លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​៖ ២កត្តាដែលជួយកាត់បន្ថយភាពក្រីក្រដល់ប្រជាជន!!!

#២កត្តាដែលជួយកាត់បន្ថយភាពក្រីក្រដល់ប្រជាជន

ទី១ ធ្វើឱ្យប្រជាជនមានចំណេះដឹង : ត្រូវជំរុញនិងលើកទឹកចិត្តសិស្សឱ្យរៀនសូត្រឱ្យបានជ្រៅជ្រះ យ៉ាងហោចណាស់ត្រូវជំរុញពួកគាត់ឱ្យរៀនបាន​ចប់ថ្នាក់ទី១២។ ទន្ទឹមនឹងនោះ ប្រព័ន្ធអប់រំត្រូវតែមានស្ដង់ដា គ្រូបង្រៀន​ត្រូវបង្រៀនសិស្សនិស្សិតឱ្យមានចំណេះដឹងពិត មានសមត្ថភាពពិត ដើម្បីឱ្យសិស្សនិស្សិតរៀនចប់មានការងារល្អធ្វើនិងទទួលបានប្រាក់បៀវត្សសមរម្យ។

ប្រសិនបើប្រជាជនមានចំណេះដឹងជ្រៅជ្រះ ក្រៅតែពីពួកគេអាចរកការងារល្អបានធ្វើនិងទទួលបានប្រាក់បៀវត្សសមរម្យ ពួកគេថែមទាំងយល់ដឹងអំពីវិធីរស់នៅនិងការថែរក្សាសុខភាពឱ្យបានល្អ មិនសូវឈឺច្រើនផងដែរ។

ទី២ កុំឱ្យប្រជាជនឈឺច្រើន : ថ្វីបើវិស័យសុខាភិបាលក្នុងប្រទេសយើងកំពុងរីកច្រើននិងបានបង្កភាពងាយស្រួលច្រើនដល់ប្រជាពលរដ្ឋក្រីក្រក៏ដោយ ក៏ភាគីពាក់ព័ន្ធត្រូវផ្សព្វផ្សាយនិងណែនាំប្រជាជនបន្ថែមទៀតជុំវិញការថែទាំសុខភាពឱ្យបានកាន់តែទូលំទូលាយ។

គឺត្រូវណែនាំប្រជាជន​ឱ្យចេះធ្វើអនាម័យខ្លួនប្រាណ រស់នៅស្អាត ផឹកទឹកស្អាត និងទទួលទានអាហារដែលមានសារធាតុចិញ្ចឹមនិងមានវីតាមីនគ្រប់គ្រាន់ ដើម្បីឱ្យពួកគាត់មានសុខភាពល្អ មិនសូវឈឺច្រើន និងមិនសូវចំណាយលុយលើការព្យាបាលជំងឺ។

មែនទែនទៅ ភាគីពាក់ព័ន្ធគួរតែជួយសម្រួលដល់ប្រជាជនដែលមានកម្រិតជីវភាពនៅក្រោមបន្ទាត់នៃភាពក្រីក្រឱ្យទទួលបានសេវាសុខាពិបាលដោយឥតគិតថ្លៃពេញលេញ និងព្យាយាមបញ្ជ្រាបសារសុខភាពទៅគ្រប់បណ្តាញប្រព័ន្ធផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ជួសឱ្យការផ្សព្វផ្សាយពីគ្រឿងស្រវឹងឬអ្វីដែលបង្កឱ្យមានបញ្ហាសុខភាពដល់ប្រជាជនយើងគ្រប់លំដាប់ថ្នាក់។

ជារួមមក ដើម្បីជួយកាត់បន្ថយភាពក្រីក្រដល់ប្រជាជន គឺត្រូវធ្វើយ៉ាង​ណា​ឱ្យពួកគាត់មានចំណេះដឹងនិងរួចផុតពីជំងឺឈឺថ្កាត់ច្រើន។ ដ្បិតបើប្រជាជនគ្មានចំណេះដឹង ពួកគាត់នឹងពុំមានការងារល្អធ្វើ រកប្រាក់ចំណូល​ក៏បានតិច។

ការណ៍ដែលទទួលបានចំណូលតិច ពួកគាត់ក៏ខ្វះខាតក្នុង​ការទំនុកបម្រុងលើការហូបចុកដ៏ត្រឹមត្រូវដែលបណ្តាលឱ្យឈឺច្រើន នាំ​ពួកគាត់ឱ្យជួបប្រទះបញ្ហាសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ៕

ប្រភពនិងដកស្រង់ដោយ៖ #MenglyJQuach #MJQUPTeam