ធ្លាប់ទេ? ពេលខ្លះអ្នកមិនច្បាស់ទេថាមិត្តរបស់អ្នកពិតជាចូលចិត្តអ្នកមែន ឬ គ្រាន់តែសម្តែងថាចូលចិត្តអ្នក ព្រោះគេតែងតែបញ្ចេញចរិតប្លែកៗជាពិសេសពេលឃើញអ្នកល្អជាងគេ។ ដូច្នេះដើម្បីកុំអោយការសង្ស័យរបស់អ្នកកាន់តែកើនឡើង អ្នកអាចស្វែងរកចម្លើយតាមរយៈ៥ចំណុចខាងក្រោមនេះបាន៖
១.ពួកគេតែងតែប្រកួតប្រជែងជាមួយអ្នក
ការប្រកួតប្រជែងអាចជារឿងល្អ ដែលជំរុញឱ្យមនុស្សម្នាក់ៗមានការខំប្រឹងខ្លាំងជាងមុន និងសម្រេចគោលដៅបានរួមគ្នា។ ប៉ុន្តែការឈ្លក់វង្វេងនឹងកាប្រកួតប្រជែងរវាងមិត្តភក្តិគ្នាឯងអាចបណ្តុះគំនិតទៅជាការច្រណែនដែលពិសពុលបាន។
២.ពួកគេគិតថាជីវិតគឺអយុត្តិធម៌
បើសិនជាអ្នកមានរបស់អ្វីមួយដែលពួកគេគ្មាន នោះពួកគេនឹងចាត់ទុកសមិទ្ធផលរបស់អ្នកថាជារឿងអយុត្តិធម៌នោះទេ ព្រោះគេតែងតែចង់បានជីវិតដែលល្អប្រសើរជាងអ្នក មិនថាសូម្បីតែរឿងតូចតាចក៏ដោយ។
៣.ពួកគេមិនដែលទទួលស្គាល់ភាពជោគជ័យរបស់អ្នកទេ
រាល់ពេលដែលអ្នកជោគជ័យ ហើយចង់ប្រាប់ពួកគេអំពីដំណឹងល្អ ទឹកមុខរបស់ពួកគេញញឹមមិនសូវជាសមប៉ុន្មាននោះទេ ហើយពួកគេតែងតែចង់និយាយបង្វែរសាច់រឿងភ្លាម ព្រោះគេមិនចង់អង្គុយស្តាប់ពីភាពជោគជ័យរបស់អ្នក រួចមានអារម្មណ៍ថាពួកគេអន់ជាងអ្នកនោះទេ។
៤.ពួកគេមិនដែលបង្ហាញការអបអរសាទរលើបណ្តាញសង្គមអ្នកនោះទេ
ធ្លាប់កត់សម្គាល់ទេថាមិត្តរបស់អ្នកហាក់ដូចជាមិនសូវបញ្ចេញមតិលើការបង្ហោះទាក់ទងជាមួយនឹងភាពជោគជ័យរបស់អ្នកក្នុងបណ្តាញសង្គមនោះទេ! នេះគឺជាសញ្ញាព្រមានដ៏ធំពីអារម្មណ៍ច្រណែន ព្រោះពួកគេមានចេតនាមិនអើពើនឹងភាពជោគជ័យរបស់អ្នក។
៥.ពួកគេរិះគន់ខ្លាំងចំពោះអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ
មិត្តក្លែងក្លាយនឹងរិះគន់យ៉ាងខ្លាំង និងវិនិច្ឆ័យរាល់ការសម្រេចចិត្តរបស់អ្នក សូម្បីតែពេលដែលជម្រើសទាំងនោះអាចនាំអ្នកទៅរកភាពជោគជ័យ។ ពួកគេតែងតែហាមឃាត់អ្នក មិនអោយធ្វើនេះ មិនអោយធ្វើនោះ ព្រោះហេតុផលតែមួយគត់ គឺដោយសារតែគេមិនចង់ឃើញសម្រេចបាននូវគោលដៅរបស់អ្នក ឡើយ៕
ប្រភព៖ បរទេស
ប្រែសម្រួលដោយ៖ ក្នុងស្រុក