​ព្រះបាទ​សូរ្យវរ្ម័នទី២ ជាក្សត្រខ្មែរ​ដែលបានកសាងអង្គរឡើងមុនគេបង្អស់ និងបានបង្រួបបង្រួមជាតិខ្មែរឱ្យរួមតែមួយ

នៅក្នុងអតីតកាល ប្រវត្តិសាស្ត្រ​ខ្មែរគឺជាមហាណាចក្រដ៏ធំធេង និងជាអាណាព្យាបាលរបស់ប្រទេសជាច្រើនផង។ នៅក្នុងនោះរួមមាន ដូចជា ប្រទេសចំប៉ា សៀម ភូមា ។ល។ រហូតមកដល់សព្វកាលបច្ចុប្បន្ននេះ កិត្តិនាមរបស់ព្រះមហាក្សត្រខ្មែរនេះនៅតែល្បីល្បាញជាប់តរហូតមក។

ខាងក្រោមនេះ គឺជាជីវប្រវត្តិព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែខាងសឹកសង្គ្រាម និងជាក្សត្រ​ដែលកសាងសមទ្ធិផលយ៉ាងច្រើនដល់កម្ពុជាយើង រួមមាន ប្រាសាទព្រះវិហារ អង្គរវត្ត ។ល។

ព្រះមហាក្សត្រ​ខ្មែរ​មួយ​អង្គ​ដែល​ជា​អ្នក​ផ្ដួចផ្ដើម​សំណង់​ស្ថាបត្យកម្ម​ដ៏​ល្បីល្បាញ និង​ជា​និមិត្ត​រូប​នៃ​ប្រទេស​កម្ពុជាគឺ ​ព្រះបាទ​សូរ្យវរ្ម័នទី២។ ព្រះអង្គ​ឡើង​គ្រងរាជ្យ​នៅ​ដើម​សតវត្ស​ទី​១២ បន្ទាប់​ពី​បាន​ធ្វើ​គត់​ព្រះរាជា​ពីរ​អង្គ ដែល​សោយរាជ្យ​មុន​ព្រះអង្គឡើងគ្រងរាជ្យ។

ព្រះបាទ​សូរ្យវរ្ម័នទី២ (ឆ្នាំ​១១១៣-ឆ្នាំ​១១៥០)

ព្រះបាទ​សូរ្យវរ្ម័នទី២​ គឺ​ជា​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​អង្គរ​ដ៏​ល្បីល្បាញ​មួយ​ព្រះអង្គ។ ស្នា​ព្រះហស្ដ​ដ៏​សំខាន់​ជាង​គេ​ក្នុង​រាជ្យ​របស់​ព្រះអង្គ គឺ​ការ​ដឹក​នាំ​ស្ថាបនា​ប្រាសាទ​អង្គរវត្ត​ដ៏​ល្អ​គ្មាន​ពីរ​នៅ​លើ​ពិភពលោក​យើង​នេះ។ ក៏ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​ដណ្ដើម​អំណាច​ឡើង​គ្រងរាជ្យ​របស់​ព្រះអង្គ ពោរពេញ​ទៅ​ដោយ​ការ​បង្ហូរ​ឈាមមួយក្នុងទំព័រប្រវត្តិសាស្ត្រ។

មុន​ពេល​ដែល​ព្រះអង្គ​ឡើង​គ្រងរាជ្យ​នោះ ប្រទេស​កម្ពុជា មាន​ព្រះរាជា​ពីរ​អង្គ​គ្រងរាជ្យ​ក្នុង​ពេល​តែ​មួយ។ មួយ​អង្គ​ទ្រង់​សោយរាជ្យ​នៅ​រាជធានី​អង្គរ មាន​ព្រះនាម​ថា “ព្រះបាទ​នឫទិន្ទ្រវរ្ម័ន”ដែល​ឡើង​សោយរាជ្យ​ស្រប​ច្បាប់​បន្ត​ពី​ព្រះបាទ​ហស៌វរ្ម័នទី៣

មួយ​ព្រះអង្គ​ទៀត​ព្រះនាម “ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី១”ដែល​ទ្រង់​សោយរាជ្យ​បន្ត​ពី​ព្រះរៀម​របស់​ព្រះអង្គ គឺ​ព្រះបាទ​ជ័យវរ្ម័នទី៦ នៅ​រាជធានី​មហិធរៈបុរៈ ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស។ ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី១ ទ្រង់​ឡើង​សោយរាជ្យ​នៅ​ឆ្នាំ​១១០៧ ហើយ​ទ្រង់​ចូល​ទិវង្គត​ឆ្នាំ​១១១២ នៃ​គ្រិស្ដសករាជ ដោយ​មាន​ព្រះ​មរណនាម​ថា បរមនិស្កលបទ។

អ្នក​ដែល​ធ្វើ​គត់​ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី១ ដើម្បី​ដណ្ដើម​រាជ្យ​នោះ គឺ​ ព្រះបាទ​សូរ្យវរ្ម័នទី២ ដែល​ជា​ចៅ​ក្មួយ​របស់​ព្រះអង្គ​នោះ​ឯង។ ដំបូងឡើង ព្រះបាទ​សូរ្យវរ្ម័នទី២ ធ្វើ​គត់​ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី១ ជា​ឪពុក​មា​របស់​ខ្លួន។ បន្ទាប់​មក ព្រះអង្គ​ក៏​បាន​លើក​ទ័ព​ទៅ​ច្បាំង​ជាមួយ​ព្រះបាទ​នឫទិន្ទ្រវរ្ម័ន ព្រះរាជា​សោយរាជ្យ​នៅ​រាជធានី​អង្គរ ហើយ​ធ្វើ​គត់​ព្រះអង្គ​បាន​ទៀត។ ការ​ធ្វើ​គត់​ព្រះរាជា​ទាំង​ពីរ​ដែល​ចែក​ដី​គ្នា​គ្រងរាជ្យ​នៅ​កម្ពុជា ក្នុង​ពេល​តែ​មួយ​នេះ បាន​ធ្វើ​អោយ​ព្រះបាទ​សូរ្យវរ្ម័នទី២ អាច​បង្រួប​បង្រួម​នគរ​ខ្មែរ​អោយ​ទៅ​ជា​មួយ​ឡើង​វិញ។

ក្រោយ​ពី​ធ្វើ​គត់​ព្រះរាជា​ទាំង​ពីរ​បាន​ហើយ ព្រះអង្គ​ក៏​ទ្រង់​ឡើង​សោយរាជ្យ​នៅ​រាជធានី​អង្គរ។ ពិធី​រាជាភិសេក​ក្នុង​ការ​ឡើង​គ្រងរាជ្យ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ព្រះរាជ​គ្រូ​ព្រាហ្មណ៍​បុរោហិត​ទិវាករ​បណ្ឌិត​ដដែល។

លុះ​ទ្រង់​បាន​ឡើង​សោយរាជ្យ​ហើយ ព្រះអង្គ​ទ្រង់​បាន​ភ្ជាប់​ចំណង​មិត្តភាព​ជាមួយ​ប្រទេស​ចិនឡើង​វិញ ហើយ​ព្រះអង្គ​បាន​បញ្ជូន​គណៈ​បេសកកម្ម​ការទូត​ពីរ​ទៅ​ប្រទេស​ចិន គឺ​មួយ​នៅ​ឆ្នាំ​១១១៦ និង​មួយ​ទៀត​នៅ​ឆ្នាំ​១១២០ នៃ​គ្រិស្ដសករាជ។

ព្រះបាទ​សូរ្យវរ្ម័នទី២ ជា​ស្ដេច​សឹក​ដ៏​អង់អាច​ក្លាហាន។ ព្រះអង្គ​បាន​ធ្វើ​សង្គ្រាម​ជា​ញឹកញាប់ ដោយ​បាន​ច្បាំង​ជាច្រើន​លើក​ច្រើន​សា​ជាមួយ​នឹង​ប្រទេស​ចំប៉ា ដែល​បាន​បញ្ជូន​ទ័ព​មក​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​តាំង​ពី​មុន​រាជ្យ​របស់​ព្រះអង្គ គឺ​ពេល​ដែល​ប្រទេស​បែក​បាក់​គ្នា ហើយ​មាន​ស្ដេច​សោយរាជ្យ​ដល់​ទៅ​ពីរ​អង្គ​ក្នុង​ពេល​តែ​មួយ​នោះ។

សង្គ្រាម​ជាមួយ​ប្រទេស​ចំប៉ា នេះ​បាន​ទទួល​ជោគជ័យ ហើយ​ខ្មែរ​បាន​កាន់​កាប់​រាជធានី​វិជ័យ​ពី​ឆ្នាំ​១១៤៥ ដល់​ឆ្នាំ​១១៤៩ ហើយ​ដាក់​ប្អូន​ថ្លៃ​ព្រះអង្គ​ឈ្មោះ “ហរិទេវៈ”អោយ​សោយរាជ្យ​នៅ​ទី​នោះ​ផង។

ច្បាំង​នឹង​យួន​ដៃ​វៀត ដែល​ចេះ​តែ​ឃុបឃិត​គាំទ្រ​ពួក​ក្បត់ ហើយ​អនុញ្ញាត​អោយ​ពួក​នេះ​ជ្រក​កោន​ផង។ ច្បាំង​នឹង​ក្សត្រ​បុរី​ថៃ ដែល​ក្រោក​បះបោរ​នៅ​វាល​ទំនាប​ខាង​លើ​នៃ​ទន្លេ​មេណាមផង ហើយ​ច្បាំង​ជាមួយ​ពួក​មន នៅ​ហរិបុញ្ជ័យ ថែម​ទៀត​ផង។ ដោយសារ​ព្រះអង្គ​ជា​ស្ដេច​សឹក​ដ៏​ខ្លាំង​ពូកែ​ដូច្នេះ​ហើយ ទើប​ព្រះ​ចៅ​ក្រុង​ចិនថ្វាយ​ព្រះ​ឋានន្តរ​នាម​ដ៏​ខ្ពង់ខ្ពស់​ចំពោះ​ព្រះអង្គ​ថា “គិនពីវពិនចេង” ដែល​ប្រហែល​ជា​ត្រូវ​នឹង​ពាក្យ​ខ្មែរ​ថា “កម្រតេង” នោះ​ឯង។

ក្នុង​រជ្ជកាល​របស់​ព្រះអង្គ ប្រទេស​ខ្មែរ​មាន​វិសាលភាព​ធំ​ទូលាយ​ណាស់ គឺ​ខាង​ជើង​ទល់​នឹង​ប្រទេស​ចិន ខាង​ត្បូង​ទល់​នឹង​សមុទ្រ​ចិន គឺ​ពី​កូថារ៉ា (បច្ចុប្បន្ន​ញ៉ាត្រាង ក្នុង​ប្រទេស​វៀតណាម) រហូត​ដល់​ឈូង​សមុទ្រ​បានឌុង (នៅ​ម៉ាឡេស៊ី)

ខាង​លិច​ទល់​នឹង​ប្រទេស​ភូមា ហើយ​ព្រំប្រទល់​ខាង​កើត​ទល់​នឹង​ប្រទេស​ចំប៉ា។ ម្យ៉ាង​ទៀត ព្រះបាទ​សូរ្យវរ្ម័នទី២ ទ្រង់​ជា​មគ្គុទ្ទេសក៍​ដ៏​ឆ្លាត​វាង​វៃ​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ជាតិ។ ព្រះអង្គ​ជា​ព្រះមហាក្សត្រ​ខ្មែរ​ដំបូង​បំផុត ដែល​មាន​ជំនឿ​ស៊ប់​លើ​សាសនា​ព្រាហ្មណ៍​គណៈ​ព្រះវិស្ណុ ដែល​ក្នុង​សម័យ​នោះ​មាន​ប្រជាប្រិយភាព​ធំធេង​នៅ​ប្រទេស​ឥណ្ឌាផង និង​នៅ​កោះ​ជ្វាផង។ ព្រះអង្គ​បាន​លើក​តម្កើង​សាសនា​ព្រាហ្មណ៍​គណៈ​វិស្ណុ នេះ​អោយ​ទៅ​ជា​សាសនា​របស់​រដ្ឋ។

នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ បដិមា​តំណាង​ព្រះរាជា​ដែល​គេ​តម្កល់​ក្នុង​ប្រាសាទ​ធំៗ លែង​ជា​សិវលិង្គ​របស់​ព្រះ​ឥសូរ ទៀត​ហើយ តែ​ជា​ព្រះវិស្ណុ​បដិមា​វិញ។ ខាង​វិស័យ​សំណង់ “ព្រះបាទ​សូរ្យវរ្ម័នទី២” ទ្រង់​ជា​ព្រះមហាក្សត្រ​មួយ​អង្គ​ដែល​មាន​ស្នា​ព្រះហស្ត​យ៉ាង​ច្រើន​សម្បើម ដោយ​ព្រះអង្គ​បាន​បន្ត​ការ​ស្ថាបនា​ប្រាសាទ​ភ្នំ​ជីសូរ ប្រាសាទ​ភ្នំ​សណ្ដក ប្រាសាទ​វត្ត​ភូនិង​ប្រាសាទ​ព្រះវិហារ

ឯ​សំណង់​ថ្មី​មានប្រាសាទ​ព្រះពិធូរ ប្រាសាទ​ចៅសាយទេវតា ប្រាសាទ​ធម្មនន្ទ ប្រាសាទ​បន្ទាយសំរ៉ែនិង ​ប្រាសាទ​អង្គរវត្តដែល​ជា​ស្នាដៃ​ដ៏​ល្អ​ប្រណីត​នៃ​សិល្បៈ​ខ្មែរ ហើយ​ដែល​ត្រូវ​គេ​ចាត់​ទុក​ថា ជា​សំណង់​សាសនា​មួយ​ដ៏​ធំ​ជាង​គេ​ក្នុង​ពិភពលោក។  ប្រាសាទ​អង្គរវត្តក៏​ជា​ទី​ដែល​គេ​តម្កល់​បដិមា​ព្រះវិស្ណុ និង​ក៏​ប្រហែល​ជា​ទី​ដែល​គេ​បញ្ចុះ​ព្រះ​ធាតុ​របស់​ព្រះអង្គ ក្នុង​ពេល​ដែល​ព្រះអង្គ​សោយ​ទិវង្គត​ទៅ​នោះ។

