មនុស្សរាល់គ្នារស់នៅសុទ្ធតែមានគោលដៅរួមមួយ គឺត្រូវរស់នៅឱ្យបានល្អ។ ហើយអ្វីទៅជាការរស់នៅ “ឱ្យបានល្អ” នោះ គឺអាស្រ័យលើការយល់ឃើញរបស់មនុស្សម្នាក់ៗចំពោះការរស់នៅនេះ។
មានអ្នកខ្លះមិនខ្វល់ខ្វាយរឿងហូបចុកស្លៀកពាក់ មានអ្នកខ្លះទៀតរស់នៅសុខស្រួលហើយនៅតែមិនស្កប់ស្កល់។ ក៏អាចនិយាយបានដែរថា នៅក្នុងស្ថានភាពដែលបានជួប ភាគច្រើនមនុស្សរាល់គ្នាសុទ្ធតែគិតគូរដល់ខ្លួនជាមុន។
ឧទាហរណ៍ ៖ ការប្រជែងដណ្តើមឋានៈជាមួយនឹងមិត្តរួមការងារ ប្រាកដជាប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ហើយមិនអាចទៅរួមសហការគ្នាឡើយ។ ប្រកួតប្រជែងជាមួយនឹងដៃគូរកស៊ី ប្រឹងប្រែងអស់កម្លាំងប្រាជ្ញាទប់ទល់នឹងដៃគូ។ មានគេនិយាយថា សារជាតិរបស់មនុស្សគឺអាត្មានិយម ពាក្យសម្ដីនេះដ្បិតតែសោះកក្រោះបន្តិចមែន តែពិតជាមានហេតុផលដែរ។
នេះហើយជាមូលហេតុដែលអ្នកជាធម្មតាហាក់ដូចជាមានទំនាក់ទំនងល្អជាមួយនរណាម្នាក់ តែពេលដែលអ្នកមានការលំបាកទៅរកគេ គេបែរជារកលេសដោះសារទៅវិញ ឬក៏បដិសេធតែម្តង។ ដូចនេះដែរ មានអ្នកខ្លះទៀតមានមិត្តភក្តិច្រើនណាស់ តែពេលទៅរកមិត្តឱ្យជួយ បែរជាមានមនុស្សតិចណាស់លាដៃព្រមជួយអ្នកទៅវិញ សឹងតែគ្មានសូម្បីតែម្នាក់ក៏ថាបាន។ ពីព្រោះ អ្នកទាំងអស់នោះជាធម្មតាចំពោះការដើរលេងស៊ីផឹកគឺមិនបានប៉ះពាល់ដល់ប្រយោជន៍ខ្លួនគេឡើយ តែបើមានការលំបាកពឹងពួកគេជួយ គេនឹងពិចារណា តើមានប៉ះពាល់ដល់ប្រយោជន៍គេឬអត់?
មានពេលខ្លះ ផលប្រយោជន៍នេះមិនមែនសំដៅតែទ្រព្យសម្បិត្តិនោះទេ នៅមានកម្លាំងស្មារតី និងមុខមាត់ទៀតផង។
ប៉ុន្មានថ្ងៃមុន មានមិត្តភក្តិខ្ញុំម្នាក់បាននិយាយបន្ទោសបង្អាប់ពីការអសមត្ថភាពរបស់មិត្តគេម្នាក់ មូលហេតុគឺ មិត្តរបស់គេនោះ ធ្វើការនៅក្នុងក្រសួងអប់រំ ដើម្បីឱ្យកូនបានចុះឈ្មោះចូលរៀនគេបានទៅសុំជួបដល់កន្លែង នឹកឃើញថាស្គាល់គ្នាយូរឆ្នាំហើយ គ្រាន់តែនិយាយផ្តាំផ្ញើពីរបីម៉ាត់ទៅ ដឹងតែគេប្រាកដជាជួយបាន។ ចុងក្រោយមិត្តម្នាក់នោះក៏ឆ្លើយតបដោយគ្មានពាក្យច្បាស់លាស់អ្វីដែរ។ ដោយសារតែគាត់ជឿជាក់លើទំនាក់ទំនងពួកគាត់ពេក ចេះតែរង់ចាំរហូត តែគ្មានដំណឹងសោះ ចុងក្រោយឃើញសាលាជិតបើកបវេសនកាលហើយ មិត្តម្នាក់នោះនៅមិនទាន់ផ្តល់ដំណឹងអ្វីទៀត ទ្រាំលែងបានក៏ខលទូរស័ព្ទទៅសួរនាំ មិត្តគេម្នាក់នោះក៏និយាយថា “ ខ្ញុំបាននិយាយថាជួយលោកធ្វើការនេះតាំងពីពេលណា” រួចក៏ដាក់ទូរស័ព្ទចុះទៅ។
រឿងនេះមើលទៅគឺជាកំហុសរបស់មិត្តគេម្នាក់នោះ តែបើវិភាគឱ្យល្អិតល្អន់ទៅ អ្នកមានកំហុសនោះគឺមិត្តខ្ញុំម្នាក់នេះទេ។
- ទី១ គេជឿជាក់លើមិត្តភាពរបស់គេពេក គេបែរជាយល់ថាពាក្យខ្លួនឯងផ្តែផ្តាំគេប៉ុន្មានម៉ាត់ អាចដោះស្រាយបញ្ហាបានហើយ!
