ផ្ដាំទៅឪពុកម្ដាយគ្រប់រូប! កុំបង្ខំ បើចង់ឱ្យកូនល្អ កំដរគេដើរ មិនមែនបង្អាក់ដំណើរគេទេ

ឪពុកម្ដាយភាគច្រើន តែងតែសម្រេចចិត្តជំនួសកូន កំណត់ផ្លូវឱ្យកូនដើរ កំណើតរឿងឱ្យកូនធ្វើ មិនថាជារឿងការងារ ការរកស៊ី រឿងជីវិត សូម្បីតែរឿងស្នេហា គូស្រករ ក៏ឪពុកម្ដាយខ្លះ កំណត់ឱ្យកូនដែរ ដោយយកលេសថា "ចង់ឱ្យកូនល្អ" តែងតែបង្ខំឱ្យកូនគិតដូចអ្វីដែលខ្លួនគិត បង្ខំកូនឱ្យធ្វើនូវអ្វីដែលខ្លួនចង់បាន មិនដែលសួរកូនថា កូនចង់ឬអត់? កូនចូលចិត្តឬអត់? កូនស្រឡាញ់ឬអត់?

Cover Copy

ឪពុកម្ដាយណាក៏ចង់ឱ្យកូនល្អ មានផ្លូវជីវិតល្អ មានអនាគតល្អដែរ តែបើអ្នកបង្ខំឱ្យកូនឱ្យធ្វើតាមអ្វីដែលអ្នកចង់ ​​​ធ្វើតាមតែសំណូមពរ និងតម្រូវការរបស់អ្នក អ្នកកំពុងតែធ្វើបាបកូនទៅវិញទេ ... ក្មេង គេមានគំនិតផ្ទាល់ខ្លួនគេ គេមានបំណងប្រាថ្នារបស់គេ មានតម្រូវការ មានចំណង់ចំណូចិត្ត មានក្ដីស្រឡាញ់បែបជាខ្លួនគេ តែបើអ្នកគិតជំនួសគេ បង្ខំគេឱ្យធ្វើតាមអ្នក ​កូនរបស់អ្នកនឹងក្លាយជាក្មេងទន់ជ្រាយ គ្មានឆន្ទៈ គ្មានម្ចាស់ការលើខ្លួនឯង បាត់បង់ភាពជាខ្លួនឯង ថ្ងៃមុខ ពិបាករស់នៅ ពិបាកចូលក្នុងសង្គមមនុស្សណាស់ គេនឹងកំសាក ជិវិតមានតែសម្ពាធ និងការខកចិត្តខកបំណងតែប៉ុណ្ណោះ!

#ចង់ឱ្យកូនបានល្អ អ្នកត្រូវចេះចិញ្ចឹមកូន ៖

- រៀនព្រលែងកូនខ្លះ តែត្រូវចេះទប់ មិនមែនឃាត់ឃាំង ឬរារាំងឆន្ទៈគេទេ!

- រៀនបណ្ដោយកូនខ្លះ តែកុំភ្លេចដាស់តឿន ណែនាំ អប់រំប្រៀនប្រដៅគេ ក្មេង មិនមែនយើងនិយាយម្ដងគេចាំទេ ​ទាល់តែឧហ្សាហ៍ណែនាំ!

- រៀនអភ័យ លើកទឹកចិត្ត និងនិយាយណែនាំល្អៗ មិនមែនស្ដីបន្ទោស​ ជាន់ពន្លិច ជេរប្រមាថនោះឡើយ!

- ត្រូវចេះជម្រុញ កែលម្អ ចំពោះចំណង់ចំណូលចិត្ត និងអ្វីដែលគេចង់ធ្វើ សាទរចំពោះបំណងប្រាថ្នា ការស្រមៃរបស់គេ មិនមែនបង្អាក់ដំណើរ តិទៀនចំពោះកិច្ចការដែលគេចង់សម្រេចនឡើយ!

