ចើមផ្លូវ អាហារកែច្នៃ រួមទាំងភេសជ្ជដែលវេចខ្ចប់ស្រាប់ និងរបស់ដែលមានជាតិផ្អែម គឺកំពុងតែបំផ្លាញជីវិតខ្លួនឯង ព្រោះអាហារទាំងនេះនឹងនាំឱ្យមានផលវិបាកទៅថ្ងៃក្រោយ។
លោកវេជ្ជបណ្ឌិត មើលឃើញថា សព្វថ្ងៃនេះ អាហារទាំងនេះបានក្លាយជាចំណីដ៏ពេញនិយមរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងចំណោមក្រុមយុវវ័យ។
ឯអាហារតាមចិញ្ចើមថ្នល់ដែលពេញនិយមបំផុត មានប្រហិតបំពង ស្លាបមាន់បំពង ស្លាបមាន់អាំង ពងមាន់អាំង សុទ្ធតែជារបស់ដែលមានជាតិខ្លាញ់។
អាជីវកម្មនេះភាគច្រើនប្រមូលផ្តុំនៅក្បែរសាលារៀន ពិសេសតាមវិទ្យាល័យ សាកលវិទ្យាល័យ និងនៅតាមទីកម្សាន្តនានានៅក្នុងទីក្រុងភ្នំពេញ ពីព្រោះទីតាំងទាំងនោះជាទីប្រមូលផ្តុំរបស់យុវជន ដែលជាអតិថិជនគោលដៅរបស់អាជីវកម្មនេះ។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី បន្តថា អាហារដែលមានជាតិខ្លាញ់ទាំងនេះ អាចនឹងនាំឱ្យមានគុណវិបត្តិច្រើនដល់សុខភាព ទាំងមនុស្សចាស់ ទាំងកុមារ និងយុវជន ដូចជាឡើងទម្ងន់ខុសធម្មតា ការលូតលាស់មិនបានល្អ (កម្ពស់ទាបពេក) ក្មេងឆាប់ប្រែប្រួលអ័រម៉ូន កើនភាគរយនៃការកើតជំងឺគាំងបេះដូង ស្លាប់មួយចំហៀងខ្លួន ហើយអាចនាំមកនូវការកើតជំងឺធុញថប់ (ស្រ្តេស) ជំងឺបាក់ទឹកចិត្តផ្សេងៗផងដែរ។
លោកវេជ្ជបណ្ឌិត មានប្រសាសន៍ថា «ហ្នឹងមកពីសារធាតុខ្លាញ់ច្រើន បូកនឹងការញ៉ាំស្រា បូកនឹងការញ៉ាំផ្អែម បូកនឹងញ៉ាំប្រៃ បូកនឹងការអត់ហាត់ប្រាណ បូកនឹងការញ៉ាំអាហារចៀនអាំងគ្មានគុណភាពតាមចិញ្ចើមផ្លូវ គឺធ្វើឱ្យកោសិកាប្រែប្រួល អាចកើតទៅជាដំបៅមហារីក។ …
សម័យនេះ ខ្លាញ់ជ្រូក ខ្លាញគោ គេឈប់ញ៉ាំ គេលែងយកមកប្រើទៀតហើយ។ ប្រសិនបើគ្រួសារណានៅតែយកខ្លាញ់ជ្រូកមកញ៉ាំទៀត សូមមេត្តាឈប់ ព្រោះប្រេងឆាល្អៗ គេលក់លើទីផ្សារច្រើនណាស់ ហើយជាប្រេងឆាដែលគេចម្រាញ់ចេញពីគ្រាប់ផ្កាឈូរ័ត្នទៀត។ ដូច្នេះសូមកុំប្រើខ្លាញ់ជ្រូកឬខ្លាញ់គោ។
បញ្ហាមួយទៀត សូមឈប់ញ៉ាំសាច់មិនទាន់ឆ្អិន។ អ្នកខ្លះហាន់សាច់ជ្រូកជាបន្ទះៗ ហើយចម្អិនមិនទាន់នឹងឆ្អិនផងនាំគ្នាញ៉ាំ គឺមិនខុសពីយកតេញានិងខ្លាញ់អាក្រក់ដាក់ក្នុងខ្លួនទេ។ ដូច្នេះបើចៀសវាងបាន គួរចៀសវាងទៅ ជាពិសេសក្មួយៗ ប្អូនៗ និងជាពិសេសឪពុកម្ដាយ អ្នកអាណាព្យាបាល គួរយកចិត្តទុកដាក់ចំពោះកូន។»
លោកវេជ្ជបណ្ឌិត គួច ម៉េងលី បន្ថែមថា ក្រៅពីបង្កឱ្យជាជំងឺខាងលើទាំងនេះ អាហារដែលមានជាតិខ្លាញ់ និងខ្វះអនាម័យនេះ ក៏ជាឧបសគ្គដ៏ធំដែលធ្វើឱ្យសិស្សានុសិស្ស និស្សិត ដែលបានទទួលទាន ឬបរិភោគ មានការចងចាំខ្សោយ ឧស្សាហ៍ឈឺ ខកខានមិនបានទៅរៀន បង្កឱ្យការសិក្សារបស់ពួកគេធ្លាក់ចុះទៀតផង។
ពាក់ព័ន្ធនឹងបញ្ហានៃការទទួលទាននេះ លោកវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំឪពុកម្ដាយថា បើមិនចង់ស្ដាយក្រោយទេ គប្បីយកចិត្តទុកដាក់ការញ៉ាំចុករបស់កូន ហើយការលក់ម្ហូបអាហារតាមចិញ្ចើមផ្លូវគួរមានការត្រួតពិនិត្យ និងផ្សព្វផ្សាយពីគុណវិបត្តិនេះ បើមិនដូច្នោះទេទៅថ្ងៃក្រោយការប៉ះពាល់សុខភាពរបស់កូនខ្មែរកាន់តែខ្លាំងក្លាបំផុត៕
ប្រភព ៖ interconrooster