ធម្មតាទេនៅក្នុងគ្រួសារនីមួយៗគឺមានការរស់នៅ និងទម្លាប់មិនដូចគ្នាទេ តែទោះយ៉ាងណាក៏ដោយ សូមអ្នកប្រាកដចិត្តថាគ្រួសារអ្នកនឹងគ្មាន៤ចំណុចនេះទេ ព្រោះបើអ្នកមាន១ក្នុងចំណោមសញ្ញាទាំងនេះ មិនយូរមិនឆាប់គ្រួសាររបស់អ្នកនឹងដើរដល់ចំនុចមួយដែលជួយសង្រ្គោះលែងកើត និយាយអោយខ្លីគឺអាចនឹងបែកបាក់ គ្មានថ្ងៃមានសុភមង្គលឡើយ។ បើចង់ដឹងថាសញ្ញាទាំងនោះមានអ្វីខ្លះ តោះអានអត្ថបទខាងក្រោមទាំងអស់គ្នា៖
១.ការអប់រំក្នុងគ្រួសារមិនតឹងរ៉ឹង៖ អនាគតនៃគ្រួសារមួយអាស្រ័យទាំងស្រុងលើមនុស្សជំនាន់ក្រោយ។ អ្វីដែលសំខាន់បំផុតនោះគឺមូលដ្ឋានគ្រឹះនៃការអប់រំ។ គ្រួសារជាច្រើនមានឳពុកម្តាយដែលទម្រើសកូនដោយគ្មានលក្ខខណ្ឌ កូនរបស់ពួកគេតែងតែទទួលបានអ្វីដែលខ្លួនចង់បាន ដោយមិនគិតពីកាលៈទេសៈ និងមិនដឹងខុសត្រូវ។ កុមារទាំងនេះតាំងពីតូចមកបង្ហាញពីការខ្វះវិន័យច្បាស់លាស់ ពួកគេមិនត្រូវបានបង្រៀនពីទស្សនៈត្រឹមត្រូវលើជីវិតនោះទេ ពិតណាស់ពួកគេនឹងចាត់ទុកខ្លួនឯងថាជាតួឯក។ ធំឡើង ពួកគេភាគច្រើនមានចរិតពឹងផ្អែក ខ្ជិល និងរស់អាស្រ័យទៅលើឪពុកម្តាយ។
២.បងប្អូនខ្វែងគំនិតគ្នា៖ បងប្អូនបង្កើតគឺជាសាច់ញាតិជិតស្និទ្ធបំផុតរបស់យើងដែលជាសាច់ឈាមរបស់យើង។ សេចក្ដីស្រឡាញ់របស់បងប្អូនគឺខ្លាំងណាស់ដែលគ្មានអ្នកណាអាចវាស់វែងបាន។ យ៉ាងណាក៏ដោយ មានគ្រួសារជាច្រើនដែលដោយសារតែបញ្ហាខ្លះដូចជា ជម្លោះដីធ្លី និងទ្រព្យសម្បត្តិ បានមើលងាយនិងស្អប់គ្នាទៅវិញទៅមក សូម្បីតែសុខចិត្តវាយដំគ្នាដើម្បីលុយក៏មាន។
៣.ជម្លោះប្តីប្រពន្ធ៖ ទោះបីជាប្ដីប្រពន្ធមិនទាក់ទងគ្នាដោយឈាមក៏ដោយ ក៏ពួកគេចងភ្ជាប់គ្នាដោយសេចក្ដីស្រឡាញ់ ទំនួលខុសត្រូវ និងកាតព្វកិច្ច។ ប្ដីប្រពន្ធត្រូវចេះការពារ ចុះសម្រុងគ្នា ស្មោះត្រង់ ចេះចែករំលែកគ្នាទៅវិញទៅមក… នោះផ្ទះនឹងមានសុភមង្គលហើយ ។ លើសពីនេះទៀតទំនាក់ទំនងរវាងឪពុកម្តាយអាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់កុមារនិងទស្សនៈអនាគតរបស់ពួកគេលើអាពាហ៍ពិពាហ៍។ ប្រសិនបើកុមារជាញឹកញាប់ឃើញឪពុកម្តាយរបស់ពួកគេឈ្លោះប្រកែកគ្នា កូននឹងមានអារម្មណ៍ថាការរៀបការជារឿងគួរឲ្យខ្លាច ហើយពេលធំឡើងពួកគេនឹងមិនចង់រៀបការទេ ឬ អាក្រក់ជាងនេះទៅទៀត ពួកគេនឹងប្រព្រឹត្តចំពោះដៃគូរបស់ពួកគេដោយអំពើហឹង្សាដោយសារបញ្ហាផ្លូវចិត្តតាំងពីកុមារ។
៤.ល្បែងស៊ីសងនិងគ្រឿងស្រវឹង៖ នេះគឺជាបញ្ហាដ៏គ្រោះថ្នាក់បំផុតសម្រាប់គ្រួសារ។ ល្បែងស៊ីសងគឺអាចធ្វើឱ្យមនុស្សដែលមានទ្រព្យសម្បត្តិក្លាយជាជនក្រីក្រត្រឹមមួយប៉ប្រិចភ្នែក។ ដំបូងឡើយ ពួកគេគ្រាន់តែគិតថាវាសម្រាប់កម្សាន្តប៉ុណ្ណោះ ប៉ុន្តែជាធម្មតាលេងយូរទៅច្បាស់ជាញៀន ធ្លាក់ចូលជ្រៅទៅក្នុងរង្វង់មួយដែលគ្មានផ្លូវចេញ។ អ្វីដែលគួរឲ្យខ្លាចនោះគឺបុរសជាច្រើនមានទំនោរប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារបន្ទាប់ពីលេងល្បែងស៊ីសង និងផឹកស៊ី ហើយគិតតែពីវិធីដែលពួកគេអាចបំពេញចិត្តខ្លួនឯង។ គ្រួសារដែលលេងល្បែងស៊ីសងនិងសមាជិកគ្រួសារដែលប្រមឹកនឹងធ្លាក់ចុះក្នុងពេលឆាប់ៗ៕