គ្រាន់តែលឺពាក្យថា CoCa CoLa ឬសរសេរជាខ្មែរថា កូកាកូឡា មនុស្សស្ទើរទូទាំងពិភពលោកប្រាកដជាស្គាល់នូវភេសជ្ជៈដ៏ល្បីល្បាញមួយនេះជាក់មិនខាន។ តើប្រវត្តិរបស់ភេសជ្ជៈ មួយនេះមានប្រភពយ៉ាងដូចម្តេច? តើផលិតដំបូងនៅឆ្នាំណា? និងផលិតនៅប្រទេសណានាគ្រាដំបូង?ហើយថាតើផលិតដោយនរណា?
តាមពិតទៅភេសជ្ជៈមួយនេះបានផលិតឡើងដំបូង ដោយលោក John S. Pemberton នៅក្នុងឆ្នាំ១៨៨៦ តែគ្រាដំបូងនោះរូបលោកគ្រាន់តែមានចេតនាត្រឹមយកធ្វើជាភេសជ្ជៈដាក់ក្នុងតូប ឬតៀមកាហ្វេពីបុរាណតែប៉ុណ្ណោះ សម្រាប់ឲ្យអតិថិជនមកពិសារ និងជជែកគ្នាលេង។ តូបរបស់លោកខាងលើ គឺមានទីតាំងនៅសហរដ្ឋអាមេរិក។ ដ្បិតលោក John S. Pemberton ជាអ្នកបង្កើតរូបមន្តភេសជ្ជៈមួយនេះឡើងដំបូងមកក្តី ប៉ុន្តែមិត្តរបស់លោកឈ្មោះ Frank M. Robinson ដែលជាអ្នកដាក់ពាក្យថា កូកាកូឡា នេះឡើង ហើយត្រូវបានប្រើប្រាស់មកទល់បច្ចុប្បន្នភាព។
បើគិតមកទល់សព្វថ្ងៃភេសជ្ជៈមួយនេះមានអាយុកាលលើសពី១១០ឆ្នាំមកហើយ ខណៈសព្វថ្ងៃនេះយោងតាមរបាយការណ៍ចេញផ្សាយឲ្យដឹងថា មានអ្នកផឹកប្រមាណ២ពាន់លានដងក្នុងមួយថ្ងៃ។ នៅក្នុងឆ្នាំ១៨៩៤ ដោយសារតែមានការគាំទ្រខ្លាំងចំពោះភេសជ្ជៈមួយនេះ ទីបំផុតលោក John S. Pemberton បានសម្រេចចិត្តបង្កើតការវេចខ្ចប់តាមរយៈការច្រកដាក់ដបជាលើកដំបូង ហើយត្រូវបញ្ចូនទៅលក់សម្រាប់អតិថិជនក្នុងប្រទេសជាមុនសិនប៉ុណ្ណោះ។
រហូតមកដល់ឆ្នាំ១៨៩៩ ដោយសារតែភាពទាក់ទាញកាន់តេខ្លាំងឡើង រហូតដល់ទាក់ភ្នែកអ្នកជំនួញ៣រូបបានចូលហ៊ុនគ្នាជួយអភិវឌ្ឍន៍ក្រុមហ៊ុន កូកាកូឡា ឲ្យកាន់តែធំឡើងៗ ថែមទៀត ពោលគឺការទិញសិទ្ធិតទៅវិនិយោគភេសជ្ជៈមួយនេះនៅក្រៅប្រទេសសហរដ្ឋអាមេរិក។ រហូតមកដល់ឆ្នាំ១៩៧៧ កូកាកូឡា ត្រូវបានពិភពលោកចុះក្នុងបញ្ជីនាមជាផ្លូវការត្រូវទទួលស្គាល់ជុំវិញពិភពលោកតែម្តង។
ក្នុងឆ្នាំ២០១៨ កន្លងទៅយោងតាមស្ថិតិរបស់ក្រុមហ៊ុនកូកាកូឡាពិភពលោកតែម្តង ចំនួនទឹកប្រាក់ដែលរកបានសរុបមានរហូតដល់ទៅ ៨៣.២១ពាន់លានដុល្លារ និងមានបុគ្គលិកបម្រើការសរុបទូទាំងផែនដីប្រមាណ ៦២ ៦០០នាក់ ព្រមទាំងមានតំណាងចែកចាយនៅតាមបណ្តាប្រទេសទាំងអស់ប្រមាណលើសពី២០០ទៅទៀត៕
ក្នុងស្រុករក្សាសិទ្ធ