ជឿថានរណាៗក៏ចង់ទទួលបានផ្ទៃមុខស្រស់ស្អាតដែរ ដោយអ្នកខ្លះហ៊ានចំណាយលុយទិញផលិតផលផង ទៅកែសម្ផស្សផង ពេលខ្លះនៅតែគ្មានប្រសិទ្ធភាព។
ជាក់ស្តែងណាស់ ការប្រើប្រាស់ផលិតផលគីមីមិនល្អដូចជាការថែទាំតាមបែបធម្មជាតិនោះឡើយ ហេតុនេះហើយលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា គ្រាន់តែអនុវត្តតាមវិធីសាស្រ្តសាមញ្ញងាយៗមួយចំនួនដូចខាងក្រោម អ្នកនឹងទទួលបានផ្ទៃមុខស្រស់ស្អាតជាមិនខាន៖
ទី១. នៅពេលដើរចេញទៅក្រៅផ្ទះត្រូវកម្ដៅថ្ងៃ ហើយត្រឡប់ចូលក្នុងផ្ទះវិញ សូមកុំទាន់លុបលាងមុខភ្លាមៗឱ្យសោះ ត្រូវរង់ចាំយ៉ាងហោចណាស់១៥នាទីសិនសឹមលុបលាងមុខ។ ហេតុអ្វី? ព្រោះថា បើយើងលុបមុខទាំងដែលស្បែកមុខកំពុងតែក្ដៅ វានឹងធ្វើឱ្យស្បែកមុខយើងជាំ ឬរោលមិនខានឡើយ។
ទី២. ការបាត់បង់ជាតិទឹក ឬខ្វះជាតិក្នុងខ្លួន ជាមូលហេតុធ្វើឱ្យស្បែករបស់យើងជ្រីវជ្រួញ គ្រើម និងចាស់ជាងវ័យ។ ដូច្នេះដើម្បីឱ្យស្បែកភ្លឺរលោង និងមានសំណើមល្អ ក្នុងមួយថ្ងៃត្រូវញ៉ាំទឹកឱ្យបានចន្លោះពី៨ទៅ១២កែវ។ ត្រូវចាំថា បើអ្នកញ៉ាំទឹកបានកាន់តែច្រើន នោះស្បែករបស់អ្នកក៏កាន់តែស្រស់ស្អាត និងភ្លឺរលោងផងដែរ។
ទី៣. មនុស្សភាគច្រើនចូលចិត្តយកដៃទៅអង្អែលស្បែកមុខលេង ជាហេតុធ្វើឱ្យស្បែកមុខពួកគេក្រវេមក្រវាមដូចមុខមេអំបៅ។ មានន័យថា ដៃយើងកុំរពិសពេក កុំប៉ះឬអង្វែល កុំឆ្កឹះផ្ទៃមុខលេង ព្រោះដៃយើងពោរពេញទៅដោយមេរោគ។ បើមេរោគនៅជាប់ដៃ ហើយយកដៃទៅអង្អែលផ្ទៃមុខ ឬឆ្កឹះឆ្កៀលផ្ទៃមុខលេង នោះប្រាកដជាធ្វើឱ្យមុខយើងជាំ ឬដំបៅមិនងាយជាឡើយ។
ទី៤. ត្រូវលុបមុខនឹងទឹកក្ដៅឧណ្ហៗឱ្យបានញឹកញាប់។ ទោះបីជារវល់នឹងការងារខ្លាំងយ៉ាងណាក៏ដោយ ក្នុងមួយថ្ងៃត្រូវលុបលាងមុខនឹងទឹកក្ដៅឧណ្ហៗយ៉ាងតិចឱ្យបាន៤ដង ហើយយកកន្សែងស្អាតមកជូតផ្ទៃមុខថ្នមៗ។ ក្នុងរយៈពេលលុបលាងមុខដំបូង ស្បែកមុខឡើងតឹង និងរបកៗបន្តិច ប៉ុន្តែលុះពេលលុបបានប្រហែលជា២ទៅ៣សប្ដាហ៍ក្រោយមក ស្បែកមុខយើងឡើងទន់ល្មើយខុសពីធម្មតា ហើយរលោងថែមទៀតផង។