- បើកទូលាយឱ្យកូនធ្វើនូវអ្វីដែលគេចង់ធ្វើ ធ្វើនូវអ្វីដែលគេចូលចិត្តធ្វើ ដើម្បីឱ្យកូនកាន់តែរឹងប៉ឹង និងចេះប្រឡូកក្នុងសង្គម តែកុំភ្លេច តាមដាន និងផ្ដល់ជាមតិយោបល់ដល់គេផង ធ្វើជាទីប្រឹក្សា ដើម្បីកុំឱ្យគេដើរផ្លូវខុស កុំឱ្យគេសម្រេចចិត្តខុស តែគំនិតរបស់អ្នកដែលជាឪពុកម្ដាយ ត្រូវតែទូលំទូលាយ វិជ្ជមាន ទើបមានឥទ្ធិពលល្អដល់កូន គំនិតអ្ន្លកល្អ មានហេតុផល ទើបកូនស្ដាប់ ហើយយកទៅគិតពិចារណា តែបើអ្នកផ្ដល់គំនិតបែបជាន់ពន្លិច ក្ដិចត្រួយ សើចចំអក បង្អាក់ដំណើរគេ គេស្ដាប់មិនចូល គេក៏មិនយកទៅគិត តែគេនឹងធ្វើចេញមកបែបឌឺដង ផ្ចាញ់ផ្ចាលអ្នកទៅវិញ នេះជាហេតុធ្វើឱ្យគេកាន់តែខុសហើយខុសទៀត រហូតដល់ចុងក្រោយ ស្រោចស្រង់មិនបាន សូម្បីតែខ្លួនគេ ក៏គេបោះបង់ខ្លួនឯងចោលដែរ!

IMG_9833

ក្នុងនាមជាឪពុកម្ដាយ យើងមានគំនិតបែបយើង មានចំណង់ចំណូលចិត្តបែបយើង ហើយការរស់នៅ និងអនុវត្តន៍ក៏យើងមានតាមរបៀបយើងដែរ ចំណែកឯកូន គេក៏ដូចគ្នា គេមានឆន្ទៈ ការចង់បាន ចំណូលចិត្ត បំណងប្រាថ្នា​ ការស្រមៃក្នុងជីវិតតាមរបៀបគេ បើយើងមិនអាចគិត និងធ្វើដូចគេ ចូរស្ដាប់នូវគំនិត និងមើលលើការអនុវត្តន៍របស់គេ កូនខុសត្រូវជួយកែលម្អ កូនត្រូវ ត្រូវចេះអបអរសរសើរ កូនមានផ្លូវដើររបស់គេ យើងកំដរគេធ្វើដំណើរ កុំបង្អាក់ដំណើរ ឬទៅគូសផ្លូវដើរជំនួសគេ។ គ្រប់ឪពុកម្ដាយ សុទ្ធតែចង់ឱ្យកូនបានល្អ តែសូមអ្នកដឹងផងដែរ ភាពល្អរបស់កូន មិនមែនត្រូវធ្វើតាមឪពុកម្ដាយគ្រប់រឿង គ្រប់យ៉ាងនោះទេ ព្រោះភាពល្អរបស់គេ គឺកើតចេញពីអ្វីដែលគេស្រឡាញ់ ពេញចិត្ត ជាពិសេស គេរីករាយ និងមានមោទកភាពបំផុត នៅពេលដែលគេបានធ្វើនូវអ្វីដែលគេចង់ និងទទួលបានលទ្ធផលល្អ ជាពិសេស គេរឹតតែកក់ក្ដៅ នៅពេលដែលអ្វីដែលគេធ្វើនោះ មានឪពុកម្ដាយដែលជាមនុស្សសស្និទ្ធនឹងគេបំផុត តែងតែជួយកែលម្អ និងគាំទ្រដល់ពួកគេ៕

អត្ថបទ ៖ លីម បញ្ញា | រក្សាសិទ្ធិដោយ ៖ ក្នុងស្រុក