មនុស្សយើងម្នាក់ៗកើតមកតែងតែចង់បាន ការលើកទឹកចិត្ត ពីសំណាក់មនុស្សដែលនៅជុំវិញខ្លួន។ ពាក្យលើកទឹកចិត្តពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ ជាពិសេសអ្នកដែលកំពុងបាក់ទឹកចិត្តតែម្តង។ ការលើកទឹកចិត្តគឺប្រៀបបានដូចជាឱសថទិព្វពីឋានសួគ៌ ដែលអាចអោយមនុស្សម្នាក់ដែលកំពុងតែមើលឃើញថាពិភពលោកគ្មានតម្លៃក្នុងការរស់នៅ ឲ្យមានចិត្តចង់រស់និងខិតខំប្រឹងប្រែងបន្តនូវអ្វីក្តីស្រមៃទៅមុខទៀត។
ផ្ទុយទៅវិញ ការលើកទឹកចិត្តគឺមានផលអាក្រក់ដូចគ្នា។
ជាក់ស្តែង នៅពេលដែលបុគ្គលម្នាក់ត្រូវបានគេលើកទឹកចិត្ត សរសើរ ជំរុញចិត្តច្រើនពេកខុសពេល វាអាចនឹងធ្វើឲ្យបុគ្គលម្នាក់នោះ ក្លាយទៅជាមនុស្សម្នាក់ដែលមានអំនួតលើខ្លួនឯង គិតថាខ្លួនជាមនុស្សអស្ចារ្យ មានអ្នកត្រូវការច្រើន ហើយគ្រប់យ៉ាងដែលខ្លួនធ្វើសុទ្ធតែត្រូវ សុទ្ធតែល្អ គ្មានអ្នកណាដល់ខ្លួនឡើយ។
មួយវិញទៀត ប្រសិនបើយើងមានមោទកភាពលើខ្លួនឯងឆាប់រហ័សពេក ហើយមិនព្រមទទួលមតិរិះគន់ពីមនុស្សជុំវិញខ្លួន គិតថាមតិដែលគេជួយផ្តល់ឲ្យជាអ្នកច្រណែនឈ្នានីស ពេលនោះហើយអ្នកនឹងក្លាយជាមនុស្សបរាជ័យ។ ដោយសារតែអ្នកមិនមែនជាមនុស្សដែលបើកចិត្តអោយទូលាយព្រមទទួលយកគ្រប់យ៉ាងដែលគេផ្តល់ឲ្យ។ ការទទួលយកគំនិតពីមនុស្សដែលនៅជុំវិញខ្លួនផ្តល់ឲ្យមកគិតគឺជារឿងល្អបំផុតសម្រាប់មនុស្សជោគជ័យ ព្រោះអ្នកមានសិទ្ធយកឬមិនយកបាន នៅពេលដែលអ្នកគិតថាល្អអ្នកក៏យក បើអ្នកគិតថាមិនល្អក៏បោះចោល។
ចុងក្រោយ ប្រសិនបើអ្នកជាកីឡាកររត់ប្រណាំង ហើយអ្នករត់ដល់កៀកគោលដៅមុនគេ បន្ទាប់អ្នកក៏ចាប់ផ្តើមបន្ថយល្បឿននៃការរត់ បែរមកជាការទាមទារចំណាប់អារម្មណ៍ពីអ្នកទស្សនាទាំងមិនបានគិតថាអ្នកណាជាអ្នកឈ្នះឲ្យប្រាកដឡើយ ព្រោះមិនទាន់មាននរណាម្នាក់ដល់គោលដៅទាំងអស់ សូម្បីតែអ្នកដែលជាកីឡាករដែលនាំមុខគេក៏ដោយ។ ហេតុនេះហើយយើងគួរគម្បីយកជ័យជម្នះឲ្យបានជាមុនសិន រួចទាមទារចំណាប់អារម្មណ៍ពីអ្នកទស្សនាក៏មិនទាន់យឺតពេលដែរ។ ត្បិតបើអ្នករវល់តែទាមទារចំណាប់អារម្មណ៍ពីអ្នកទស្សនាខ្លាំងពេក កីឡាករដែលទទួលបានជ័យលាភីអាចមិនមែនជាអ្នក ព្រោះតែការប្រកួត មិនមែនមានតែអ្នកម្នាក់ឡើយ។
អត្ថបទដោយ : Mr. Fun Cambodia:
សូមទស្សនាវីឌីអូខាងក្រោម៖