គួរឲ្យសរសើរ! ប្រជាពលរដ្ឋប្រគល់សត្វស្វាកម្របំផុត២ក្បាលឲ្យក្រុមការងារអភិរក្សសត្វព្រៃខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ÷ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារអភិរក្សសត្វព្រៃចល័តរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយអង្គការ WWF បានប្រគល់កូនសត្វស្វាចំនួន២ក្បាល ទៅឲ្យមន្រ្តីជំនាញអភិរក្សសត្វព្រៃនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដើម្បីបន្តការថែទាំ ការពារ និងអភិរក្ស ខណៈសត្វស្វាទាំង២ក្បាលនេះត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងខេត្តមណ្ឌលគិរី ប្រគល់មកឲ្យមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។

101395841_888913594925535_2555126720709525504_o

សត្វស្វាក្រវ៉ាត់ ឬស្វាកន្ទុយស មានឈ្មោះជាភាសាអង់គ្លេសហៅថា Douc Langur គឺជាថនិកសត្វស្ថិតក្នុងក្រុមមានដោយកម្រ ហើយត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធ១ នៃអនុសញ្ញាស្ដីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វនិងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់ ហៅកាត់ថា CITES ។ បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋរស់នៅភូមិពូត្រុំ បង្ហាញថា កូនស្វាកន្ទុយស១ក្បាលនេះ លោកទទួលបានពីបងប្អូនជនជាតិដើមភាគតិច ហើយលោកបានយកមកចិញ្ចឹម ប៉ុន្តែដោយលោកបានស្វែងយល់អំពីការចិញ្ចឹមសត្វព្រៃគឺជាសកម្មភាពប្រាសចាកពីច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ទើបលោកនិងក្រុមគ្រួសារសម្រេចប្រគល់ឲ្យមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីចូលរួមការងារអភិរក្សសត្វព្រៃ ខណៈសត្វស្វា១ក្បាលនេះជាប្រភេទមានដោយកម្រ និងជិតផុតពូជទៅហើយ។

100532397_888913744925520_314387470013693952_n

ដោយឡែក កូនស្វាត្រោសចំនួន១ក្បាលទៀត ក៏ត្រូវបានប្រជាពលរដ្ឋរស់នៅភូមិពូទឺត ក្នុងឃុំប៊ូស្រា ប្រគល់ឲ្យមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីចូលរួមអភិរក្សសត្វព្រៃផងដែរ។ សត្វស្វាត្រោស គឺជាថនិកសត្វស្ថិតក្នុងក្រុមមានដោយបង្គួរ មានឈ្មោះជាភាសាអង់គ្លេសហៅថា Pig-Tailed Macaque ហើយត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធ២ នៃអនុសញ្ញា CITES ។

100476189_888913661592195_2202748048759586816_o

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បានសម្ដែងការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើប្រភេទសត្វស្វាកន្ទុយស ដែលក្រុមការងារអនុវត្តច្បាប់ចល័ត ទទួលបានពីបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តមណ្ឌលគិរី។ លោកថ្លែងថា៖ “ថ្មីៗនេះ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទទួលបានកូនសត្វស្វាក្រវ៉ាត់ ឬស្វាកន្ទុយស សរុបចំនួន២ក្បាលពីប្រជាពលរដ្ឋ ជាពិសេសគឺជាកូនស្វានៅតូច ដែលនេះជាការឆ្លុះបញ្ចាំងអំពីជម្រករបស់ពួកវាត្រូវបានរំខានដោយសារសកម្មភាពប្រមាញ់មានការកើនឡើង និងការលួចកាប់ទន្រ្ទានព្រៃស្រោងដែលជាជម្រកដ៏សំខាន់របស់ពួកវា ពីព្រោះវាចូលចិត្តរស់នៅក្នុងព្រៃស្រោង ហើយពួកវាកំពុងតែទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំង”។

100748018_888914641592097_1101973266806865920_o

លោកបានណែនាំដល់នាយកដែនជម្រកសត្វព្រៃក្នុងតំបន់ការពារធម្មជាតិទាំង៥តំបន់ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ត្រូវបន្តចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុតក្នុងការទប់ស្កាត់ការគំរាមកំហែងទៅលើសកម្មភាពបរបាញ់ និងការលួចទន្រ្ទានដីព្រៃក្នុងតំបន់ការពារធម្មជាតិ។ លោកបានសម្ដែងការព្រួយបារម្ភអំពីចំនួននៃការថយចុះទៅលើសត្វស្វាប្រភេទនេះ ដោយសារសកម្មភាពបរបាញ់កើនឡើង និងការបាត់បង់គម្របព្រៃស្រោងដែលជាទីជម្រករបស់សត្វស្វាកន្ទុយស។

101407870_888913778258850_5802288843080073216_n

ថ្លែងនៅក្នុងវិទ្យុជាតិកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានអំពាវនាវ និងទទូចដល់អ្នកពាក់ព័ន្ធទាំងអស់សូមផ្ដោតការចាប់អារម្មណ៍ទៅលើសត្វព្រៃប្រភេទមានដោយកម្រដទៃជាច្រើនទៀត និងចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ដើម្បីបង្កើនភាពស្រស់ស្អាតបៃតងរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងខេត្តមណ្ឌលគិរី ឲ្យបានគង់វង្សសម្រាប់បម្រើដល់វិស័យទេសចរណ៍ និងការសិក្សាស្រាវជ្រាវ។

101280351_888913498258878_3557262978799632384_o

គួររម្លឹកជូនថា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១២ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហត្តលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់ស្ដីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្ដីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះ (CITES) ដែលកម្ពុជាបានក្លាយជាសមាជិកនៃអនុសញ្ញានេះកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ១៩៩៧ ដែលមាន១៤០ប្រទេសចូលរួម៕

100935281_888913474925547_2169802600172486656_o