វីតាមីនA ជាវីតាមីនមួយប្រភេទដែលមនុស្សទូទៅដឹងថា វាជាវីតាមីនដែលសំខាន់សម្រាប់ភ្នែក ជាពិសេសកុមារ គឺត្រូវផ្តល់នូវវីតាមីន Aនេះឱ្យបានគ្រប់គ្រាន់ដើម្បីឱ្យសុខភាពភ្នែករបស់ពួកគាត់ដំណើរការបានល្អ។ វីតាមីន Aជាប្រភេទ វីតាមីនដែលរលាយក្នុងខ្លាញ់ វាបានចូលរួមក្នុងការបង្កើនសុខភាពភ្នែក ដាស់ប្រព័ន្ធភាពស៊ាំ ព្យាបាលកោសិកា និងជួយដល់ការលូតលាស់ និងអភិវឌ្ឍន៍របស់ទារកក្នុងផ្ទៃ។
យោងតាមការណែនាំពីអ្នកជំនាញបានឱ្យដឹងថា បរិមាណ វីតាមីន A សម្រាប់បុរស គឺត្រូវការប្រមាណ 900mcg ក្នុងមួយថ្ងៃ ចំពោះស្រ្តី 700mcg ក្នុងមួយថ្ងៃ និងសម្រាប់កុមារវិញ ចន្លោះ 300 ដល់ 600mcg ក្នុងមួយថ្ងៃ។ សារៈសំខាន់ចម្បងរបស់វីតាមីន A សម្រាប់រាងកាយមាន ៖
១. ជំនួយដល់គំហើញ
វីតាមីន A វាមានសារៈសំខាន់សម្រាប់គំហើញរបស់ភ្នែក វាជាអ្នកបម្លែងពន្លឺដែលជះទៅក្នុងភ្នែកឱ្យប្រែទៅជា រលកអគី្គសនីដែលអាចធ្វើដំណើរទៅកាន់ខួរក្បាល។ យើងដឹងហើយថាកង្វះវីតាមីន A គឺអាចធ្វើឱ្យយើងមានជំងឺខ្វាក់មាន់ មនុស្សដែលមានជំងឺនេះគឺ ពេលថ្ងៃអាចមើលឃើញធម្មតា តែពិបាកមើលក្នុងពេលយប់ ឬពេលដែលមានពន្លឺទាប ក្នុងលក្ខខណ្ឌការបង្ការជំងឺនេះយើងគួរបរិភោគវីតាមីន A ប្រភេទ beta carotene ដែលវីតាមីននេះច្រើនស្ថិតនៅក្នុងរុក្ខជាតិ ដើម្បីបង្ការក្នុងចុះខ្សោយរបស់ភ្នែក ម៉្យាងទៀត ការបរិភោគ ប្រភេទ beta-carotene នេះវាជួយពន្យារភាពចាស់របស់ភ្នែក ធ្វើឱ្យភ្នែកមានសុខភាពល្អ ទោះជាអាយុយើងកើនឡើងក៏ដោយ។
២. កាត់បន្ថយហានីភ័យជំងឺមហារីក
យើងដឹងហើយថាជំងឺមហារីកវាកើតឡើងដោយសារកោសិការលូតលាស់ខុសប្រក្រតី ដែលរាងកាយមិនអាចគ្រប់គ្រងបាន។ វីតាមីន A ដើរតួរនាទីជួយដល់ការលូតលាស់របស់កោសិកាក្នុងសារពាង្គកាយ វាក៏អាចជះឥទ្ធិពលដល់ជំងឺមហារីកបានផងដែរ និងបញ្ចៀសឱ្យកោសិកាលូតលាស់ខុសប្រក្រតី។ វីតាមីន A ដែលបានមកពីរុក្ខជាតិ ដូចជា beta carotene វាមានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងកោសិកាមហារីកជាជាងវីតាមីន A មានប្រភពបានពីសាច់សត្វ។
៣. កាត់បន្ថយការកើតមុន
មុនជាជំងឺសើរស្បែក ដែលធ្វើឱ្យផ្ទៃមុខបាត់បង់នូវសោភ័ណភាព។ វាអាចកើតឡើងនៅលើផ្ទៃមុខ ទ្រូង និងនៅផ្នែកខ្នង វាកើតឡើងដោយសសារក្រពេញដែលស្ថិតនៅ លើស្បែកស្ទះដោយសារកោសិកាស្បែកដែលងាប់ និងខ្លាញ់ទៅកកនៅលើរន្ធញើស។ មានការសិក្សាមួយបានបង្ហាញថា កង្វះវីតាមីន A វាអាចបង្កើនការកកើតមុននៅលើស្បែក ហើយបច្ចុប្បន្នមានគ្រឿងសម្អាងជាច្រើនក៏បានបញ្ចូលវីតាមីន A សម្រាប់ព្យាបាលមុនផងដែរ។
៤. ជំនួយដល់ប្រព័ន្ធការពាររាងកាយ
វីតាមីន A វាដើរតួលើការត្រួតពិនិត្រប្រព័ន្ធការពាររាងកាយរបស់មនុស្ស ដោយក្នុងនោះមាន ស្រទាប់ការពារភ្នែក សួត និងសារធាតុការពារបាត់តេរី និងរោគឆ្លងផ្សេងៗ ទាំងនេះមានន័យថា ការកង្វះវីតាមីន A វាអាចធ្វើឱ្យរាងកាយរបស់អ្នកចុះខ្សោយ និងធ្វើឱ្យរាងកាយសះពីជំងឺក្នុងរយៈពេលយូរ។
៥. ទ្រទ្រង់សុខភាពឆ្អឹង
យើងដឹងថាវីតាមីន D និងកាលស្យូមវាជួយដល់ឆ្អឹងឱ្យរឹងមាំ យ៉ាងណាមិញ វីតាមីន A វាក៏មានសារៈសំខាន់ផងដែរសម្រាប់ឆ្អឹងលូតលាស់ផងដែរ។ ឆ្អឹងដែលមានសុខភាពខ្សោយវាអាចមានទំនាក់ទំនងទៅនឹងកង្វះវីតាមីន A។ មានការសិក្សាមួយបានបង្ហាញថា មនុស្សកង្វះវីតាមីន A ងាយធ្វើឱ្យឆ្អឹកឆាប់បាក់ ជាជាងមនុស្សដែលមានវីតាមីន A គ្រប់គ្រាន់ក្នុងរាងកាយ។
៦. ជួយដល់សុខភាពបន្តពូជ
វីតាមីន A វាមានសារៈសំខាន់ក្នុងការគ្រប់គ្រងទៅលើសុខភាពដំណពូជទាំងស្រ្តី និងបុរស វាជាអ្នកជួយឱ្យដំណើរការ លូតលាស់របស់អំប្រ៊ីយ៉ូ នៅពេលពពោះបានល្អ។ តាមការសិក្សាមួយបានបង្ហាញថា កង្វះវីតាមីន A វាអាចបណ្តាលឱ្យរាំងស្ទះដល់ការអភិវឌ្ឍន៍ស្ពែរបស់បុរស។ នៅក្នុងដំណាក់កាលពពោះ ស្ត្រីត្រូវការបរិមាណវីតាមីន A សមស្របសម្រាប់ទ្រទ្រង់ដល់ការលូតលាស់ និងអភិវឌ្ឍន៍របស់ទារកដូចជា ឆ្អឹង ប្រព័ន្ធប្រសាទ បេះដូង ក្រលៀន ភ្នែក សួតជាដើម៕
ប្រភព ៖ បរទេស / ប្រែសម្រួល ៖ Mythical Bird (ក្នុងស្រុក)