អាពាហ៍ពិពាហ៍បានបញ្ចប់ជាញឹកញាប់នៅក្នុងពិភពលោក ដែលសូម្បីតែការកំណត់ត្រាក៏បង្ហាញថា ការលែងលះគឺមានអត្រាខ្ពស់បំផុតផងដែរ។ នៅក្នុងប្រទេសមួយចំនួនមិនមានអត្រានៃការលែងលះខ្ពស់ទេ ប៉ុន្តែក៏នៅតែមានភាគរយនៃការលែងលះ នេះដែរ។ យ៉ាងណាមិញការលែងលះ គឺជាចុងបញ្ចប់នៃសេចក្តីស្នេហា ចុងបញ្ចប់នៃក្តីសង្ឃឹម និងជារបួសស្នាមដ៏ចំបង ចំពោះប្តី ប្រពន្ធខ្លួនឯង និងកូនៗ។ កុមារងាយរងគ្រោះខ្លាំងណាស់ក្នុងអំឡុងពេលនេះ ហើយឪពុកម្តាយគួរតែព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីជៀសវាងកំហុសឆ្គងណាមួយដែលអាចបង្កជាបញ្ហាដល់ពួកគេ។
បើយោងតាមគេហទំព័រ Bright Side ពិតជាមិនអាចព្រងើយកន្តើយនឹងបញ្ហារបស់កុមារដែលអាចកើតឡើងក្នុងអំឡុងពេលឪពុកម្តាយលែងលះគ្នានោះទេ។ ដូច្នេះយើងបានព្យាយាមរៀបរាប់អំពីកំហុសទូទៅ ដែលឪពុកម្តាយតែងតែធ្វើ ព្រោះពេលខ្លះពួកគេអាចភ្លេចថា កុមារត្រូវការខ្លាំងណាស់នូវជំនួយ និងការគាំទ្រពីពួកគាត់។ យើងសង្ឃឹមថាចំណុចទាំង ១០ខាងក្រោមនេះ នឹងធ្វើអោយអ្នកអាន ពេញចិត្តជាក់ជាពុំខាន។
១. យល់ច្រឡំថា កុមារជាមនុស្សធំ
ដើម្បីចាប់ផ្តើមជាមួយពាក្យថា ៉កុមារមិនមែនជាមនុស្សពេញវ័យ ៉។ ពួកគេប្រហែលជាមិនទាន់យល់ច្បាស់ពីបញ្ហានៃការលែងនោះទេ។ អ្នកត្រូវទទួលខុសត្រូវចំពោះកូនៗ ហើយអ្នកត្រូវតែផ្តល់ឱ្យកូនៗ នូវអារម្មណ៍សុវត្ថិភាព និងជឿជាក់ថាអ្វីៗនឹងល្អប្រសើរ។
ចែករំលែកការព្រួយបារម្ភ និងបញ្ហារបស់អ្នកជាមួយមិត្តភក្តិ ក្រុមគ្រួសារ ឬអ្នកឯកទេស។ កុំផ្ទុកអោយកូនៗរបស់អ្នកជាមួយនឹងបញ្ហារបស់អ្នកទាំងនេះ។
២. អ្នកធ្វើឱ្យកូនរបស់អ្នកធ្វើការជ្រើសរើស
កុំបង្ខំកូនឱ្យជ្រើសរើសយករវាងឪពុក ឬម្តាយ។ បញ្ហានេះវាទាក់ទងទាំងទីកន្លែងរស់នៅនិងសំណួរសួរថា តើពួកគេចង់នៅជាមួយអ្នកណា? វាធ្វើឱ្យក្មេងមានអារម្មណ៍ថា ពួកគេកំពុងតែក្បត់នរណាម្នាក់ក្នុងចំណោមអ្នកទាំងពីរ។ ការជ្រើសរើសរបស់ពួកគេ នឹងធ្វើអោយម្នាក់ទៀត ឈឺចាប់ដោយមិនដឹងខ្លួន។
