មនុស្សជាច្រើនគិតថាបងប្អូនបង្កើតអាចចែករំលែកអ្វីៗគ្រប់យ៉ាងឱ្យគ្នាទៅវិញទៅមក ប៉ុន្តែតាមពិតវាមិនដូច្នោះទេ។ នៅក្នុងជីវិត មានសេចក្តីពិតដ៏ឈឺចាប់មួយ ដែលពេលខ្លះមនុស្សងាយច្រណែនអ្នកដែលនៅជិតពួកគេ ហើយសរសើរអ្នកដែលនៅឆ្ងាយ។ ដូច្នេះហើយ បងប្អូនក្នុងគ្រួសារពេលខ្លះច្រណែននឹងគ្នាជាងអ្នកខាងក្រៅ បងប្អូនក្នុងគ្រួសារខ្លះចិត្តមិនបាននឹងអ្នកខាងក្រៅផង។ ដូច្នេះហើយមានរឿងមួយចំនួន ដែលបងប្អូនមិនគួរបើកបង្ហាញទៅកាន់គ្នានោះទេ៖
១.រឿងសេដ្ឋកិច្ច៖ នៅពេលដែលសមាជិកគ្រួសារធ្វើការ មានប្រាក់ចំណូល និងមានជីវិតផ្ទាល់ខ្លួន ពួកគេមិនគួរនិយាយច្រើនពេកអំពីសេដ្ឋកិច្ច ដូចជាសួរអំពីប្រាក់ខែរបស់គ្នាទៅវិញទៅមក ឬ អួតពីប្រាក់ចំណូលផ្ទាល់ខ្លួននោះទេ។ ជាពិសេសនៅពេលដែលមានភាពខុសប្លែកគ្នាមិនស្មើគ្នាក្នុងគ្រួសារ គួរតែជៀសវាងព្រោះរឿងសេដ្ឋកិច្ចអាចក្លាយជាឧបសគ្គរវាងបងប្អូនបង្កើត។ ជាងនេះទៅទៀត សេដ្ឋកិច្ចគឺជាបញ្ហាដ៏ធ្ងន់ធ្ងរ ដូច្នេះហើយ យកល្អកុំនិយាយច្រើនពេកអំពីបញ្ហានេះ។ ជាងនេះទៅទៀត បងប្អូនត្រូវមានយុត្តិធម៍អំពីហិរញ្ញវត្ថុ ដោយសន្មត់ថាពេលគេឲ្យ ឬ ខ្ចីគេត្រូវសងវិញ ជៀសវាងភាពមិនច្បាស់លាស់ដែលនឹងបំផ្លាញទំនាក់ទំនងរវាងបងប្អូន។
២.រឿងអំពីគូស្នេហ៍៖ មនុស្សម្នាក់ៗមានការសម្រេចចិត្តខុសៗពីគ្នា ហេតុនេះហើយបើអាចសូមអ្នកកុំព្យាយាមលូកដៃទៅក្នុងរឿងស្នេហារបស់អ្នកដទៃអី ទោះបីជាបងប្អូនបង្កើតក៏ដោយ ព្រោះនេះជារឿងឯកជន អ្នកគ្មានសិទ្ធទៅហាមប្រាម ឬ បំបែកបំបាក់គូស្នេហ៍គេនោះទេ ទុកអោយសាមីខ្លួនអ្នកសម្រេចចុះថាគូជីវិតដែលគេរើសគឺជាមនុស្សបែបណា។
៣.កុំឈ្លានពានភាពឯកជនរបស់គ្នាទៅវិញទៅមក៖ បងប្អូនបង្កើតអាចត្រឹមផ្តល់យោបល់គ្នាប៉ុណ្ណោះ កុំដល់ថ្នាក់ចង់គ្រប់គ្រង ឬ ជ្រៀតជ្រែកជ្រៅក្នុងភាពឯកជនរបស់គ្នាទៅវិញទៅមក។ ដោយសារមនុស្សយើងម្នាក់ៗតែងតែមានរឿងសម្ងាត់ ឬ អាថ៌កំបាំងផ្ទាល់ខ្លួន អញ្ចឹងហើយកុំចេះទៅលូកដៃ ពាក់ព័ន្ធនឹងរឿងឯកជនរបស់គ្នាអី វាអាចបណ្តាលអោយទំនាក់ទំនងរវាងបងប្អូនមានការរកាំរកូសបាន៕