ពាក្យចាស់ពោលបានល្អណាស់ ៖ "មាសយកកភ្លើងមកលុត ចំណែកមនុស្សវិញយកមាសប្រាក់មកសាកល្បង" ដូច្នេះហើយ បើនិយាយចំពោះមិត្តភាពវិញ មិត្តខ្លះមិនបាច់ចាំដល់អ្នកហាមាត់ទេ គេចេញមុខជួយអ្នកបាត់ទៅហើយ។
មិត្តម្នាក់ដែលចិត្តបាន អ្នកគ្រាន់តែហាមមាត់ គឺនឹងជួយអ្នកភ្លាម នេះគឺជាមិត្តល្អហើយ តែបើអ្នកហាមាត់ គេសន្យាយល់ព្រមជួយដល់អ្នក តែចុងក្រោយបែរជាមិនបានជួយអ្នកទៅវិញ នេះគឺជាមិត្តរាប់អានតែសម្បកក្រៅប៉ុណ្ណោះ។
នៅមានមួយប្រភេទទៀត មិនត្រឹមតែមិនជួយអ្នកទេ នៅចង់ជាន់អ្នកពន្លិចទៀត នោះមិនមែនមិត្តភក្តិឡើយ។
ខ្ញុំមិនចូលចិត្តមនុស្សដែលពោរពេញដោយល្បិចកលឡើយ ក៏មិនចូលចិត្តមនុស្សដែលឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយដែរ រឹតតែមិនចូលចិត្តរាប់អានមិត្តក្លែងក្លាយ។
ខ្ញុំចូលចិត្តមនុស្សដែលសាមញ្ញ រឿងដែលសាមញ្ញ ទោះពួកខ្ញុំរាងឡប់ៗបន្តិចមែន តែរៀងរាល់ថ្ងៃរស់នៅដោយភាពរីករាយសើចក្អាកក្អាយ។ ខ្ញុំចូលចិត្តមិត្តភក្តិដែលមានចិត្តស្មោះតែប៉ុន្មាននាក់ក៏បានដែរ តែនៅជុំគ្នារមែងតែមានរឿនិយាយគ្នាមិនចេះអស់ គ្មានល្បិចកល មិនមានការជាន់ឈ្លី មិននិយាយដៀមដាបចាក់ដោត គឺធ្វើដាក់គេដោយចិត្តស្មោះ។
- ស្អប់អ្នកខ្លះ គ្រាន់តែពាក្យសម្ដីគេតែមួយមាត់សោះអាចសម្លាប់គេបាន!
- ស្អប់អ្នកខ្លះ ក្អេងក្អាងសម្ញែងឫក មើលស្រាលអ្នកអន់ជាងខ្លួន!
- ស្អប់អ្នកខ្លះ រមែងនិយាយពាក្យមានបន្លា សឹងតែដល់ថ្នាក់យករឿងរបស់គេមកនិយាយសើចចំអកទៀតផង!
ខ្ញុំចូលចិត្តមិត្តចិត្តស្មោះ យោគយល់គ្នាអធ្យាស្រ័យគ្នារាល់ចំណុចខ្វះខាតរវាងគ្នា និងគ្នា។ ខ្ញុំមិនប្រាកដថាឆ្លាតទេ ប៉ុន្តែ ខ្ញុំក៏មិនល្ងង់ដែរ មានរឿងជាច្រើន ខ្ញុំសុទ្ធតែមើលដឹង គ្រាន់តែខ្ញុំមិនចង់និយាយតែប៉ុណ្ណោះ ពីព្រោះខ្ញុំយល់ថាមនុស្សឆ្លាតពេក គឺហត់នឿយណាស់ មានពេលខ្លះល្ងីល្ងើបន្តិចនឹងកាន់តែរីករាយ។
- ខ្ញុំដឹងថា អ្នកមានចិត្តស្មោះចំពោះខ្ញុំ ឬ អ្នកណាល្អតែចំពោះមុខខ្ញុំ!
- ខ្ញុំដឹង អ្នកណានិយាយពាក្យស្មោះចេញពីចិត្តជាមួយខ្ញុំ ខ្ញុំក៏ដឹងថាអ្នកណាគេល្អតែនឹងមុខ បោកប្រាស់ខ្ញុំ!
- ខ្ញុំដឹង អ្នកណាជាមនុស្សល្អ អ្នកណាជាមនុស្សធម្មតា!
មនុស្សរាល់គ្នាដែលចាត់ទុកខ្ញុំគឺជាមនុស្សល្ងង់នោះ សុំទោសផង! តាមពិតទៅខ្ញុំមើលដឹងទាំងអស់។ ខ្ញុំមិននិយាយចេញមក មិនបានខឹង គ្រាន់តែដោយសារខ្ញុំមិនចង់មានអារម្មណ៍ទើសទាល់ប៉ុណ្ណោះ។ អ្នកអាចមើលស្រាលខ្ញុំបាន ប៉ុន្តែអ្នកត្រូវតែគោរពខ្ញុំផង។
ដោយសារខ្ញុំខ្វល់ពីមិត្តរាល់គ្នាពេក ស្តាយស្រណោះអំពីមិត្តភាពមួយនេះ ខ្ញុំមិនទាមទារមិត្តរបស់ខ្ញុំ មានសណ្តានចិត្តដូចខ្ញុំនោះទេ ខ្ញុំគ្រាន់តែសង្ឃឹមថាមានចិត្តស្មោះចំពោះគ្នាទៅវិញទៅមកទៅបានហើយ។
ខ្ញុំមិនបង្កររឿង មិនមែនបានន័យថាខ្ញុំខ្លាចមានរឿងនោះទេ។ ខ្ញុំមិនមែនជាមនុស្សល្អអ្វីនោះទេ រឹតតែមិនមែនជាមនុស្សអស្ចារ្យអ្វីនោះដែរ។ ខ្ញុំមាននូវគំនិតដែលសាមញ្ញ និងជីវិតដែលសាមញ្ញ ខ្ញុំគ្រាន់តែចង់រស់នៅជាមួយមនុស្សដែលខ្ញុំយកចិត្តទុកដាក់ទាំងឡាយឱ្យបានល្អ ក៏គ្រាន់តែខ្វល់ខ្វាយចំពោះមិត្តល្អរបស់ខ្ញុំឱ្យបានច្រើនដែរ។
ជាតិនេះពួកយើងអាចក្លាយទៅជាមិត្តនឹងគ្នា គឺជានិស្ស័យដែលសាងឡើងពីជាតិមុន!
ជូនពរមិត្តទាំងឡាយរបស់ខ្ញុំដោយចិត្តស្មោះ សូមឱ្យមានភាពរីករាយ និងសុភមង្គល!
ចាកចេញពីមនុស្សដែលមិនសក្តិសមធ្វើជាមិត្តភក្តិរបស់អ្នក ផ្តាច់ចោលមិត្តភក្តិដែលស៊ីផឹក ហើយចេះស្តាយស្រណោះមិត្តភក្តិល្អ ដឹងគុណមិត្តភក្តិដែលតែផ្តល់ភាពស្និទ្ធស្នាល និងកក់ក្តៅ រាប់អានមិត្តល្អ ទើបជាទ្រព្យដ៏ស្តុកស្តម្ភក្នុងឆាកជីវិត៕
ប្រភព ៖ christinatan703.com / ប្រែសម្រួល ៖ Mythical Bird (ក្នុងស្រុក)