ចូរចាំថា ការនិយាយមិនល្អពីអ្នកដទៃនឹងធ្វើឱ្យទំនាក់ទំនងកាន់តែឃ្លាតឆ្ងាយ និងបង្កអោយមានការអន់ចិត្តចំពោះគ្នា។ ដូច្នេះបើមានជម្លោះត្រូវដោះស្រាយដោយសន្តិវិធី ជាជាងចាក់អ្នកដទៃពីក្រោយ ដោយយកអាថ៌កំបាំងគេទៅនិយាយប្រាប់អ្នកដទៃ ឬ និយាយរឿងដែលមិនគួរនិយាយ។ ពេលខ្លះសម្តីមនុស្សយើងគឺមុតជាងអាវុធទៅទៀត ហេតុនេះរឿងខ្លះបើអាចទ្រាំបានគួរទុកក្នុងចិត្តចុះ កុំបាច់និយាយចេញមកអី ជាពិសេសចំណុចទាំង៣នេះ៖
១.ចូលចិត្តនិយាយពីក្រោយខ្នង មិនចេះគ្រប់គ្រងពាក្យសម្ដី៖ ព្រះពុទ្ធទ្រង់បង្រៀនថា មនុស្សមានកម្មផល ៤ យ៉ាងចេញពីមាត់គឺ ពាក្យក្លែងក្លាយ ពាក្យពន្លើស ពាក្យចោទប្រកាន់ និងពាក្យព្យាបាទ។ កម្មផលពាក្យសំដីទាំងនេះ ដែលយើងគិតថាគ្រាន់តែជាពាក្យដែលហើរជុំវិញខ្យល់ និយាយដើមគេពេលទំនេរ តែតាមពិតនាំឱ្យមានគ្រោះថ្នាក់ខ្លាំងណាស់។ ជួនកាលអ្នកនិយាយដើម្បីកំដរមាត់ខ្លួនឯង តែវាអាចធ្វើអោយអ្នកដទៃមានអារម្មណ៍មិនស្រួល និងខឹង។ មិនថាដោយចៃដន្យ ឬ ដោយចេតនា ហាមដាច់ខាតពោលពាក្យធ្វើបាបចិត្តអ្នកដទៃ ទោះបីអ្នកខឹងស្អប់គេក៏ដោយ ព្រោះកាលដែលហែកហួររឿងគេក៏ធ្វើអោយអ្នកបាត់បង់តម្លៃជាមនុស្សផងដែរ។
២.យករឿងគ្រួសារប្រាប់អ្នកក្រៅ៖ នៅពេលដែលយើងជួបការខកចិត្តក្នុងគ្រួសារ យើងតែងតែមានអារម្មណ៍ចង់ចែករំលែកវាជាមួយមិត្តភក្តិ ឬ សូម្បីតែអ្នកជិតខាង។ ពីជម្លោះប្តី-ប្រពន្ធ ម្តាយក្មេក និងកូនប្រសាស្រី ឈ្លោះគ្នាដល់សាច់ញាតិ អ្វីៗក្លាយជាប្រធានបទសម្រាប់និយាយដើម។ បញ្ហាផ្ទៃក្នុងគ្រួសារ មិនថាល្អ ឬ អាក្រក់នោះទេ គឺជារឿងឯកជន មិនត្រឹមតែសម្រាប់បុគ្គលប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សមាជិកនៃគ្រួសារទាំងមូលផងដែរ។ បើវាជារឿងឯកជន កុំប្រាប់អ្នកណា។ កុំហែកអាវរបស់ខ្លួនឯងអោយអ្នកដទៃមើល គេមិនសរសើរអ្នកទេ ផ្ទុយទៅវិញគេអាចនឹងយករឿងគ្រួសារអ្នកទៅនិយាយតគ្នាពីមាត់មួយទៅមាត់មួយថែមទៀតផង។
៣.ស្ថានភាពប្រាក់ចំណូលជាក់លាក់៖ នៅជុំវិញខ្លួនយើងតែងតែមានអ្នកចូលចិត្តបង្អួតពីឋានៈ និងជំហរក្នុងសង្គមដោយនិយាយរឿងអ្នកមាន និងអ្នកក្រ មានអ្នកនិយាយអួតពីប្រាក់ចំណូល ហើយក៏មានអ្នកចូលចិត្តរអ៊ូពីទុក្ខសោកទៅកាន់អ្នកដទៃ។ ក្នុងមួយជីវិតនេះ ការលាតត្រដាងព័ត៌មានអំពីប្រាក់បៀវត្សរ៍គឺជារឿងរសើបខ្លាំងណាស់ ហើយអាចប៉ះពាល់ដល់អារម្មណ៍អ្នកស្តាប់ ដូច្នេះយកល្អកុំបាច់និយាយពីវាអី យើងមានលុយច្រើនក៏សន្សំទុកទៅ ព្រោះមិនប្រាកដថាអ្នកស្តាប់ទាំងនោះសុទ្ធតែមានបំណងល្អមកកាន់អ្នកនោះទេ៕