នៅ​ភាគ​ខាង​ចុង​រាជ្យ​របស់​ព្រះអង្គ​ក្នុង​ឆ្នាំ​១១៤៩ ពួក​ចាម បាន​បះបោរ រួច​បាន​ធ្វើ​គត់ ហរិទេវៈ ដែល​ជា​ប្អូន​ថ្លៃ​របស់​ព្រះអង្គ​សោយរាជ្យ​នៅ​ក្រុង​វិជ័យ ហើយ​រំដោះ​ប្រទេស​ចំប៉ា បាន​ពី​កម្ពុជាវិញ។ ព្រះបាទ​សូរ្យវរ្ម័នទី២ ទ្រង់​ឡើង​គ្រងរាជ្យ​ពី​ឆ្នាំ​១១១៣ ហើយ​ប្រហែល​ជា​ទ្រង់​សោយ​ទិវង្គត នៅ​ឆ្នាំ​១១៤៩ ឬ​ ឆ្នាំ​១១៥០ នៃ​គ្រិស្ដសករាជ ដោយ​មាន​ព្រះ​មរណនាម​ថា “បរមវិស្ណុលោក”

ប្រភព៖ កែសម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

មតិយោបល់របស់អ្នកអាន

ចំណុចត្រង់ថា សូរ្យវរ្ម័នទី២ បានកសាងអង្គរឡើងមុនគេមានន័យថាយ៉ាងម៉េចទៅ?​ តើអង្គរមុនគេចង់សំដៅទៅលើប្រាសាទឬក៏ទីក្រុង? ចុះស្តេចសោយរាជ្យបន្តបន្ទាប់ពី ព្រះអង្គ សូមបន្ត ស្តេចសោយរាជ្យបន្តបន្ទាប់ពី ព្រះបាទ ជ័យវរ្ម័នទី២បានធ្វើអ្វីខ្លះ? តើក្រុងអង្គរចាប់ផ្តើមពីរាជព្រះបាទអង្គណាទៅ?

អ្នកស្រាយជ្រាវតែងតែកំណត់យក គ.ស ៨០២ ដល់ គ.ស ១៤៣១ ជាការចាប់ ផ្តើមនិងចប់នៃសម័យអង្គរក្នុងប្រវត្តិសាស្ត្រខ្មែរ ។ តាមការពិតឆ្នាំទាំងពីរនេះមិនមែនជាការចាប់ផ្តើមនិងចប់ទេ លោក ដេវិឌ ឆាណ្ឌល័រ បាននិយាយ។

គ.ស ៨០២ ជ័យវរ្ម័នទី២សោយរាជ្យបន្ត គ ស ៨៧៧ ឥន្ទ្រវរ្ម័នទី១

គ.ស ៨៨៩ យសោវរ្ម័នទី១

គ.ស ៩២៨ ជ័យវរ្ម័នទី៤

គ.ស ៩៤៤ រាជេន្ទ្រវរ្ម័នទី៤

គ.ស ៩៦៨ ជ័យវរ្ម័នទី៥

គ.ស ១០០២ សូរ្យវរ្ម័នទី១

គ.ស ១០៥០ ឧទយ្យាទិត្យវរ្ម័នទី២

គ.ស ១០៦៦ ហស៌វរ្ម័នទី៣

គ.ស ១០៨០ ជ័យវរ្ម័នទី៦

ចលាចល

គ.ស ១១១៣ សូរ្យវរ្ម័នទី២

ចង់ថា កសាងប្រាសាទអង្គរមុនគេក៏មិនមែន និង ថា កសាងក្រុងអង្គរមុនគេក៏មិនមែន

មួយទៀត ទ្រង់ជាអ្នកបង្រួបបង្រួមជាតិហើយ ប៉ុន្តែមិនមែនមុនគេទេក្នុងសម័យមហាអង្គរ មុនគេគឺ ព្រះបាទ ជ័យវរ្ម័នទី២

សូមកែបន្តិច គឺ គ.ស ៨០២ ជ័យវរ្ម័នទី២ សោយរាជ្យ រួចបន្តបន្ទាប់ គ្នាតាមហ្នឹងទៅ។ សូមអរគុណ ។