ទី៥. កក់សក់ឱ្យបានញឹកញាប់។ ប្រសិនបើយើងខ្ជិលកក់សក់ នោះស្បែកមុខយើងក៏អាក្រក់ទៅតាមហ្នឹងដែរ។ ដូច្នេះរាល់ពេលមុនចូលគេងត្រូវកក់សក់ និងលាងមុខនឹងសាប៊ូឱ្យបានស្អាត ដើម្បីកុំឱ្យមានមេរោគនៅជាប់ស្បែកក្បាល និងផ្ទៃមុខរបស់យើង។ ប្រសិនបើយើងមិនបានកក់សក់ និងលាងសម្អាតមុខមុនពេលចូលគេងទេ ខ្លាញ់និងធូលីដីនៅមុខយើង បូករួមនឹងសក់មានមេរោគទៀត ដូច្នេះពេលយើងគេងទៅប៉ះចុះប៉ះឡើងធ្វើឱ្យរន្ធស្បែកផ្ទៃមុខបិទរន្ធជិតអស់រលីង ជាហេតុធ្វើឱ្យមុខយើងឡើងជាំ កើតមុន និងធ្វើឱ្យមុខចាស់មុនអាយុ។
ទី៦. បោកគក់ស្រោមខ្នើយ។ តើប៉ុន្មានថ្ងៃទើបអ្នកទាំងអស់គ្នាបោកគក់ស្រោមខ្នើយម្ដង? អ្នកខ្លះមួយខែបោកគក់ម្ដង អ្នកខ្លះទៀតកន្លះឆ្នាំសឹមបោកគក់ម្ដង។ បើខ្ជិលដល់ម្ល៉ឹងៗ តើឱ្យផ្ទៃមុខរលោងស្អាតយ៉ាងម៉េចនឹងកើតទៅ? ក្នុងមួយសប្ដាហ៍ត្រូវបោកគក់ ឬប្ដូរស្រោមខ្នើយឱ្យបានពីរដងយ៉ាងតិច។ ព្រោះបើមិនងាយប្ដូរ ឬមិនងាយបោកគក់ស្រោមខ្នើយញឹកញាប់ទេ ធូលីដីនិងមេរោគផ្សេងៗនឹងផ្ដុំគ្នានៅជាប់ស្រោមខ្នើយ ដល់ពេលយើងកើយទៅធ្វើឱ្យមុខយើងឡើងមុន ឬអាឡែកហ្ស៊ីជាដើម។
ទី៧. កុំញ៉ាំអាហារមានជាតិខ្លាញ់ ហឹរ ជូរ ចត់ និងប្រើគ្រឿងគ្រៅច្រើន ព្រោះអាហារទាំងអស់ហ្នឹងសុទ្ធតែអាឡែកហ្ស៊ីជាមួយស្បែកមុខរបស់យើង។
ទី៨. កុំលាបឡេ ឬម្សៅផ្ដេសផ្ដាស។ ឡេនិងម្សៅ គឺជាផលិតផលដែលមានផ្ទុកសារធាតុគីមីដែលអាចធ្វើឱ្យស្បែករបស់យើងអាឡែកហ្ស៊ី រមាស់ ហើម ឡើងក្រហម និងដំបៅជាដើម។ ប៉ុន្តែក្នុងករណីយើងចង់លាប គឺត្រូវតែលាបសាកល្បងកន្លែងណាមួយសិន ហើយប្រសិនបើគ្មានប្រតិកម្មអ្វីទេ យើងអាចលាបបាន។
ទី៩. ត្រូវហាត់ប្រាណឱ្យបានច្រើន។ ការហាត់ប្រាណ ក៏ជាចំណែកមួយជួយឱ្យស្បែកយើងស្រស់ស្អាត និងតឹងណែនផងដែរ។ នៅពេលហាត់ប្រាណបែកញើស ជាតិពុលក្នុងខ្លួនទាំងប៉ុន្មាននឹងហូរជ្រាបចេញតាមញើស ដូច្នេះវាធ្វើឱ្យកោសិកាស្បែកយើងមានសុខភាពល្អ៕