មិត្តភក្តិ ៥ប្រភេទ ដែលយើងត្រូវការនៅក្នុងជីវិត

យើងទាំងអស់គ្នាច្រេីនតែមានមនុស្សដែលអាចលួងលោមចិត្តក្នុងជីវិត ហើយជារឿយៗនេះ គឺជាមិត្តល្អបំផុតរបស់យើង។ មិត្តភាព គឺមានសារៈសំខាន់ណាស់នៅក្នុងជីវិតរបស់យើង ហើយជារឿយៗមិត្តភក្តិ គឺជាមនុស្សដំបូងដែលយើងងាកទៅរក ពេលណាដែលយើងជួបនឹងបញ្ហាអារម្មណ៍សោកសៅ ឬ ភ័យខ្លាច ឬ នៅពេលណាដែលយើងរំភើបរីករាយ និងត្រៀមខ្លួនសម្រាប់ការដេីរលេងផ្សងព្រេងផ្សេងៗ។

យើងទាំងអស់គ្នាត្រូវការ នរណាម្នាក់ដែលយើងអាចបញ្ចេញមតិដោយសេរីពីបេះដូង និងបង្ហាញពីអាថ៌កំបាំងដ៏ជ្រាលជ្រៅរបស់យើង នរណាម្នាក់ដែលយើងអាចយំ និងសើចជាមួយគ្នា នរណាម្នាក់ដែលនឹងរីករាយនឹងជីវិតជាមួយយើង។

ទោះយ៉ាងណាយើងនឹងជួបមនុស្សផ្សេងគ្នាជាច្រេីនពេញមួយជីវិត ដូច្នេះយើងត្រូវអភិវឌ្ឍចំណងមិត្តភាពជាមួយពួកគេ។ នៅពេលយើងពេញវ័យ យើងដឹងថាមិត្តភក្តិរបស់យើង គឺជាទិដ្ឋភាពថេរនិងចាំបាច់នៃជីវិតរបស់យើង ដូច្នេះយើងចាប់ផ្តើមជ្រើសរើសពួកគេដោយឈ្លាសវៃ។

ការសម្រេចចិត្តមួយក្នុងចំណោមការសម្រេចចិត្តសំខាន់បំផុតដែលយើងទាំងអស់គ្នាធ្វើនៅក្នុងជីវិត គឺថាយើងចំណាយពេលរបស់យើងជាមួយនរណា។

នេះជាមិត្តភក្តិ ៥ ប្រភេទដែលអ្នកគួរតែនៅក្បែរសម្រាប់ជីវិត៖

- មិត្តដែលស្តាប់អ្នក គាំទ្រអ្នក ផ្តល់ការណែនាំ និងដំបូន្មាន។ ពួកគេតែងតែត្រៀមខ្លួនដើម្បីចាំស្តាប់ដោយមិនគិតច្រេីន។

- មិត្តភក្តិដែលលើកទឹកចិត្តអ្នក ធ្វើឱ្យអ្នកវិជ្ជមាន និងលើកទឹកចិត្តអ្នកឱ្យបន្តក្តីសុបិន្តរបស់អ្នក។ មនុស្សទាំងនេះមានឆន្ទៈក្នុងការប្រថុយ ហើយនឹងជួយបង្រៀនអ្នកឱ្យចាកចេញពីកន្លែងស្រួលៗ និងសម្រេចគោលដៅធំៗជាច្រេីនទៀតនៅក្នុងជីវិត។

- មិត្តដែលអ្នកអាចជឿទុកចិត្តបាន ហើយគេស្មោះត្រង់នឹងអ្នក ទោះបីជាគេធ្វើឱ្យអារម្មណ៍អ្នកឈឺចាប់ពេលខ្លះក៏ដោយ។

- មិត្តភក្តិចិត្តល្អ និងមិនអាត្មានិយម ដែលស្រឡាញ់អ្នក គោរព និងជឿជាក់លើអ្នក។

- មិត្តភក្តិដែលមានក្តីសុបិន្ត ពួកគេនឹងបំផុសអ្នកឱ្យមានគំនិតច្នៃប្រឌិត និងការចេះផ្តួចផ្តើមគំនិត។

ប្រសិនបើអ្នកមានសំណាង និងបានរកឃើញមិត្តភក្តិទាំងនេះរួចហើយ សូមប្រាកដថាមិនបែកបាក់គ្នា។

ប្រភព៖ www.goodnet.org | www.yourtango.com | www.carlytheprepster.com