- ទី២ គេមិនបានពិចារណាដល់អ្នកម្ខាងទៀត ថ្វីដ្បិតតែគេម្នាក់នោះធ្វើការនៅក្រសួងអប់រំមែន តែគេមិនប្រាកដថាជាមនុស្សដែលមានអំណាចនៅក្នុងនោះដែរ បើគេយល់ព្រមជួយមែន គេក៏ត្រូវពឹងពាក់អ្នកផ្សេងបន្តទៀតដែរ ចុះថ្លៃសេវា និងកម្លាំងពលកម្ម តើអ្នកណាជាអ្នកចេញទៅ? ម្យ៉ាងទៀត បើរឿងនេះពិតជាធ្វើបានមែន ខ្លួនគាត់អាចព្រោះតែរឿងមួយនេះ ជំពាក់គុណគេទៅវិញ បើធ្វើមិនបាន គេត្រូវជួបមុខជាមួយអ្នករួមការងារនោះដោយភាពទើសទាល់រាល់ថ្ងៃជាមិនខាន។ គេមិនអាចដើម្បីអ្នកដទៃ ហើយខ្លួនឯងត្រូវខាតបង់ច្រើនយ៉ាងនេះទេ។ លើសពីនេះ ក្រោយពីខាតបង់ច្រើនបែបនេះហើយ មិនប្រាកដថាគេយល់ពីការលះបង់របស់រូបគេនោះដែរ ពួកគេគ្រាន់តែយល់ថា មិត្តភាពត្រូវតែមានការពឹងពាក់គ្នាបែបនេះហើយ។ ការលះបង់ និងការតបស្នងមិនអាចយកមកវាស់វែងគ្នាបានទេ អ្នកណាសុខចិត្តទៅធ្វើរឿងនេះទៅ?
ដូច្នេះហើយ ពេលដែលអ្នកជួបនឹងរឿងលំបាកហើយទៅរកមិត្តភក្តិឱ្យជួយ គេព្រមជួយដល់អ្នក ទោះរឿងនោះជោគជ័យ ឬបរាជ័យក៏ដោយ អ្នកក៏ត្រូវតែចងចាំពីទឹកចិត្តរបស់គេនេះដែរ ព្រោះមានមនុស្សមិនច្រើនទេដែលសុខចិត្តជួយដល់អ្នក។ បើគេមិនបានជួយដល់អ្នកទេនោះ ក៏មិនចាំបាច់ទុកក្នុងចិត្តដែរ ពីព្រោះមនុស្សរាល់គ្នាសុទ្ធតែពិចារណាពីផលប្រយោជន៍ខ្លួនឯងមុនហើយ។
ពេលទៅខ្ចីលុយពីមិត្តភក្តិត គេមិនឱ្យខ្ចី អាចនឹងមានហេតុផល២។ ទី១ ក្នុងដៃគេគ្មានប្រាក់! ទី២ មិត្តភាពរបស់អ្នកទាំងពីរមិនទាន់ដើរដល់កម្រិតខ្ចីលុយគ្នាបានទេ។ បើទៅរកមិត្តភក្តិឱ្យជួយ គេមិនជួយ ក៏មានហេតុផល២ដែរ ទី១ គេជួយមិនបានព្រោះលើសសសម្ថភាពគេ! ទី២ គេត្រូវលះបង់ផលប្រយោជន៍របស់គេទៅជួយអ្នក ឬក៏មិត្តភាពរបស់អ្នកទាំងពីរមិនទាន់ឈានដល់កម្រិតនោះឡើយ។ អ្នកមើលចុះ ទោះជាហេតុផលណាក៏ដោយ អ្នកមិនអាចបន្ទោសគេបាននោះទេ ប្តូរជាអ្នកវិញ អ្នកក៏ប្រហែលធ្វើបែបនេះដែរ។
មានគេនិយាយថា មនុស្សដែលកាន់តែគ្មានសមត្ថភាព គឺជាមនុស្សដែលយកក្តីសង្ឃឹមទៅដាក់លើអ្នកដទៃ ពីព្រោះខ្វះការជឿជាក់លើខ្លួនឯង ចេះតែយល់ថាខ្លួនឯងមិនអាចធ្វើអ្វីបាន ចេះតែសង្ឃឹមថាគេអាចជួយអ្នកបាន។ ប៉ុន្តែ មានអ្នកណាសុខចិត្តទៅនាំទុក្ខដាក់ខ្លួននោះ? ដូច្នេះហើយមិនថាពេលណាទេ កុំទៅបន្ទោសថាមិត្តអ្នកមិនអាចជួយអ្នកបាន គ្មានចិត្តគ្មានថ្លើម អ្នកត្រូវប្រាប់ខ្លួនឯងថា ៖ អ្នកណាក៏មិនអាចពឹងពាក់បានដែរ នៅក្នុងលោកនេះ មនុស្សអាចពឹងពាក់បាន មានតែខ្លួនឯងទេ៕
អត្ថបទ ៖ Mythical Bird (ក្នុងស្រុក)