ខ្ញុំនៅតែមិនយល់ទាល់តែសោះថា ហេតុអ្វីបុគ្គលមួយចំនួនមានលុយចាយមិនអស់ហើយ នៅតែចង់បានអាហារូបករណ៍ដោយអត់កេរ្តិ៍ខ្មាស ដោយមិនទំនងឱ្យកូនរបស់ខ្លួនទៀត? ហេតុអ្វីមិនព្រមបរិច្ចាគ ចែករំលែក និងទុកឱកាសនោះឱ្យទៅកូនអ្នកក្រីក្រខ្លះផង? បើមិនបានចូលរួមជួយដល់បុគ្គលខ្វះលទ្ធភាព ឬមិនបានចូលរួមចំណែកជួយដល់សង្គមទេ ពុំគួរឆ្លៀតឱកាស ឆក់ពីមាត់ ពង្រាត់ពីក គ្នាអ្នកខ្សត់ខ្សោយខ្វះខាត ក្រីក្រ និងគ្មានឱកាសនោះអី។
ចំណែកម្ចាស់សាលា ឬអ្នកគ្រប់គ្រងសាលាមួយចំនួន គ្រាន់តែឮអ្នកធំមានអំណាចណាម្នាក់ហារមាត់សុំអាហារូបករណ៍ឱ្យកូន គាត់ព្រមស៊ីញេជូនគេដៃពីរដៃបីតែម្ដង។ បើគេហារមាត់សុំអាហារូបករណ៍១០កន្លែង គាត់ស៊ីញេជូនគេទាំង១០កន្លែង ដោយគ្មានស្ទាក់ស្ទើរបន្តិចឡើយ។ ការណ៍នេះ ដោយសារគាត់ចាញ់ច្រាបគេ ដោយសារគាត់ជាមនុស្សស្លន់ស្លោ និងមិនបានស្វែងយល់ពីប្រព័ន្ធច្បាប់ឱ្យច្បាស់លាស់ ទើបជាហេតុធ្វើឱ្យពួកគេបិទទ្វារសាលាទៅវិញម្ដងមួយៗជាបន្តបន្ទាប់។
ចំពោះខ្ញុំ ខ្ញុំមិនដែលស៊ីញេផ្ដល់អាហារូបករណ៍ឱ្យអស់លោកធំណាទេ ទោះបីនិយាយគំរាមថានឹងបិទសាលាខ្ញុំក៏ដោយចុះ។ ខ្ញុំមិនខ្លាចទេ ព្រោះខ្ញុំមិនបានធ្វើអ្វីខុសច្បាប់ផងហ្នឹង។ ដូច្នេះបើមានអ្នកធំណាដាក់លិខិតស្នើសុំអាហារូបករណ៍ឱ្យកូន មកសាលាខ្ញុំ១០នាក់ គឺខ្ញុំបដិសេធចោលទាំង១០តែម្ដង។
ដូច្នេះ យើងគួរតែពួតដៃគ្នាលុបបំបាត់រូបភាពដ៏អាក្រក់ហ្នឹងចោល (អាហារូបករណ៍គំរាមកំហែង)។ ដើម្បីលុបបំបាត់រូបភាពដ៏អាក្រក់នេះឱ្យអស់ពីសង្គមខ្មែរ គឺមានតែកូនខ្មែរជំនាន់ក្រោយប៉ុណ្ណោះដែលអាចធ្វើបាន។ តើគួរធ្វើយ៉ាងម៉េច? គឺកូនខ្មែរគ្រប់រូបត្រូវតែខិតខំសិក្សារៀនសូត្រឱ្យបានជ្រៅជ្រះ និងមានចំណេះដឹងទូលំទូលាយ។ ជាពិសេសកុំមានចិត្តលោភលន់ដូចបុគ្គលមានអំណាចមួយចំនួនឱ្យសោះ។ នៅពេលកូនខ្មែរជំនាន់ក្រោយធ្វើបែបនេះបាន នោះមិនថាកូនអ្នកមាន ឬកូនអ្នកក្រីក្រទេ គឺសុទ្ធតែអាចមានឱកាសបន្តការសិក្សាបានខ្ពង់ខ្ពស់ដូចគ្នា។ ពេលសង្គមពោរពេញដោយអ្នករៀនសូត្រចេះដឹង នោះប្រទេសជាតិនឹងអភិវឌ្ឍជឿនលឿនមិនខាន។
សូមអ្នកមានៗ និងអ្នកធំៗមួយចំនួនដែលធ្លាប់សុំអាហារូបករណ៍គេ មេត្តាឈប់ចង់បានទៀតទៅ ទុកឱកាសឱ្យកូនអ្នកក្រីក្រទៅ ទុកឱកាសឱ្យអ្នកចង់រៀនសូត្រពិតប្រាកដតែខ្វះលទ្ធភាពបង់ថ្លៃការសិក្សាទៅ។ ពោលទុកអាហារូបករណ៍នោះឱ្យកូនអ្នកក្រីក្រ អ្នកដែលខ្វះពិត ហើយអ្នកដែលចង់រៀនពិតដែរ៕
រក្សាសិទ្ធិ ៖ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី #MJQUP