ប្រភេទស្ត្រីដែលមិនតែងតែបង្ហោះរូប Selfie ឬ បង្ហោះទំនាក់ទំនងរបស់នាងជាប្រចាំលើប្រព័ន្ធផ្សព្វផ្សាយសង្គមមិនមែនមានន័យថាគ្មានភាពទាក់ទាញទេ។ រូបសម្បត្តិក៏មិនមែនជាកត្តាសំខាន់នោះដែរ ព្រោះមនុស្សប្រុសអាចស្រលាញ់មនុស្សស្រីមិនស្អាតបាន អោយតែនាងមានអត្តចរិតល្អ ជាពិសេសមានប៉ុន្មានចំណុចនេះ ដឹងតែពេញចិត្តពេញថ្លើមរបស់មនុស្សប្រុសហើយ៖
១.មានចំណាប់អារម្មណ៍និងចំណង់ចំណូលចិត្ត៖ ស្ត្រីទាំងនេះមានភាពច្បាស់លាស់សម្រាប់ខ្លួនឯង ហើយនៅជិតនារីបែបនេះមនុស្សប្រុសនឹងគ្មានអារម្មណ៍ថាធុញទ្រាន់ទេ។ មនុស្សស្រីបែបនេះស្គាល់ខ្លួនឯងច្បាស់ ដឹងពីចំណង់ចំណូលចិត្ត និងការសប្បាយផ្ទាល់ខ្លួន។ ភាគច្រើនពួកគេមិនចាំបាច់ខ្ជះខ្ជាយជីវិតរបស់ពួកគេលើរឿងដែលគ្មានប្រយោជន៍ដូចជាការសម្លឹងអេក្រង់ទូរស័ព្ទពេញមួយថ្ងៃនោះទេ ព្រោះពួកគេមានរឿងផ្សេងទៀតជាច្រើនសម្រាប់ធ្វើ ជាពិសេសពួកគេចូលចិត្តចំណាយពេលធ្វើរឿងដែលពួកគេចូលចិត្ត និងមានប្រយោជន៍។ នេះគឺជាអ្វីដែលធ្វើអោយនារីបែបនេះមានភាពទាក់ទាញ ហើយក្លាយជាទីចាប់អារម្មណ៍របស់មនុស្សប្រុស។
២.មិនស្រែកឃ្លានការយកចិត្តទុកដាក់៖ ប្រភេទស្ត្រីដែលមិនតែងតែបង្ហោះរូប Selfie ឬ ធ្វើបច្ចុប្បន្នភាពជាប្រចាំលើប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជាមនុស្សស្រីដែលមិនចង់បានការយកចិត្តទុកដាក់ពីនរណាម្នាក់ឡើយ។ មនុស្សស្រីប្រភេទនេះមិនចូលចិត្តរំខានអ្នកដទៃជាមួយរឿងតូចតាចទេ។ ហើយចរិតមិនចេះសុំាញុំាច្រើននេះហើយដែលធ្វើអោយប្រុសៗមិនស្រលាញ់មិនបាន។
៣.មិនបាត់បង់ខ្លួនឯងក្នុងទំនាក់ទំនង៖ ស្ត្រីប្រភេទនេះមានជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ទោះបែកគ្នាជាមួយសង្សារក៏នាងមិនToxicជាមួយនឹងមនុស្សប្រុសទាំងនោះដែរ។ នាងតែងតែចាត់ទុកគោលដៅជីវិត និងការរកលុយ សំខាន់ជាងស្នេហា ដូច្នេះហើយទើបនាងទទួលបានការគោរពពីមនុស្សប្រុស ព្រោះនាងមិនចេះទន់ជ្រាយ ឬ បោះបង់ខ្លួនឯងដោយសារតែមនុស្សប្រុសនោះទេ! ស្រ្តីខ្លាំងបែបនេះហើយ ដែលជា Type របស់មនុស្សប្រុសសម័យនេះ៕