ទឹកដូងជាភេសជ្ជៈដែលល្អបំផុតសម្រាប់រាងកាយ ដោយវាអាចបំពេញជាតិទឹក ធ្វើឲ្យរាងកាយចុះត្រជាក់ តែយ៉ាងណាក៏មានបង្កប់ប្រយោជន៍ជាច្រើនផ្សេងទៀត ហើយបើអ្នកទទួលទានត្រូវតាមពេលវេលា ក្បួនខ្នាតរបស់វាទៀតនោះ គឺកាន់តែល្អបំផុត។ ខាងក្រោម Knongsrok បង្ហាញពេលទាំង ៤ ដែលអ្នកគួរតែទទួលទានទឹកដូង៖
៤) ទទួលទាននៅពេលព្រឹកឬរសៀល
ដើម្បីបញ្ចៀសការហើមពោះ និងការប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ពេលវេលាល្អបំផុត គឺទទួលទានទឹកដូងនៅពេលព្រឹកព្រលឹម ឬពេលរសៀល។
ក៏ដោយសារទឹកដូងមានផ្ទុកអាស៊ីដ Lauric វាអាចជួយពង្រឹងប្រព័ន្ធភាពសុាំ ធ្វើឲ្យប្រសើរឡើងនូវការរំលាយអាហារ និងជួយក្នុងការសម្រកទម្ងន់។ លើសពីនេះវាក៏ជាប្រភពថាមពលដ៏ល្អ អាចធ្វើឲ្យអ្នកអាចធ្វើការ និងហាត់ប្រាណយ៉ាងងាយស្រួល បន្ទាប់ពីទទួលទានទឹកដូងរួចរាល់។
៣) មុននិងក្រោយពេលហាត់កីឡា ឬធ្វើការធ្ងន់ ៣០ នាទី
៣០ នាទីមុនពេលហាត់ប្រាណ ឬធ្វើការធ្ងន់ អ្នកអាចផឹកទឹកដូង ១ កែវ ព្រោះវាអាចជួយឲ្យរាងកាយមានភាពបត់បែន និងធន់ជាងមុន។
លើសពីនេះ ក្រោយនោះ ៣០ នាទីក៏គួរតែទទួលទានទឹកដូងបន្តិចដូចគ្នា ព្រោះវាជួយបំពេញជាតិអេឡិចត្រូលីត ដែលបាត់បង់ពីរាងកាយ។
២) មុនពេលចូលគេង ១ ម៉ោង
ការផឹកទឹកដូង អាចជួយកាត់បន្ថយការថប់អារម្មណ៍ និងធ្វើឲ្យចង្វាក់បេះដូងមានស្ថិរភាព ដូច្នេះហើយ យកល្អមុនពេលចូលគេង ដើម្បីកាត់បន្ថយស្រ្តេសការនឿយហត់ខ្លាំង យកល្អគួរទទួលទានទឹកដូងមុននោះ ១ ម៉ោង។
លើសពីនេះវាក៏ចូលរួមជួយកម្ចាត់ជាតិពុលពីរាងកាយ និងការពារការឆ្លងមេរោគ ជម្រះបញ្ហាតម្រងនោមបានយ៉ាងល្អ។ បើអ្នកទទួលទានវា មុនពេលគេង ១ ម៉ោង នោះនឹងគ្មានអាការៈហើមពោះកើតឡើងឡើយ។
១) ក្រោយពេលទទួលទានស្រា
ចំពោះអ្នកពិសាគ្រឿងស្រវឹង ជាធម្មតានឹងធ្វើឲ្យរាងកាយខ្សោះជាតិទឹក អាចនាំឲ្យឈឺក្បាល ក្អួតចង្អោរនៅពេលព្រឹកបន្ទាប។
ដូច្នេះនៅពេលភ្ញាក់ពីដំណេក ការផឹកទឹកដូងនឹងជួយទប់ទល់លក្ខខណ្ឌទាំងពីរខាងលើ ហើយថែមទាំងអាចស្តារអេឡិចត្រូលីតដែលបាត់បង់ត្រលប់មកវិញ និងធ្វើឲ្យអ្នកមានអារម្មណ៍ស្វាហាប់ជាងមុនផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក