តាមក្បួនហុងស៊ុយដែលបានសរសេរកត់ត្រាក្នុងសៀវភៅពីបុរាណ ការទស្សន៍ទាយជោគវាសនាមនុស្ស គឺអាចមើលដឹងតាមលក្ខណៈជាច្រើនលើរាងកាយ។ ងាកមកក្នុងវីដេអូនេះ Knongsrok បន្តចែករំលែក ក្បួនមើលការក្តាប់បាតដៃ បើអ្នកនិយមប្រើប្រាស់ដៃឆ្វេង សូមអនុវត្តការក្តាប់ផ្នែកខាងឆ្វេង បើនិយមប្រើប្រាស់ដៃស្តាំ ក៏លើកដៃស្តាំមកក្តាប់ ហើយផ្ទៀងផ្ទាត់មើល៖
ខ្សែបន្ទាត់ ១ ជួរ
ប្រសិនពេលក្តាប់បាតដៃ ហើយឃើញខ្សែបន្ទាប់មានតែ ១ ជួរ អ្នកគឺជាមនុស្សឈ្លាសវៃ ជាងមនុស្សទូទៅឯទៀត ហើយអ្នកមានសមត្ថភាពក្នុងការវិភាគនិងដោះស្រាយបញ្ហានានាបានល្អ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏មានចិត្តអាណិតអាសូរនិងមិនរុញរាក្នុងការជួយអ្នកដទៃជុំវិញខ្លួននោះទេ។
នៅវ័យក្មេងបុគ្គលទាំងនេះ រមែងជួបបញ្ហាលំបាកច្រើនក្នុងជីវិត ឧបសគ្គនៅចំពោះមុខច្រើនមិនចេះអស់ តែបើពួកគេមានឆន្ទៈខិតខំបន្តិច នោះក្រោយអាយុ ៤០ ឆ្នាំ នឹងមានសំណាង រីកទ្រព្យ ក្លាយជាអ្នកមាន មានសុភមង្គលអាចរស់នៅស្រួលជាមួយក្រុមគ្រួសារ។
ខ្សែបន្ទាត់ ២ ជួរ
ជាមនុស្សដែលមានភាពឧស្សាហ៍ព្យាយាម ហើយរួសរាយខ្លាំងណាស់ ដែលងាយសម្របខ្លួនទៅក្នុងកិច្ចប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន និងមជ្ឈដ្ឋានថ្មីក្នុងជីវិត។ ជាងនេះពួកគេស្អប់ភាពខ្ជិលច្រអូសខ្លាំងបំផុត ដែលជារឿយៗពួកគេរមែងនៅក្បែរតែមនុស្សឧស្សាហ៍និងជោគជ័យក្នុងជីវិតប៉ុណ្ណោះ។
មនុស្សនេះភាគច្រើនមានភ័ព្វសំណាងតាំងតែពីនៅក្មេង ប៉ុន្តែការជោគជ័យពិតគឺកើតឡើងនៅអាយុក្រោយ ៣០ ឆ្នាំឯណោះ ដោយពួកគេអាចមានសមត្ថភាពក្លាយជាថៅកែ ឬយ៉ាងហោចណាស់មានតំណែងធំណាមួយនៅក្នុងក្រុមហ៊ុនឬស្ថាប័ន។
ខ្សែបន្ទាត់ ៣ ជួរ
ជាមនុស្សស្វាហាប់ សប្បុរស និងមានសមត្ថភាពជាអ្នកដឹកនាំពីកំណើត។ គុណវិបត្តិរបស់មនុស្សនេះ គឺត្រង់ថា រឹងរូសហើយចូលចិត្តប្រកាន់ខ្ជាប់គំនិតរបស់ខ្លួនឯង មិនសូវចេះសម្របនឹងយោបល់របស់អ្នកដទៃ។
ហេតុផលហ្នឹងហើយ ទើបពេលនៅវ័យក្មេងខ្ចី គេរមែងពិបាកនឹងរកទ្រនំឈរជើងជាប់ឆ្នាំបន្តិច ហើយជីវិតតែងមានភាពរដាក់រដុប តែពួកគេមិនដើរថយក្រោយឡើយ។ រហូតដល់អាយុក្រោយ៣០ ឆ្នាំ អាជីពរបស់បុគ្គលនេះ នឹងមានស្ថិរភាពជាពិសេសផ្នែកប្រាក់ចំណូល មានការកើនឡើងគួរឲ្យកត់សម្គាល់។
ខ្សែបន្ទាត់ ៤ ជួរ
ជាមនុស្សស្មោះត្រង់ ហើយពួកគេតែងតែធ្វើល្អជាមួយមនុស្សជុំវិញខ្លួន និងត្រៀមខ្លួនចាំជួយគេជានិច្ច ពេលគេត្រូវការជំនួយ។ ដោយសារតែភាពល្អពីកំណើតនេះហើយ ក៏រមែងនាំឲ្យបុគ្គលទី ៤ អាចទទួលបានប្រយោជន៍ និងលាភពីអ្នកដទៃដោយមិនដឹងខ្លួន ដ្បិតគេមិនចង់ ក៏ត្រូវតែបានមកវិញដែរ។
អរគុណចំពោះចិត្តសប្បុរសដ៏ធំធេងនេះ បន្ទាប់ពីអាយុ ៣៥ ឆ្នាំ អ្នកនឹងរមែងជួបសំណាងល្អក្នុងជីវិតច្រើន ជួយឲ្យមានសុភមង្គលពេញលេញក្នុងក្រុមគ្រួសារ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក