១. អ្នកដឹកនាំដែលល្អ មិនមែនជាមេ ជាថៅកែ ឬជាចៅហ្វាយនាយឈរច្រត់ចង្កេះ ជ្រែងហោប៉ៅ ចាំតែបង្អុលបង្គាប់បញ្ជានោះទេ តែជាអ្នកដឹកនាំគេធ្វើគ្រប់សកម្មភាព មិនថាកិច្ចការនោះក្តៅឬត្រជាក់ឡើយ។
ដូច្នេះអ្នកដឹកនាំដែលល្អ ជាអ្នកដឹកនាំដែលធ្វើឱ្យគេគោរព មិនមែនធ្វើឱ្យគេខ្លាចទេ និងជាអ្នកដឹកនាំដែលចេះបង្ហាញការងារ ចេះសហការការងារ ចេះណែនាំការងារ និងចេះដឹកនាំធ្វើការងារ។
២. អ្នកដឹកនាំដែលល្អ គឺអ្នកមានចំណេះ ជំនាញ និងបទពិសោធជោកជាំលើសង្គមមនុស្សយ៉ាងច្បាស់ ជាមនុស្សដែលបានឆ្លងកាត់គ្រប់រសជាតិ។ ការឆ្លងកាត់នេះ ធ្វើឱ្យគេស្គាល់ពីមនុស្សល្អឬអាក្រក់យ៉ាងប្រាកដ ជាពិសេសយល់ចិត្តពីតម្រូវការថ្នាក់ក្រោមរបស់ខ្លួន មិនមែនធ្វើការតាមទំនើងចិត្តអាងខ្លួនជាមេដឹកនាំនោះទេ។
៣. អ្នកដឹកនាំដែលល្អ ជាមនុស្សដែលមានមនោសញ្ចេតនា មានមេត្តាធម៌ មានការយោគយល់ទៅលើបុគ្គលក្រោមឱវាទរបស់ខ្លួន។ មានន័យថា ជាមនុស្សមានចិត្តមានថ្លើម ជាមនុស្សផ្ដល់ឱកាសដល់មនុស្ស ជាមនុស្សចេះបណ្ដុះបណ្ដាលលើមនុស្ស និងជាមនុស្សធ្វើឱ្យមនុស្សរស់នៅសប្បាយរួមគ្នា។
៤. អ្នកដឹកនាំដែលល្អ ជាមនុស្សមានមនសិកាខ្ពស់។ អ្នកដឹកនាំល្អយ៉ាងណាក៏ដោយ បើគ្មានមនសិកាខ្ពស់ទេ គឺមិនអាចធ្វើជាអ្នកដឹកនាំគេបានឡើយ។
មនុស្សបែបនេះ ជាបុគ្គលទំនួនខុសត្រូវខ្លាំង មានក្រមសីលធម៌ខ្ពស់ មានខ្សែរយៈទំនាក់ទំនងល្អក្នុងសង្គម ហើយមានការគិត ការវិនិច្ឆ័យលើអ្វីមួយស៊ីជម្រៅបំផុតមុននឹងសម្រេច។
ដូច្នេះហើយបានជាអ្នកដឹកនាំល្អ កម្រនិយាយអ្វីមួយឆៅៗណាស់៕
ប្រភពទាំងស្រុង៖ The Intercon Rooster, MJQE