មនុស្សគ្រប់វ័យត្រូវបានគេសង្កេតឃើញជាទូទៅថា សុទ្ធតែអាចកើតមាននូវរមាស់លើស្បែក ដូចជាជំងឺតាអក កន្ទាលត្រអាក កម និងរមាស់ជាដើម។ ការកើតមានឡើងនេះ គឺអាចបណ្ដាលមកពីបញ្ហាផ្សេងៗជាច្រើន ជាពិសេស កើតឡើងចំពោះអ្នករស់នៅតាមជនបទ ឬរស់នៅស្រុកស្រែចម្ការ។
ទាក់ទងនឹងជំងឺរមាស់ទាំងនេះ បើតាមអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ឯកទេសសុខភាពសាធារណៈដែលបានបញ្ចប់ការសិក្សាពីសហរដ្ឋអាមេរិក បានលើកឡើងអំពីរមាស់៣ប្រភេទ ដែលមានអាការៈស្រដៀងគ្នាមកពន្យល់។ សម្រាប់លោកជំងឺរមាស់មានដូចជា រមាស់ Scabies ដែលបង្កឡើងដោយចៃ តាអក (Eczema) និងជំងឺរមាស់ Psoriasis។ លោកវេជ្ជបណ្ឌិតបានពន្យល់ដូច្នេះថា៖
១. រមាស់ Scabies បង្កឡើងដោយចៃខាំ៖ Scabies គឺជាជំងឺរមាស់ស្បែកបណ្ដាលមកពីប៉ារាសិត ដែលបង្កឡើងដោយសត្វចៃម្យ៉ាងឈ្មោះ Sarcoptes Scabies។ សត្វចៃប្រភេទនេះ វាបានទម្លាក់ពងលើស្បែកបណ្ដាលឱ្យរមាស់ពេញខ្លួនទ្រាំស្ទើរពុំបាន វារមាស់ខ្លាំងអេះៗរហូតដាច់ដោចស្បែកផងក៏មាន។ ជាពិសេសរមាស់ខ្លាំងទ្រាំមិននៅពេលយប់។ ដោយសារតែចៃទាំងនោះមានទំហំតូចពេក ធម្មតាគេមើលវាដោយភ្នែកទទេមិនឃើញឡើយ។
ក្រៅតែពីបង្កឱ្យមានរមាស់ខ្លាំង សត្វចៃប្រភេទនេះ ក៏ជាភ្នាក់ងារចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ស្បែកគ្នា ជាពិសេសអ្នករស់នៅក្នុងផ្ទះជាមួយគ្នា។ គេរកឃើញវត្តមានរបស់វា នៅកន្លែងមានមនុស្សច្រើន កន្លែងមើលថែទាំចាស់ៗ ពន្ធនាគារ និងកន្លែងថែទាំក្មេងជាដើម។ ចំណែកការប្រើប្រាស់របស់របររួមគ្នា ដូចជាខោអាវ កន្សែង ឬគេងគ្រែជាមួយគ្នាសុទ្ធតែអាចឆ្លងបានគ្រប់ពេលវេលា។
នៅពេលមានអ្នកណាម្នាក់ឆ្លងជំងឺនេះ នឹងលេចចេញរោគសញ្ញាមួយចំនួន គឺស្បែកអ្នកជំងឺមានរន្ធតូចល្អិតដែលមានចៃបង្ករោគរមាស់នៅក្នុងនោះ។ វាមិនត្រឹមតែរស់នៅក្នុងស្រទាប់ស្បែកប៉ុណ្ណោះទេ វាថែមទាំងពងភ្ញាស់កូននៅក្នុងនោះទៀតផង។ រោគសញ្ញាមួយទៀត គឺរមាស់ខ្លាំងនៅពេលយប់ រមាស់នៅតាមចង្កេះ ដើមដៃ កដៃ និងនៅតាមច្រវែបម្រាមដៃ រួមទាំងចន្លោះកៀនកោះផ្សេងទៀត។
ទោះបីជាជំងឺនេះរមាស់ខ្លាំងទ្រាំស្ទើរពុំបាន និងឆ្លងគ្នាទៅវិញក្នុងរង្វង់គ្រួសារក៏ពិតមែន ប៉ុន្តែទោះជារមាស់យ៉ាងណា ក៏គេអាចព្យបាលជំងឺនេះជាសះស្បើយបានដែរ ខុសពីជំងឺរមាស់មួយចំនួនដែលមានអាការៈរមាស់ស្រដៀងគ្នានេះព្យាបាលពុំជាសះស្បើយឡើយ ដូចជាជំងឺរមាស់ តាអក (Eczema) និងជំងឺរមាស់ Psoriasis ជាដើម។ ជំងឺរមាស់ Scabies ដែលព្យាបាលជាសះស្បើយនេះ បើតាមលោកវេជ្ជបណ្ឌិត គួច ម៉េងលី បានណែនាំឱ្យទៅពិគ្រោះជាមួយគ្រូពេទ្យរោគសើស្បែក ដើម្បីទទួលបានណែនាំ និងព្យាបាលសម្លាប់សត្វចៃបង្ករោគរមាស់ឱ្យអស់ពីខ្លួនដោយថ្នាំលាប។
ការព្យាបាលជំងឺដោយថ្នាំលាប អ្នកជំនាញដដែលបន្ថែមថា ត្រូវលាបពេញទាំងខ្លួនប្រាណចំនួនម្ដងទៅពីរដង ហើយម្ដងរយៈពេលចន្លោះ៨ ទៅ១០ម៉ោង។ អ្នកខ្លះលាបតែម្ដងពីរដងជាសះស្បើយ ឯអ្នកខ្លះទៀតទោះលាបពីរបីដងហើយនៅតែមិនទាន់ជាសះស្បើយ ទាល់តែពេទ្យផ្ដល់ថ្នាំផ្សេងទៀតទើបគាត់ជា។ ថ្នាំលាបមួយចំនួនដែលអាចព្យាបាលជំងឺរមាស់បង្កដោយចៃ មានដូចជា៖
១- ក្រែមលាបស្បែក Permethrin ដែលជាថ្នាំលាបអាចប្រើចំពោះមនុស្សទូទៅ មិនថាក្មេង ចាស់ ឬស្ត្រីមានផ្ទៃពោះឡើយ ប្រសិនកើតរោគរមាស់ Scabies សុទ្ធអាចលាបបានទាំងអស់។ ថ្នាំនេះទោះប្រើបានចំពោះមនុស្សជាទូទៅ ប៉ុន្តែវាមិនសូវខ្លាំងអាចសម្លាប់សត្វចៃរមាស់មានប្រសិទ្ធភាព១០០%នោះទេ។
២- ឡេលាបស្បែក Lindane Lotion ជាថ្នាំសម្រាប់លាបព្យាបាលជំងឺរមាស់ដែលបង្កឡើងដោយចៃដែរ ប៉ុន្តែស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន កូនក្មេងអាយុក្រោម១០ឆ្នាំ និងមនុស្សមានគីឡូទាបជាង៥០គីឡូ ពុំអាចប្រើថ្នាំនេះបានឡើយ ព្រោះអាចប៉ះទង្គិច ឬប្រតិកម្មដល់សុខភាព។
៣- ក្រែមលាបស្បែក Eurax គឺជាថ្នាំលាបមួយប្រភេទដែលអាចព្យាបាលជំងឺរមាស់បានផងដែរ ប៉ុន្តែថ្នាំនេះគេពុំដឹងថា វាមានសុវត្ថិភាព ឬផលប៉ះទង្គិចខ្លាំងប៉ុនណាដល់អ្នកប្រើប្រាស់នោះទេ ជាពិសេសក្មេងតូច ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូនជាដើម។
៤- ថ្នាំលេប Stromectol គឺជាថ្នាំលេបដែលប្រើប្រាស់សម្រាប់អ្នកជំងឺកើតរមាស់លក្ខណៈធ្ងន់ធ្ងរឡើងក្រមរ។ ថ្នាំនេះអាចបំបាត់ចៃ ប៉ុន្តែមិនបាត់រមាស់ឡើយ។ សម្រាប់ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន និងក្មេងអាយុក្រោម១៥គីឡូក្រាមពុំអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំប្រភទនេះបានឡើយ ព្រោះបណ្ដាលឱ្យប៉ះពាល់សុខភាព។
ចូរចាំថា បើយកល្អមុននឹងប្រើប្រាស់ថ្នាំលាបទាំងនេះ សូមទៅពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតជំនាញ សូមកុំប្រើប្រាស់ថ្នាំទាំងនេះដោយគ្មានការពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតឱ្យសោះ ដើម្បីចៀសវាងផលប៉ះទង្គិចផ្សេងៗ ព្រោះមានករណីផ្សេងទៀត គេអាចប្រើប្រាស់ថ្នាំលេប។ ក្រៅពីវិធីព្យាបាលខាងលើនេះ លោកបានណែនាំថា ត្រូវបោកសម្អាតខោអាវ សម្ងួតកន្លែងគេង កន្សែង ស្រោមពូក ស្រោមខ្នើយ ឱ្យបានស្អាតល្អ។ បើពុំនោះទេ ឱកាសនៃការកើតចៃនៅតែមាន។
២. ជំងឺរមាស់ តាអក (Eczema)៖ តាអក គឺជាជំងឺរមាស់ស្បែកមានវត្តមាននៅកម្ពុជាជាយូរមកហើយ ប៉ុន្តែរហូតមកទល់នឹងបច្ចុប្បន្ន ជំងឺនេះក៏នៅតែបន្តមានវត្តមានជាញឹកញាប់ចំពោះក្មេង ឬមនុស្សចាស់ មិនថាប្រុស ឬស្រីនោះឡើយ។ វាជាជំងឺរមាស់រ៉ាំរ៉ៃដែលមិនគួរព្រងើយកន្តើយ ព្រោះវាជាជំងឺដែលមិនអាចព្យាបាលជាសះស្បើយ។ ជំងឺនេះ កើតចំពោះមនុស្សដែលមានប្រវត្តិជំងឺហ្សែន ដូចជាឧស្សាហ៍ផ្ដាសាយញឹកញាប់ ធ្លាប់កើតហ៊ើត អាឡាក់ស៊ីជាដើម។ អាឡាក់ស៊ីដែលបណ្ដាលមកពីធូលីដី លម្អងផ្កា ចៃដី បាតេរី ពោលគឺទាក់ទងនឹងប្រតិកម្មពីសារធាតុខាងក្រៅ ដែលជាហេតុបង្កឱ្យស្បែកមានអាឡាក់ស៊ី ធ្វើឱ្យស្បែកឡើងរោលពេញទាំងខ្លួនប្រាណ ស្បែកឡើងរមាស់ក្រាស់ដុំៗ រមាស់តាមគន្លាក់ដៃគន្លាក់ជើង ហើយភាគច្រើនឱ្យតែអាកាសធាតុក្ដៅហប់ បែកញើស និងស្មុគស្មាញខ្លាំង គឺដឹងតែឡើងរមាស់ហើយ។ ការប្រើប្រាស់សាប៊ូលាងចាន សាប៊ូបោកខោអាវ សាប៊ូដុះខ្លួន សូម្បីតែការទទួលទានអាហារដូចជាពងមាន់ និងអាហារដែលងាយនឹងអាឡាក់ស៊ី ក៏កើតរមាស់ដែរ។ ជំងឺនេះរមាស់ខ្លាំងនឹងឡើងក្រហម ហើយបន្ទាប់មកប្រែទៅជាក្រមៅស្ទើរតែស្រដៀងនឹងជំងឺស្រែងយ៉ាងដូច្នេះដែរ។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី លើកឡើងនេះ គឺជាមូលហេតុនៃការកើតឡើងនៃជំងឺតាអក។ តាអក គឺជាជំងឺរមាស់ម្យ៉ាងដែលភាសាអង់គ្លេសហៅថា Eczema ។ តាអក ជាជំងឺស្បែករ៉ាំរ៉ៃបង្កឱ្យមានរមាស់ ក្រហាយ និងស្ងួតស្បែក។ ជំងឺនេះព្យាបាលមិនជាសះស្បើយទេ ហើយបើធ្លាក់ដល់ដំណាក់កាលធ្ងន់ធ្ងរ អាចឈានដល់រលាត់ចេញឈាមក៏មាន។ ព្រោះតែយ៉ាងដូច្នេះហើយបានជាលោកវេជ្ជបណ្ឌិតប្រាប់កុំឱ្យស្បែកស្ងួត។ ដើម្បីថែរក្សាកុំឱ្យស្បែកស្ងួត គឺត្រូវឧស្សាហ៍លាបវ៉ាសេលីន (Vaseline) ហើយចៀងវាងប្រើសាប៊ូណាដែលងាយនឹងប្រតិកម្ម។
មួយវិញទៀត ទោះបីជំងឺតាអកពុំអាចព្យាបាលជាសះស្បើយក៏ពិតមែន ប៉ុន្តែគេនៅតែអាចព្យាបាលទប់ស្កាត់កុំឱ្យវាកើតឡើងបានដែរ។ វិធីព្យាបាលនោះ គឺការប្រើទឹកអូសាវ៉ែកន្លះកែវលាយទឹកស្អាត១៥០លីត្រ ហើយងូតត្រាំដើម្បីសម្លាប់មេរោគ។ ជាងនេះទៅទៀត អ្នកជំងឺអាចប្រើថ្នាំសះលាយជាមួយនឹងថ្នាំរោគផ្សិត ហើយយកមកលាបញីៗ ទោះវាក្រាបបាត់មុខទៅវិញហើយក្ដី ក៏ត្រូវតែបន្តលាបញីវារហូត ដើម្បីកាត់បន្ថយការឡើងរោលរមាស់។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា អ្នកកើតជំងឺនេះពីក្មេង ភាគច្រើនអាចបាត់ទៅវិញនៅពេលពេញវ័យ ប៉ុន្តែផលវិបាកនោះ គឺថាធ្វើឱ្យក្មេងខ្សោយរៀនមិនទាន់គេ និងមិនងាយលូតលាស់ធំធាត់។ ទោះយ៉ាងណាក៏ដោយ រហូតមកដល់បច្ចុប្បន្នអ្នកវិទ្យាសាស្ត្របានរកឃើញថ្នាំចាក់ហើយ គឺថ្នាំ Monoclonal Antibody ប៉ុន្តែដោយសារតែថ្នាំនេះទើបនឹងរកឃើញ ដូច្នេះមិនទាន់មានប្រើជាផ្លូវការពេញលក្ខណៈនៅឡើយទេ។
៣. ជំងឺរមាស់ Psoriasis៖ ជំងឺស្បែក Psoriasis គឺជាជំងឺទាក់ទងនឹងការខូចមុខងារហ្សែន។ មានន័យថា នាំឱ្យមានការផលិតកោសិកាស្បែកថ្មីលឿនខុសប្លែកពីធម្មតា។ តាមពិតទៅស្បែកមនុស្សយើងលូតលាស់ទៅតាមអាយុកាលរបស់វារហូតមកដល់ដំណាក់កាលមួយវារបកជ្រុះឯង ប៉ុន្តែអ្នកកើតជំងឺនេះវិញធ្វើឱ្យកោសិកាស្បែកលូតលាស់លឿនគរលើគ្នាបង្កឱ្យរមាស់។ វាមានស្បែកស្រទាប់លើស្រទាប់សៗ ដែលបណ្ដាលមកពីកោសិកាស្បែកដុះលឿនពេក ជួនកាលកើតដុំៗនៅម្ដុំក្បាល ត្រចៀក ខ្ចឹងក ពោលគឺកើតដោយកន្លែងនៅលើខ្លួនមនុស្ស មានពណ៌ក្រហមលាយពណ៌ប្រាក់ជាកញ្ចុំៗ និងមានអាការៈរមាស់ និងជួនកាលឈឺខ្លាំង។ ជំងឺនេះស្រដៀងជំងឺស្រែងដែរ ប៉ុន្តែមិនមែនជំងឺស្រែងទេ ហើយអ្នកកើតជំងឺនេះពុំអាចព្យាបាលជាសះស្បើយឡើយ។ ជំងឺរមាស់ Psoriasis ទោះរមាស់ស្រដៀងជំងឺតាអក និងជំងឺរមាស់ដែលបង្កដោយសត្វចៃពិតមែន ប៉ុន្តែវាជាជំងឺរមាស់មួយប្រភេទដែលបង្កឡើងមកពីកោសិកាស្បែកលូតលាស់លឿនពេក។ អ្នកចូលចិត្តពិសាបារី និងស្រា បើកើតមានជំងឺនេះហើយ គឺធ្ងន់ធ្ងរបំផុត។
បើតាម អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានពន្យល់បន្ថែមថា ជំងឺស្បែក Psoriasis មានបួនប្រាំប្រភេទខុសៗគ្នា ដោយខ្លះដំបៅខ្ទុះ ខ្លះដំបៅរមាស់ និងខ្លះទៀតដំបៅចេញទឹករងៃជាដើម។ ទោះជំងឺស្បែក Psoriasis គ្មានវិធីសាស្ត្រព្យាបាល ប៉ុន្តែជម្រើសដ៏ល្អបំផុត គឺរក្សាស្បែកឱ្យមានសំណើមជាប់ជានិច្ច។ ដូច្នេះ ដើម្បីស្បែកមានសំណើមគួរលាបវ៉ាសេលីន (Vaseline) ឬឡេផ្ដល់សំណើមដល់ស្បែក៕ ប្រភព៖ https://www.interconrooster.com/archives/2022/03/01/77342