មនុស្សជាច្រើនមិនយល់ច្បាស់នោះទេ អំពីសារៈសំខាន់នៃការគេង។ ជាការពិតរឿងទាំង ៥ ខាងក្រោម ដាច់ខាតអ្នកមិនត្រូវធ្វើនោះទេមុនពេលចូលគេង ព្រោះវាអាចបណ្តាលឲ្យប៉ះពាល់ដល់គុណភាពនៃការគេង ហើយយូរទៅមិនខុសពីកំពុងបន្ថយអាយុជីវិតខ្លួនឯងទេ៖
៥) ចូលគេងភ្លាមៗបន្ទាប់ពីទទួលទានអាហារ
បន្ទាប់ពីទទួលអានអាហារឆ្អែត មនុស្សមួយចំនួនមានអារម្មណ៍ថាងងុយគេង ហើយក៏ដាក់ខ្លួនគេងភ្លាមៗ ដែលនេះវាបានធ្វើឲ្យល្បឿនចលនារំលាយអាហារមានការធ្លាក់ចុះ ហើយការស្រូបយកអាហារូបត្ថម្ភសំខាន់ៗក៏បាត់បង់ផងដែរ។
ជាងនេះការគេងផ្អៀងចំហៀងខ្លួន ក៏អាចបណ្តាលឲ្យក្រពះច្រាល នាំឲ្យក្អួតថែមទៀតផង។ យកល្អអ្នកមិនគួរចូលគេងភ្លាមៗទេ ពោលពេលទទួលទានអាហាររួចគួរមានសកម្មភាពក្រោកឈរ ដើរថ្នមៗ ដើម្បីជំរុញឲ្យចលនាពោះវៀនដំណើរការបានល្អ។
៤) ចូលគេងយឺត
ដោយសារមូលហេតុមួយចំនួន នាំឲ្យមនុស្សចូលគេងយឺត តែយ៉ាងណាការបន្តបញ្ឈរភ្នែកដល់ម៉ោង ២-៣ ព្រឹកជាប្រចាំនោះ គឺមិនល្អឡើយ។ យូរទៅវាបណ្តាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកសុខភាពថ្លើម និងសរសៃឈាមបេះដូង។
ជាងនេះត្រូវចាំថា ការគេងមិនគ្រប់គ្រាន់នៅពេលយប់ មិនអាចយកមកសងគ្នាពេលព្រឹកវិញបាននោះទេ ដូច្នេះអ្នកគួរតែបញ្ឈប់ទម្លាប់មិនល្អនេះជាបន្ទាន់។
៣) ផឹកស្រាមុនចូលគេង
បន្ទាប់ពីជាតិស្រាចូលខ្លួន មនុស្សមួយចំនួនមានអារម្មណ៍ថាងងុយគេង ហើយអ្នកខ្លះទៀតដោយសារហេតុផលហ្នឹង ទើបដាក់ស្រាមួយកែវ ពីរកែវជួយឲ្យគេងលក់ស្រួល។ យ៉ាងណាក៏ដោយប្រសិនអ្នកផឹកស្រា ហើយចូលគេងភ្លាម វាក៏អាចបង្កគ្រោះថ្នាក់ដូចជា៖
ការគេងផ្ងារធម្មតា: អាចបណ្តាលឲ្យក្អួតបញ្ច្រាសចូលផ្លូវដង្ហើម នាំឲ្យថប់ដង្ហើមមួយរំពេចបាន
ការគេងផ្កាប់: អាចបង្ហាប់ផ្លូវដង្ហើម នាំឲ្យស្ទះដង្ហើម
២) ការជក់បារី
វាដូចជាតិកាហ្វេអ៊ីន ដែលមានឥទ្ធិពលរំញោចរាងកាយ ហើយការជក់បារី នាំឲ្យបង្កើនអត្រាបេះដូង និងសម្ពាធឈាម ប៉ះពាល់ដល់ដំណេករបស់អ្នកមាន។ អ្នកជក់បារីមុនពេលគេង ច្រើនតែគេងមិនលក់ ជាងអ្នកមិនជក់បារី។
១) ធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណអាចជួយឲ្យអ្នកងងុយគេងលឿន និងបំបាត់ស្រ្តេស តែយ៉ាងណាក្រោយត្រលប់ពីហាត់ប្រាណភ្លាម អ្នកមិនគួរឡើងមកលើគ្រែគេងភ្លាមទេ។ យកល្អគួរដាក់គម្លាតគ្នា ៣-៤ ម៉ោង ឬ ៦ ម៉ោងមុនចូលគេង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក