លើលោកនេះ គ្មានបុរសល្អ ឥតខ្ចោះនោះទេ។ នៅចំណុចខ្លះ បុរសអាចធ្វើឱ្យអ្នកមានការខកចិត្ត និងអាក់អន់ចិត្តដែលគាត់មិនអាចល្អគ្រប់យ៉ាងតាមអ្វីដែលអ្នកប្រាថ្នាចង់បាន។ តែចំពោះក្តីស្រលាញ់ពិត ខ្ញុំជឿថាមនុស្សស្រីនឹងព្រមទទួលយកភាពពិតរបស់បុរសដែលខ្លួនស្រលាញ់គ្រប់យ៉ាង ទាំងផ្នែកល្អ និងផ្នែកអាក្រក់ ព្រោះជាមនុស្សគ្មានអ្នកណាល្អឥតខ្ចោះទេ តែដោយសារតែគេមានចំណុចដែលអ្នកអាចទទួលយកបាន និងអាចអត់ឱនបានទើបអ្នកបានដាក់ចិត្តស្រលាញ់បានដល់ពេលនេះ។
តោះមកដឹងពីវិធីងាយៗដើម្បីស្រលាញ់មនុស្សប្រុស៖
១. យល់ចិត្ត៖ មនុស្សប្រុសទាំងអស់គ្មាននរណាម្នាក់ដែលមានភាពល្អឥតខ្ចោះនោះទេ។ ពេលខ្លះចិត្តគេវៀចវេរ ពេលខ្លះគេគ្មានចិត្តអត់ធ្មត់ ពេលខ្លះគេក៏មិនអាចទ្រាំទ្រនឹងអារម្មណ៍ប្រែប្រួលរបស់មនុស្សស្រីដែរ។ ព្រោះពេលខ្លះមនុស្សប្រុសក៏ចេះខឹង អន់ចិត្ត និងមានអារម្មណ៍ប្រែប្រួលចុះឡើងដូចគ្នា។
ព្យាយាមយល់ពីចិត្តមនុស្សប្រុស ហើយចេះសម្របតាមខ្លះ ត្រូវដឹងថាមនុស្សប្រុសដូចចាប៉ី រឹតខ្សែតឹងពេកអាចដាច់ រឹតខ្សែធូរពេកអាចរលុង ចូលរក្សាចន្លោះឱ្យបុរសខ្លះផង។
២. សេរីភាព៖ ចូរផ្តល់សេរីភាពឱ្យបុរសធ្វើរឿងដែលគាត់ចង់ធ្វើ កុំព្យាយាមឱបរឹត បិទសិទ្ធ និងចាប់ក្របួចកបុរសឱ្យស្ថិតតែនៅក្នុងកណ្តាប់ដៃអ្នកតែម្នាក់ឱ្យសោះ។
ការពិត ប្រសិនជាបុរសម្នាក់នោះស្រលាញ់អ្នក និងត្រូវការអ្នកពិត មុនពេលធ្វើអ្វីគេនឹងចេះគិត ហើយមិនធ្វើអ្វីដែលនាំឱ្យអ្នកឈឺចាប់នោះឡើយ ។
ដឹងទេ បុរសមានរឿងជាច្រើនដែលត្រូវធ្វើ ទាំងរឿងគ្រួសារ រឿងមិត្តភក្តិ និងរឿងផ្ទាល់ខ្លួន ពោលគេក៏មានជីវិតផ្ទាល់ខ្លួនគេដែរ អ្នកមិនមែនជាពិភពលោករបស់គេ អ្នកមិនមែនជាជីវិតគេ អ្នកគ្រាន់តែជាចំណែកមួយនៅក្នុងជីវិតគេប៉ុណ្ណោះ។
៣. ធ្វើរឿងខ្លះដើម្បីគេ៖ ប្រឹងប្រែងធ្វើរឿងតូចតាចខ្លះដើម្បីគេ បង្ហាញពីក្តីស្រលាញ់ ការបារម្ភ និងការមើលថែ ដូចជាអាចសូរនាំគេថា តើគេសុខសប្បាយទេ? ជីវិតគេនៅថ្ងៃនេះយ៉ាងម៉េចដែរ? តើគេមានបញ្ហាអី? តើមានអ្វីដែលយើងអាចគេបានទេ? និយាយរួមស្រលាញ់គេឱ្យបានច្រើនតាមដែលអាចធ្វើបាន ពិសេសសូមមានចិត្តអំណត់ជាមួយមនុស្សប្រុសដែលអ្នកស្រលាញ់ឱ្យបានច្រើន។
៤. គោរព៖ បង្ហាញពីការគោរពចំពោះគេក្នុងនាមគេជាមនុស្សប្រុសដែលអ្នកស្រលាញ់ ជាសង្សារ ឬជាប្តីរបស់អ្នក។ សូមទុកចិត្ត មានជំនឿចិត្ត និងគោរពការសម្រេចចិត្តរបស់គេ ផ្តល់តម្លៃឱ្យគេ និងចាំគាំទ្រនូវអ្វីដែលគេជ្រើសរើសនឹងធ្វើ តែបើគិតថាគេសម្រេចចិត្តមិនត្រឹមត្រូវអ្នកគួរតែព្យាយាមនិយាយ និងពន្យល់គេដោយសន្តិវិធី មិនមែនជាការគម្រាម បង្ខំ និងច្រលោតខឹងឱ្យគេស្របតាមអ្នកគ្រប់រឿងនោះឡើយ។
៥. បង្ហាញពីក្តីស្រលាញ់មើលថែ៖ ព្យាយាមបង្ហាញគេថា អ្នកស្រលាញ់ បារម្ភ និងមើលថែគាត់ខ្លះ មិនមែនផ្អែមល្ហែមខ្លាំងពេក ឬសោះកក្រោះខ្លាំងពេកនោះទេ។ អ្នកអាចថើបគាត់ខ្លះ ឱបគាត់ខ្លះ ឬបង្ហាញថាអ្នកនឹងនៅក្បែរគេជានិច្ចទោះមានរឿងអ្វីក៏ដោយ។
៦. យកចិត្តទុកដាក់៖ មិនមែនតែមនុស្សស្រីទេ ដែលត្រូវការយកចិត្តទុកដាក់ពីបុរស តែបុរសក៏ត្រូវការមនុស្សស្រីបារម្ភ និងយកចិត្តទុកដាក់ចំពោះខ្លួនដែរ។ គាត់ក៏ត្រូវការភាពច្បាស់លាស់ និងការធានាថា អ្នកនឹងជាមនុស្សម្នាក់ដែលនៅក្បែរគាត់គ្រប់កាលៈទេសៈ។ ចូរបង្ហាញពីក្តីស្រលាញ់ និងភាពស្មោះត្រង់ កុំធ្វើរឿងឱ្យបុរសមានការសង្ស័យឱ្យសោះ៕
អត្ថបទរក្សាសិទ្ធ៖ ក្នុងស្រុក