ហេតុផលទាំង ៦ នេះហើយ ដែលយើងត្រូវខំប្រឹងធ្វើការដើម្បីរកលុយ ដោយមិនខ្វល់ពីទុក្ខលំបាក និងភាពនឿយហត់

ធ្លាប់មានអ្នកសួរថា ហេតុអ្វីចាំបាច់ខំប្រឹងម្ល៉េះ ប្រឹងយកលុយទៅណា សម្រាកខ្លះទៅ តែពេលដែលយើងពិបាក ខ្វះខាត ត្រូវការជំនួយ គ្មានអ្នកណាមកជួយយើងទេ អ្នកខ្លះមានតែជាន់ថែមតែប៉ុណ្ណោះ។ មនុស្សខ្លះបានតែសួរ អ្នកខ្លះបានតែនិយាយ តែហេតុអ្វីយើងត្រូវខំ គឺមានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលដឹងច្បាស់ថា ខំប្រឹងរកលុយដើម្បីអ្វី។ ហេតុផលទាំង ៦ ចំណុចនេះហើយ ដែលធ្វើឱ្យយើងត្រូវខិតខំធ្វើការរកលុយទាំងថ្ងៃទាំងយប់ ហត់នឿយក៏មិនហ៊ានសម្រាក ពិបាកក៏មិនត្រូវឈប់ដែរ។

Cover Copy

១. ព្រោះមិនចង់ឱ្យឪពុកម្ដាយចាស់ទៅ ត្រូវរស់នៅវេទាន ពេលខ្វះខាតបើយើងអត់ ប្រាកដជាធ្វើអ្វីមិនបាន ក្រៅតែពីមើលគាត់ទឹកភ្នែក ហើយរឹតតែមិនចង់ឱ្យកូនចៅយើងក្រោយៗ ត្រូវរស់នៅកំបាកនោះដែរ អ៊ីចឹងហើយ ត្រូវតែខំប្រឹងធ្វើការ រកលុយឱ្យបានច្រើន ខំបានប៉ុនណាយកប៉ុណ្ណឹង មិនអាចខ្ជិលច្រអូសបានទេ កុំឱ្យគ្រួសារយើងលំបាកវេទនា ត្រូវឱ្យឪពុកម្ដាយសោយសុខពេលចាស់ ឱ្យកូនបានស្រណុកពេលគេកើតមក។

២. ព្រោះជីវិតធ្លាប់អត់ ធ្លាប់ខ្សត់លំបាក ខ្វះមុខខ្វះក្រោយ ជួបឆ្អែតឆ្អន់ហើយ ទើបត្រូវខំប្រឹងឱ្យអស់ពីសមត្ថភាព ទាន់មានកម្លាំង មានឱកាស ត្រូវតែខំ ការងារណាធ្វើបានក៏ធ្វើទៅ អាចរកលុយបានបូកផ្សំចូលគ្នា សន្សំៗទៅ កុំឱ្យពេលយើងខ្វះខាត ទៅរកគេវាមិនស្រួលទេ មានទ្រព្យ មានលុយនៅជាប់ខ្លួន ទើបមានសុវត្ថិភាព។

៣. គ្មានអ្នកណាអាចមកជួយអ្នក ដឹងពីសុខទុក្ខការលំបាករបស់អ្នកពេញមួយជីវិតទេ ដូច្នេះអ្នកត្រូវតែមានសមត្ថភាព រីករាយក្នុងការរស់នៅកន្លែងដែលអ្នករស់នៅ សប្បាយចិត្តនូវអ្វីដែលអ្នកធ្វើ គ្មាននរណាម្នាក់ចាំជួយអ្នកគ្រប់រឿងនោះឡើយ ដូច្នេះអ្នកត្រូវតែត្រៀមខ្លួនដើម្បីឯករាជ្យដោយខ្លួនឯង ពឹងគេមិនដូចពឹងខ្លួនឯងនោះទេ។

4043f6a5c953b6d17031fed93ce56168

៤. ធ្លាប់ដួល ទើបអាចក្រោកឈរមកវិញដោយរឹងមាំ មានជំហនឹងន ឆ្លងកាត់ការលំបាក ឧបសគ្គច្រើន ទើបធ្វើឱ្យយើងចេះដឹង និងមានបទពិសោធន៍កាន់តែច្រើន ជួបរឿងកាន់តែច្រើន យើងនឹងកាន់តែឆ្លាត ចេះបែងចែក ចេះដោះស្រាយ។

៥. ភាពទន់ខ្សោយមានតែភាពទុក្ខវេទនា រឹងមាំជម្នះរឿងគ្រប់យ៉ាង ក្រោកឡើងជាមនុស្សថ្មីបន្ទាប់ពីរបួស នេះជាវិធីដ៏ល្អបំផុត ដែលយើងត្រូវតែធ្វើ ទន់ខ្សោយ គេជាន់ រឹងមាំទើបអាចជួយខ្លួនឯងបាន ក៏អាចការពារមនុស្សក្បែរខ្លួន ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់បានដែរ។

៦. បញ្ហាជីវិតអាចផ្ដួលយើងឱ្យដួលបាន ប៉ុន្តែយើងមានជម្រើស តើព្រមដួល ឬក្រោកឈរឡើងវិញ។ មិនថាជួបរឿងលំបាកយ៉ាងណាទេ យើងជាអ្នកសម្រេចថាបន្ត ឬក៏បញ្ឈប់ បើយើងមិនរឹងមាំ បញ្ហានឹងសម្លាប់យើង តែបើយើងរឹងមាំគ្រប់គ្រាន់ យើងនឹងអាចសម្លាប់បញ្ហាបាន៕