វាមិនយុត្តិធម៌សម្រាប់កុមារនោះទេ។ ការទៅតុលាការ ឬការសម្រេចចិត្ត វាជាបញ្ហាប្តី ឬប្រពន្ធ។ អ្នកអាចស្តាប់យោបល់របស់កូននៅពេលធ្វើការសំរេចចិត្ត ប៉ុន្តែក្នុងករណីណាក៏ដោយអ្នកមិនគួរចុចឱ្យកូនធ្វើការជ្រើសរើសនោះទេ។
៣. អ្នកកំពុងព្យាយាមទិញទឹកចិត្តកូន
នៅក្នុងការព្យាយាមធ្វើអោយកូនរបស់អ្នក មើលមកអ្នកល្អជាង ដៃគូរបស់អ្នក អាចនឹងធ្វើបាបកូនអ្នកទៅវិញ។ ឧទាហណ៍ ដូចជាការនិយាយថា ៉ស្រលាញ់ប៉ាទៅ ប៉ានឹងទិញឡានថ្មីអោយកូន ស្រលាញ់ម៉ាក់ទៅ ម៉ាក់នឹងទិញសម្លៀកបំពាក់ថ្មីៗអោយកូន ៉ការធ្វើបែបនេះវាមិនល្អសម្រាប់កូនៗរបស់អ្នកនោះទេ។ បន្តិចម្តងកូនរបស់អ្នកនឹងចាប់ផ្តើមធ្វើអ្វីដែលពួកគេចង់ធ្វើ ដោយមិនស្តាប់ការណែនាំ និងយោបល់របស់អ្នកនោះទេ។ នេះអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ បុគ្គលិកលក្ខណៈរបស់កូនៗ។
អ្នកគួរតែធ្វើកិច្ចព្រមព្រៀងជាមួយដៃគូរបស់អ្នក អំពីគោលការណ៍ចិញ្ចឹមបីបាច់កូនៗ ដែលអ្នកទាំងពីរត្រូវធ្វើតាម។ វិន័យ និងការយល់ដឹងអំពីអ្វី ដែលអាចអនុញ្ញាតអោយធ្វើបានគួរតែមាន ទោះបីជាមានបទពិសោធឈឺចាប់នៃការលែងលះគ្នាក៏ដោយ។ នេះក៏អនុវត្តចំពោះអ្វីដែលអ្នកធ្វើសម្រាប់កូនអ្នកដែរ។ វាមិនចាំបាច់ចង្អុលបង្ហាញរាល់ពេលដែលអ្នកបានធ្វើឱ្យកូនៗ ច្រើនជាងឪពុកម្តាយផ្សេងទៀតនោះទេ។
៤. កូនរបស់អ្នកមានអារម្មណ៍ថាមានកំហុស
កុមារមានទំនោរបន្ទោសខ្លួនឯងចំពោះការលែងលះរបស់ឪពុកម្តាយ។ កុមារកំពុងជួបប្រទះភាពតានតឹងរួចទៅ ហើយពិភពលោកដ៏ស្រស់បំព្រងរបស់ពួកគេនឹងធ្វើការផ្លាស់ប្តូរទាំងស្រុង។ ហើយអ្វីដែលអាក្រក់បំផុតដែលពួកគេជួប គឺមានអារម្មណ៍ថាពួកគេត្រូវបានស្តីបន្ទោស។
ដូច្នេះ វាចាំបាច់ក្នុងការពន្យល់ដល់កុមារថា ពួកគេមិនមានកំហុសក្នុងស្ថានភាពនេះទេ។ ពួកគេនឹងមិនមានអារម្មណ៍ថា ពួកគេមិនបានបំពេញតាមការរំពឹងទុករបស់ឪពុកម្តាយ។ ហើយពួកគេក៏មិនគិតថា ការលែងលះរបស់ឪពុកម្តាយ បណ្តាលមកពីគេឡើយ។ ប្រាប់ពួកគេម្តងហើយម្តងទៀតថាអ្នកពិតជាស្រឡាញ់ពួកគេខ្លាំងណាស់។
៥. អ្នកមានអារម្មណ៍ថាមានកំហុសឆ្គង
ក្រៅពីនេះ វាមានតំលៃខ្លាំងណាស់ ដែលពន្យល់ដល់កូនអ្នកថានេះក៏មិនមែនជាកំហុសរបស់អ្នកដែរ។ ពេលខ្លះអ្វីដែលមិនល្អ នឹងកើតឡើងក្នុងជីវិតរបស់យើង ហើយអ្វីៗមិនដើរតាមអ្វីដែលយើងចង់ធ្វើនោះទេ។ ការលែងលះ គឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ឈឺចាប់ដែលមិនបានគ្រោងទុកមុន។
ហើយប្រសិនបើអ្នកបន្ទោសខ្លួនឯង ហើយដើរតួជាឪពុកម្តាយដែលមានកំហុសវាអាចមានផលប៉ះពាល់ដល់កូនអ្នក។ ពួកគេអាចចាប់ផ្តើមប្រើវា ហើយនៅទីបំផុតនឹងក្លាយទៅជាក្មេងខូច ហើយពួកគេនឹងមានអារម្មណ៍ថា ពួកគេមានសិទ្ធិគ្រប់បែបយ៉ាង។ ពួកគេថែមទាំងអាចស្តីបន្ទោសអ្នកទៀតផង។
៦. អ្នកមានគំនិតអវិជ្ជមានទៅលើដៃគូរបស់អ្នក
ដូចដែលយើងបាននិយាយរួចមកហើយថា សូមកុំបន្ទោសខ្លួនឯង។ ប៉ុន្តែក៏កុំស្តីបន្ទោសដៃគូរបស់អ្នកចំពោះអ្វីៗទាំងអស់ផងដែរ។ មិនចាំបាច់ប្រាប់កូនអ្នកអំពីកំហុស និងការធ្វើខុសរបស់ប្តី ឬប្រពន្ធអ្នកឡើយ។ ហើយព្យាយាមមិននិយាយអាក្រក់ពីពួកគេ។ កុំភ្លេចថាកូនរបស់អ្នកគឺ 50% របស់អ្នកនិង 50% ទៀតជារបស់ប្តី ឬប្រពន្ធរបស់អ្នក។
ដូច្នេះនៅពេលដែលអ្នកកំពុងចោទប្រកាន់រិះគន់ និងនិយាយអវិជ្ជមានពីដៃគូរបស់អ្នកកូនអ្នកអាចនឹងចងចាំវា។ ហើយវាក៏អាចបំផ្លាញឥរិយាបថរបស់ពួកគេចំពោះឪពុកម្តាយផ្សេងទៀតដែរ។ អ្នកទាំងពីរគឺជាឪពុកម្តាយរបស់ពួកគេ ហើយកូនរបស់អ្នកស្រឡាញ់អ្នកទាំងពីរ ទោះសូម្បីតែអ្នកទាំងពីរមាន គុណវិបត្តិក៏ដោយ។
៧. អ្នកប្រើកូនរបស់អ្នកជាអ្នកសម្រុះសម្រួល
មិនថាអ្នកមានអារម្មណ៍យ៉ាងណាចំពោះដៃគូរបស់អ្នកនោះទេ។ នៅពេលដែលអ្នកឈ្លោះគ្នា ហើយចង់ប្រាស្រ័យទាក់ទងជាមួយគ្នានោះ អ្នកមិនគួរឱ្យកូនរបស់អ្នកក្លាយជាអ្នកនាំសារទេនោះទេ។
ព្យាយាមឱ្យអស់ពីសមត្ថភាពហើយនិយាយជាមួយប្តី ឬប្រពន្ធរបស់អ្នកដោយខ្លួនឯង។ កុមារនឹងមានភាពតានតឹង ពីអ្វីដែលបានកើតឡើង។ ហើយអ្នកមិនចាំបាច់ធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងៗ ដោយការធ្វើឱ្យពួកគេមានអារម្មណ៍ថា ពួកគេស្ថិតនៅចន្លោះភ្លើងទាំងពីរ ហើយត្រូវតែដើរតួជាអ្នកចរចានោះទេ។
៨. អ្នករារាំងទំនាក់ទំនងកូនអ្នកជាមួយឪពុកម្តាយម្នាក់ទៀត
កុំហាមកូនរបស់អ្នកឱ្យទាក់ទងជាមួយឪពុក ឬម្តាយរបស់ពួកគេ។ កុំព្យាយាមធ្វើបាបប្តី / ប្រពន្ធរបស់អ្នកដោយមិនអនុញ្ញាតឱ្យកូនរបស់អ្នកមកលេងពួកគេ។ មិនលើកទឹកចិត្តពួកគេឱ្យចំណាយពេលជាមួយគ្នា ឬមិនអញ្ជើញពួកគេឱ្យចូលរួមព្រឹត្តិការណ៍ដែលជាព្រឹត្តិការណ៍សំខាន់សម្រាប់កូនរបស់អ្នកនោះទេ។ ដូចជាការនិយាយថា ម៉ាក់មិនចង់អោយកូនទៅនិយាយរកប៉ាកូននោះទេ។ រឿងបែបនេះមិនគួរធ្វើនោះទេ។
ជាលទ្ធផលនៃសកម្មភាពទាំងនេះកុមារទទួលរងនូវការឈឺចាប់បំផុត។ ពួកគេត្រូវការអ្នកទាំងពីរហើយកង្វះឪពុកម្តាយអាចនាំឱ្យពួកគេឈឺចាប់។ យកល្អកុំចូលរួមក្នុងទំនាក់ទំនងរវាងកូនអ្នក និងដៃគូអ្នក។
៩. អ្នកត្រូវការព័ត៌មានលម្អិត
ប្រសិនបើចំណុចខាងលើមិនទាក់ទងនឹងអ្នកទេ ហើយអ្នកអនុញ្ញាតឱ្យកូនមកលេងកន្លែងប្តី ឬប្រពន្ធរបស់អ្នក និងចំណាយពេលជាមួយគ្នា បន្ទាប់មកកុំព្យាយាមរសួរចម្លើយកូននៅពេលពួកគេត្រឡប់ទៅផ្ទះវិញ។ ទោះបីអ្នកមានបំណងចង់ដឹងអ្វីៗគ្រប់យ៉ាងអំពីដៃគូរបស់អ្នក និងសូម្បីតែស្នេហាថ្មីរបស់ពួកគេក៏ដោយកុំចុចសួរលើកុមារឡើយ។
ដាក់កម្រិតខ្លួនអ្នកទៅនឹងសំណួរសាមញ្ញពីរ បីដើម្បីឱ្យកុមារមានអារម្មណ៍ថាអ្នកមានភាពវិជ្ជមាន និងស្ងប់ស្ងាត់អំពីការជួបគ្នា របស់កូនអ្នក។
១០. អ្នកគិតថាកូនរបស់អ្នកមិនយល់ពីស្ថានភាពនេះទេ
កុមារមិនអាចយល់អ្វីៗទាំងអស់ដោយសារតែអាយុរបស់ពួកគេ។ ប៉ុន្តែពួកគេបានឃើញ បានឮ និងកត់សម្គាល់អ្វីៗទាំងអស់។ ដូច្នេះវាមានសារៈសំខាន់ណាស់សម្រាប់អ្នក និងដៃគូរបស់អ្នកក្នុងការប្រព្រឹត្ដដោយគ្មានការឈ្លានពាន និងការប្រទូសរ៉ាយចំពោះគ្នាទៅវិញទៅមក។ កុំស្បថ និងប្រកែកគ្នាពេលកូនរបស់អ្នកនៅទីនោះ។
ពួកគេមើលឃើញរឿងទាំងអស់ហើយវាធ្វើឱ្យពួកគេឈឺចាប់។ ដូច្នេះកុំធ្វើអោយស្ត្រេស និងទុក្ខវេទនាដល់កូនអ្នក។ ព្យាយាមដោះស្រាយបញ្ហារបស់អ្នកជាលក្ខណៈសំងាត់។
តើឪពុកម្តាយអាចមានកំហុសអ្វីទៀតបន្ទាប់ពីលែងលះ? តើអ្វីដែលល្អសម្រាប់កុមារ៖ឪពុកម្តាយលែងលះគ្នា ឬឪពុកម្តាយជួបជុំគ្នា? យើងចង់ស្តាប់គំនិតរបស់អ្នកនៅក្នុងប្រអប់មតិយោបល់។
ប្រែសម្រួលដោយ៖ Crusher
ប្រភពដើម៖ Bright Side