តេី​ “វ៉ាកង”​ និង​ “ចូលកង”ជាពាក្យខ្មែរសុទ្ធ​ ឬជាពាក្យកម្ចី?

វ៉ាកង​ ជាពាក្យដែលប្រជាជនគ្រប់ស្រទាប់វណ្ណៈនាំគ្នានិយាយរត់មាត់​ ដេីម្បីហៅពេលវេលាឈប់សម្រាកពីការសិក្សារបស់សិស្ស​ និស្សិតទាំងឡាយ​ ។ ក្នុងមួយឆ្នាំសិក្សា​ សិស្សានុសិស្ស​បឋមសិក្សា​ និងមធ្យមសិក្សា មានពេលឈប់សម្រាកពីរលេីកសំខាន់ៗ​ គឺ​ លេីកទី១​ មានរយៈពេល​ ១៥​ ថ្ងៃ​ និង​លេីកទី២​ មានរយៈពេល​ ០២​ ខែ​ ។ ការឈប់សម្រាកទាំងពីរលេីកនេះត្រូវបានគេហៅរត់មាត់ថា​ "វ៉ាកងតូច​"​ និង​ "វ៉ាកងធំ"​ ។ មកដល់ត្រឹមនេះ​ ខ្ញុំសូមបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាថា​ "វាកង"​ ជាពាក្យកម្ចីមកពី​ vacance ដែលជានាមឥត្ថីលិង្គនៃភាសាបារាំង​ ហេីយវាត្រូវនឹងពាក្យថា​ vacation ក្នុងភាសាអង់គ្លេស​ ។

អ៊ីចឹង​ តេីមានពាក្យអ្វីដែលមានន័យដូចនឹង​ "វ៉ាកង"​ ដែរឬទេ?

តាមពិតទៅ​ "វ៉ាកង"​ ជាពាក្យដែលគេប្រេីទូទៅក្នុងភាសានិយាយ​ រីឯក្នុងសំណេរ​ផ្លូវការ​ ឬការប្រេីប្រាស់ជាផ្លូវការ​ គេតែងតែប្រេីពាក្យកម្ចីមួយផ្សេងទៀត​ ។ នោះ​ គឺ​ "វិស្សមកាល"​ ។ នៅក្នុងលិខិតផ្លូវការ​ គេឃេីញមានការប្រេីពាក្យ​ "វិស្សមកាលតូច"​ ជាជំនួសឱ្យ​ "វ៉ាកងតូច"​ និង​ "វិស្សមកាលធំ"​ ជាជំនួសឱ្យ​ "វ៉ាកងធំ"​ វិញ​ ។

ចុះពាក្យថា​ "ចូលកង"​ នោះ​យ៉ាងណាដែរ?

ពាក្យ​ "ចូលកង"​ ហាក់ពិបាកនឹងចាត់ជាប្រភេទណាឱ្យប្រាកដណាស់​ ត្បិតអី​ ពាក្យនេះកេីតពីកិរិយាសព្ទ​ "ចូល"​ +​ "កង"​ (ព្យាង្គខាងចុងនៃ​ពាក្យ​ "វ៉ាកង")​ ។ យេីងប្រេីពាក្យ​ "ចូលកង"​ នេះ​រត់មាត់​ ជាពាក្យផ្ទុយនៃពាក្យ​ "វ៉ាកង"​ ។ ដូច្នេះ​ ពាក្យនេះមានន័យជាប្រាកដថា​ ការវិលត្រឡប់ពីឈប់សម្រាកនិងរៀនសូត្របន្ត​ របស់សិស្ស​ និស្សិត។ យ៉ាងណាមិញ​ ដូចគ្នានឹងពាក្យ​ "វ៉ាកង"​ ដែរ​ ពាក្យ​ "ចូលកង"​ នេះ​ គេប្រេីក្នុងការនិយាយ​ ។ ពាក្យផ្លូវការរបស់វា​ គឺ​ "បវេសនកាល"​ ។

Back To School 2614359_960_720

សរុបមក​ ពាក្យ​ "វ៉ាកង"​ និង​ "ចូលកង"​ ជាឧទាហរណ៍មួយ​ ដែលបង្ហាញពីល្បាយនៃពាក្យកម្ចីបរទេសក្នុងភាសាខ្មែរយេីង​ ។ សេចក្តីជ្រៅជ្រះដែលទាក់ទងនឹងផ្នែកអក្សរសាស្ត្រយ៉ាងណានោះ​ គឺ​ ហួសពីដែនសមត្ថភាពរបស់ខ្ញុំបាទ​ ។ ខ្ញុំសូមបញ្ចប់ខ្លីតែត្រឹមណេះ​ ។ 😎😍🙏

------------------

វ៉ាកងមិនដូចចូលកង​ តែវ៉ាកងស្រដៀងចូលកង​ (សម្រាប់យេីង)​ ។

ផ្តល់សិទ្ធដោយ៖ Hun Sen Kang Tanoeng High School

ប្រភពរូបភាព៖ pixabay.com