ជាទូទៅអ្នកឧស្សាហ៍ឃើញមនុស្សមួយចំនួន ចូលចិត្តលើកដៃពត់ខ្លួនពត់ប្រាណ ហើយខ្លះឧស្សាហ៍ស្ងាបច្រើនទាំងដែលពេលខ្លះពួកគេបានទទួលទានដំណេកគ្រប់គ្រាន់ទៅហើយ។
បើមិនដឹងអ្នកអាចគិតថាវាទម្លាប់ខ្ជិលច្រអូសដែលពួកគេគួរជៀសវាង ប៉ុន្តែបើតាមអ្នកជំនាញបានបង្ហាញថា ការពិតទៅ នោះអាចនាំផលប្រយោជន៍សំខាន់ៗដល់រាងកាយរបស់អ្នកទៅវិញទេ។
ជាឧទាហរណ៍ជាក់ស្តែង បន្ទាប់ពីក្រោកពីដំណេកខ្លួនប្រាណរបស់អ្នកងើប ប៉ុន្តែជាធម្មតាសាច់ដុំក្នុងរាយកាយវាមិនទាន់ដំណើរការទាំងស្រុងទេ លុះត្រាតែអ្នកមានសកម្មភាពអ្វីមួយសិន ហើយការពុតខ្លួននេះក៏រាប់ជាសកម្មភាពល្អមួយដែរ។
១) អាចកាត់បន្ថយបញ្ហាថប់អារម្មណ៍ ឬស្តេ្រស
នៅពេលដែលយើងលាតសន្ធឹងដងខ្លួន ឬពត់ខ្លួន ជួនពេលតែមួយជាមួយការស្ងាបនោះអាចជួយឲ្យលំហូរឈាមរបស់យើងដំណើរការល្អ ហើយវាក៏ស្វ័យប្រវត្តិក្នុងការកាត់បន្ថយស្រ្តេស។ នោះក៏ដោយសារតែប្រព័ន្ធសរសៃប្រសាទ ដែលទទួលបន្ទុកទៅលើដំណើរការចង្វាក់បេះដូង ការរំលាយអាហារ វាចាប់ផ្តើមលោត។
២) មិនធ្វើឲ្យយើងជាប់សន្លាក់ដៃជើង
ការដែលយើងនៅនឹងថ្កល់មួយកន្លែង ឬអ្នកឧស្សាហ៍អង្គុយយូរ គឺខ្លួនប្រាណរបស់អ្នកចាប់ផ្តើមជាប់សន្លាក់នៅទីតាំងណាមួយជាក់ជាមិនខាន។
ហេតុផលនេះហើយអ្នកត្រូវក្រោកឈរឡើង ហើយលើកដៃពត់ខ្លួនចុះឡើង ដើម្បីឲ្យរាងកាយចាប់ផ្តើមដំណើរការ និងអាចប្រាប់ទៅកាន់ខួរក្បាលឲ្យដឹងថា ដល់ពេលដែលត្រូវក្រោកឡើងបន្តទៀតហើយ។
៣) ជួយឲ្យខួរក្បាលបញ្ជូនសញ្ញាផ្សេងៗទៅសាច់ដុំបានឆាប់រហ័ស
ខួរក្បាលឬខ្លួនប្រាណស្រពឹកស្រពន់ តើអ្នកធ្លាប់លឺពាក្យទាំងនេះដែរទេ? បែបនេះការពត់ខ្លួនក៏ជួយឲ្យខួរក្បាលរបស់យើងអាចបញ្ជូនសញ្ញាផ្សេងៗទៅកាន់សាច់ដុំបានឆាប់រហ័ស និងអាចទទួលបន្ទុកលើដំណើរការណាមួយបានច្រើនក្នុងពេលតែមួយ។
៤) កាន់តែស្ងាបកាន់តែជួយឲ្យអ្នកភ្ញាក់ឡើងវិញ
អ្នកអាចគិតថា ពេលស្ងាបមានន័យថាអ្នកងងុយដេក ហើយត្រូវចូលដំណេកហើយ។
តាមពិតទៅការស្ងាបនេះ គឺអាចជួយបន្ថយភាពតានតឹងក្នុងខួរក្បាល និងអាចដាច់ឲ្យស្មារតីរបស់អ្នកភ្ញាក់មកវិញទេ មួយផ្សេងទៀតវាក៏ជួយដល់ប្រព័ន្ធសរសៃប្រសាទក្នុងការបន្ថែមល្បឿននៃសកម្មភាពប្រចាំថ្ងៃថែមទៀតផង៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក