ព្រំដែនមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការរក្សាទំនាក់ទំនងដែលមានសុខភាពល្អ។ ក្នុងជីវិតមានរឿងជាច្រើនដែលតែងតែកើតឡើងខុសពីការរំពឹងទុក្ខ ឬ បំណងរបស់យើង តែយ៉ាងណាអ្នកត្រូវចេះគ្រប់គ្រងស្ថានភាពលំបាកៗទាំងនោះ។ មានគេនិយាយថាមនុស្សឆ្លាតដឹងពីរបៀបរស់នៅយ៉ាងល្អបំផុត ជាពិសេសរឿងខាងក្រោមនេះមនុស្សឆ្លាតគេនឹងមិននិយាយសុំទោសទៅកាន់អ្នកដទៃចំពោះករណីទាំង៥នេះឡើយ៖
១.នៅពេលបង្ហាញពីអារម្មណ៍ពិត៖ អារម្មណ៍គឺជាផ្នែកមួយដ៏សំខាន់នៃបទពិសោធន៍របស់មនុស្សគ្រប់រូប។ អារម្មណ៍ជាអ្នកបង្កើតអន្តរកម្ម និងបន្ថែមពណ៌ដល់ពិភពលោករបស់យើង។ ប្រហែលជាអ្នកមានអារម្មណ៍ថាមានកំហុសចំពោះការខឹង ឬ សោកសៅ តែសូមចងចាំថាអារម្មណ៍របស់អ្នកគឺស្របច្បាប់ ហើយអ្នកមានសិទ្ធិបញ្ចេញអារម្មណ៍ទាំងនោះទៅអោយអ្នកដទៃដឹង។ អ្នកមិនចាំបាច់ត្រូវខ្លាចគេអន់ចិត្តនៅពេលអ្នកមិនបានជួយ អ្នកមិនបាច់ត្រូវខ្លាចគេខឹងនៅពេលអ្នកបដិសេធន៍នោះទេ ចូរធ្វើតាមអារម្មណ៍របស់អ្នកចុះ ព្រោះលើលោកនេះគ្មានអ្វីដែលសំខាន់ជាងអារម្មណ៍របស់អ្នកខ្លួនឯងនោះទេ។
២.នៅពេលដែលអ្នកមិនបានធ្វើខុស៖ ការសុំទោសមិនមែនជារឿងអាក្រក់នោះទេ តែបើមួយថ្ងៃៗអ្នកចេះតែសុំទោសអ្នកដទៃរហូតក៏វាមិនមែនជារឿងត្រឹមត្រូវដែរ។ ពេលខ្លះយើងគិតថា សុំទោសដើម្បីឆាប់បញ្ចប់រឿង តែយូរៗទៅវានឹងក្លាយទៅជារឿងយល់ច្រឡំ ព្រោះមនុស្សខ្លះឃើញយើងសុំទោសគឺគិតថាវាជាកំហុសយើងទាំងស្រុង ទាំងដែលជាក់ស្តែងយើងគ្រាន់តែមិនចង់មានបញ្ហាច្រើន។
៣.នៅពេលកំណត់ព្រំដែន៖ ព្រំដែនមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការរក្សាទំនាក់ទំនងដែលមានសុខភាពល្អ។ វាធ្វើឱ្យយើងមានអារម្មណ៍ថាមានសុវត្ថិភាពបំផុត ប៉ុន្តែមានប៉ុន្មានដងហើយដែលអ្នកឃើញថាខ្លួនឯងនិយាយសុំទោសពេលកំណត់ព្រំដែនជាមួយមិត្តភក្តិ? តាមពិតទៅបើអ្នករវល់ពិតមែនក៏និយាយប្រាប់ពួកគេទៅ មិត្តពិតគេនឹងយល់ច្បាស់ពីយើង ដូច្នេះកុំចេះតែនិយាយសុំទោសបើគ្រាន់តែអ្នករវល់បំពេញតួនាទីផ្ទាល់ខ្លួន។
៤.នៅពេលធ្វើការជ្រើសរើស៖ ជារៀងរាល់ថ្ងៃ យើងធ្វើការសម្រេចចិត្តរាប់មិនអស់ ដែលកំណត់ជីវិតរបស់យើង តាំងពីអ្វីដែលយើងបរិភោគ ដល់ផ្លូវដែលយើងត្រូវដើរ។ ប៉ុន្តែពេលខ្លះ ការសម្រេចចិត្តរបស់យើងមិនត្រូវគ្នានឹងការចង់បានរបស់នរណាម្នាក់ទេ ត្រង់ចំណុចនេះ អ្នកមិនចាំបាច់សុំទោសគេទេ។ សូមចងចាំថា ការជ្រើសរើសនៅផ្ទះនៅយប់ថ្ងៃសុក្រ ជំនួសឱ្យការចេញទៅក្រៅជាមួយមិត្តភក្តិ ឬ ជ្រើសរើសអាជីពដែលគ្រួសាររបស់អ្នកមិនយល់ព្រម នោះជម្រើសរបស់អ្នក ហើយទោះអ្នកដទៃមិនពេញចិត្តក៏វាមិនមែនជាកំហុសរបស់អ្នកដែរ។
៥.នៅពេលដែលត្រូវការពេលវេលាឯកជន៖ យើងរស់នៅក្នុងពិភពលោកដែលមនុស្សជាច្រើនតែងតែប្រៀបធៀបការនៅម្នាក់ឯងជាមួយនឹងភាពឯកា។ នេះមិនមែនជាការពិតទាំងស្រុងទេ ពេលវេលាតែម្នាក់ឯងគឺល្អណាស់សម្រាប់ផ្លូវចិត្ត និងការច្នៃប្រឌិតរបស់ខ្លួនអ្នកផ្ទាល់។ អ្នកមិនចាំបាច់មានអារម្មណ៍ខុសឆ្គងក្នុងការចំណាយពេលសម្រាប់ខ្លួនឯងនោះទេ សំខាន់អោយតែអ្នកពេញចិត្ត៕