នៅក្នុងវិស័យការងារ មានពាក្យមួយឃ្លាបានពោលថា “សមត្ថភាពឬទេពកោសល្យ អាចជួយឱ្យបុគ្គលម្នាក់ឡើងតំណែងខ្ពស់ ប៉ុន្តែតំណែងខ្ពស់នោះគង់វង្សឬយ៉ាងណា គឺអាស្រ័យលើអត្តចរិតរបស់បុគ្គលនោះ” ។
គ្មានអ្វីអាចវាស់ថាបុគ្គលម្នាក់មានជំនាញទន់ប្រសើរឬមិនប្រសើរដល់កម្រិតណានោះទេ។ ព្រោះបុគ្គលម្នាក់ៗសុទ្ធតែមានអត្តចរិតផ្សេងៗគ្នាពីកំណើត រស់នៅក្នុងសង្គមផ្សេងគ្នា និងទទួលបានការអប់រំផ្សេងគ្នា។
យ៉ាងណាក៏ដោយអ្នកជំនាញផ្នែកអប់រំបានលើកឡើងថា កុមារដែលបានឆ្លងកាត់ការអប់រំតាមកម្មវិធីសិក្សាបែបសិស្សមជ្ឈមណ្ឌល ឬកម្មវិធីសិក្សាដែលផ្តោតលើសកម្មភាពជាមូលដ្ឋាន មានន័យថាសិស្សានុសិស្សមានសកម្មភាពនិយាយច្រើនជាងគ្រូ ហើយសិស្សបំពេញតួនាទីជាមេដឹកនាំនិងមានទំនួលខុសត្រូវ មានការពិភាក្សា និងការស្រាវជ្រាវច្រើន។ កុមារនោះនឹងមានជំនាញទន់ប្រសើរនៅពេលពួកគេធំពេញវ័យ។
នៅក្នុងការបំពេញការងារ អ្នកពូកែជំនាញទន់ គឺមានឱកាសជោគជ័យច្រើន នេះបើតាមលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។ លោកថ្លែងថាមុនពេលលោកសម្រេចចិត្តជ្រើសរើសបុគ្គលិកណាម្នាក់ លោកតែងមើលលើអត្តចរិតបុគ្គលនោះជាជាងមើលសញ្ញាបត្រ។
សម្រាប់លោកឧកញ៉ា បុគ្គលិកណាដែលមានជំនាញច្បាស់លាស់ ហើយថែមទាំងមានអត្តចរិតល្អ ពូកែភាសាការទូត ពូកែទំនាក់ទំនង មានភាពចាស់ទុំ ចេះដាក់ខ្លួន ហើយមានភាពស្មោះត្រង់ មិនយូរមិនឆាប់បុគ្គលិកនោះនឹងមានឱកាសក្លាយជាមេដឹកនាំមួយរូបនៅក្នុងស្ថាប័នរបស់លោកជាក់ជាពុំខាន។
ដើម្បីមានភាពជោគជ័យនៅក្នុងវិស័យការងារនិងវិស័យផ្សេងៗ ចាំបាច់ណាស់បុគ្គលគ្រប់រូបត្រូវតែមានជំនាញរឹងនិងទំនាញទន់។ ជំនាញរឹងគឺត្រូវចេះឱ្យប្រាកដ ហើយជំនាញទន់ត្រូវតែយកដាក់ជាប់ខ្លួន។
បើពូកែទាំងជំនាញរឹង និងជំនាញទន់ បុគ្គលិកនោះនឹងទទួលបានភាពជោគជ័យទាំងក្នុងការងារនិងក្នុងអាជីវកម្មផ្ទាល់ខ្លួន៕