នាពេលបច្ចុប្បន្ននេះ មិនថានៅក្នុងគ្រួសារក្តី សាលារៀនក្តី ជាពិសេស គឺប្រទេសលោកខាងលិចសុទ្ធតែបានលើកកម្ពស់ឱ្យកុមារចេះធ្វើកិច្ចការងារដោយខ្លួនឯង និងជម្រុញឱ្យកុមារមានភាពក្លាហាន និងមានភាពឯករាជ្យ។
បញ្ហាការជម្រុញកុមារឱ្យមានភាពឯករាជ្យនេះ ភាគច្រើនឪពុកម្តាយជាច្រើនបានផ្តោតសំខាន់យ៉ាងខ្លាំង ដោយគេបានធ្វើស្ថិតិទៅលើឪពុកម្តាយមួយចំនួនធំដោយលើកសំនួរថា ៖ តើធ្វើដូចម្តេចទៅដើម្បីឱ្យកូនរបស់អ្នកកាន់តែមានភាពក្លាហាន និងរៀនចេះឯករាជ្យដោយខ្លួន?” មានឳពុកម្តាយជាច្រើនមានមតិផ្សេងៗគ្នា ដោយនៅក្នុងនោះគេបានសរុបមតិឡើងមក ឃើញថាមានវិធីទាំង៧យ៉ាងនេះ ដែលអាចជម្រុញកុមារកាន់តែមានភាពក្លាហាន និងឯករាជ្យដោយខ្លួនឯង។
១. អាណាព្យាបាលត្រូវមានពេលវេលានៅជាមួយកូន
យើងដែលជាឪពុកម្ដាយទោះក្នុងលក្ខ័ណ្ឌបែបណាក៏ដោយត្រូវតែមានពេលឱ្យបានច្រើនសម្រាប់កូនកូន ព្រោះការកំដររបស់ឪពុកម្តាយ អាចធ្វើឱ្យកូនមានសន្តិភាពផ្លូវចិត្តបានគ្រប់គ្រាន់។
២. កុំស្តីបន្ទោសកូននៅចំពោះមុខគេ
កុំស្ដីបន្ទោសកូននៅចំពោះមុខអ្នកដទៃ ជាពិសេសនៅចំពោះកុមារដូចគ្នា។ ក្នុងនាមជាឪពុកម្តាយមិនអាចយកអារម្មណ៍មិនល្អ ឬកំហឹងមកជះលើកូនៗឡើយ ព្រោះនេះជាទង្វើមិនល្អ ក៏អាចបណ្តាលឱ្យពួកគេមានទម្លាប់បែបនេះនៅពេលដែលពួកគេធំពេញវ័យ។
៣. ក្នុងមួយដងទាមទារ ឬមានសំណូមពរចំពោះពួកគេតែមួយរឿងបានហើយ
ធ្វើជាម្ដាយឪពុកការសំណូមពរចំពោះកូនកូនតែមួយរឿងបានហើយព្រមទាំងតស៊ូព្យាយាមធ្វើឱ្យបានសម្រេច។ បើក្នុងមួយដងអ្នកទាមទារ ឬសំណូមពរដល់កូនឱ្យធ្វើរឿងជាច្រើន នេះអាចឱ្យពួកគេមានអារម្មណ៍ថាលែងចង់ធ្វើ ឬមានទម្លាប់រកលេសរុញច្រានទំនួលខុសត្រូវ។
៤. គោរពការជ្រើសរើសរបស់កូន
គោរពការជ្រើសរើសរបស់កូន ត្រូវផ្តល់សិទ្ធឱ្យពួកគេជ្រើសរើសដោយគ្មានភាពបង្ខិតបង្ខំ។ ឧទាហរណ៍ថា ៖ ថ្ងៃនេះមានលំហាត់១០ខ្ទង់ឱ្យពួកគេធ្វើ ដូច្នេះអ្នកអាចសួរពួកគេថា “ថ្ងៃនេះកូនចង់ធ្វើ៣ខ្ទង់ ឬក៏ ៥ខ្ទង់?” ហើយទុកឱ្យពួកគេជ្រើសរើសដោយខ្លួនឯងចុះ។
៥. លើកសរសើរចំពោះទង្វើដែលជាក់ស្តែង និងត្រឹមត្រូវ
ពាក្យដែលតែងស្តាប់ឮពីមាត់ឪពុកម្តាយនោះគឺ “ ល្អណាស់កូន!” ចំពោះការសសើរ និងលើកទឹកចិត្តចំពោះភាពគប្បី ត្រូវមាន តែគួរតែសសើរចំពោះសកម្មភាពដែលកុមារបានប្រឹងប្រែងទៅធ្វើសម្រាប់រឿងមួយនោះ។
ឧទារហណ៍ថា៖ “ ថ្ងៃនេះកូនសសេរអក្សរបានស្អាតណាស់ ហើយយកចិត្តទុកដាក់ទៀត” “ ថ្ងៃនេះកូនជួយម៉ាក់ធ្វើការងារផ្ទះ ពិតជាកូនល្អមែន” នេះសុទ្ធតែជាទង្វើជាក់ស្តែង ដែលពួកគាត់បានធ្វើទាំងអស់ ទោះជាពួកគេធ្វើមិនបានល្អក្តី ក៏ត្រូវយកការសសើរមកជំនួសការស្តីបន្ទោសដែរ។
៦.យកចិត្តទុកដាក់សង្កេតលើកូន
ឪពុកម្ដាយត្រូវយកចិត្តទុកដាក់មើលទង្វើរបស់កូនមួយចំនួន បន្ទាប់មកចាំទូន្មានបន្ថែម។ ក្នុងដំណើររីកធំធាត់របស់កុមារ ជាការពិតណាស់ទង្វើរបស់គេ និងមនុស្សពេញវ័យ គឺមិនដូចគ្នានោះទេ ក្នុងនាមជាឪពុកម្តាយអាចយល់ថា ទង្វើរបស់កូនខ្លួនដូចជាមិនសមរម្យ ដូច្នេះហើយយើងនឹងទូន្មានពួកគេបន្ថែម ដោយមិនប្រើការប្រៀបធៀបខ្លួនគេទៅនឹងអ្នកណាម្នាក់ដែលពូកែជាងគេឡើយ។
យើងអាចនិយាយទៅកាន់កូនបានដូច្នេះថា “កូនមើលកុមារអម្បាញ់មិញនោះចុះ គេធ្វើបានល្អណាស់ កូនអាចរៀនតាមទម្លាប់ល្អរបស់គេខ្លះបានទេ បើមានកន្លែងណាធ្វើមិនបាន កូនប្រាប់ប៉ាម៉ាក់មកចុះ តើប៉ាម៉ាក់អាចជួយកូនបានអ្វីខ្លះ?”
ការប្រើសម្តីបែបនេះ គឺញុំងឱ្យកូនៗទទួលបានការធំធាត់ទាំងផ្នែកស្មារតី និងរូបរាងកាយ វាល្អជាងការស្តីបន្ទោស និងការប្រៀបធៀប។
៧. ធ្វើកម្មវិធីក្នុងគ្រួសារ ត្រូវពិភាក្សាជាមួយកូនកូន
នៅក្នុងគ្រួសារបើមានធ្វើកម្មវិធីអ្វីនោះ ត្រូវពិភាក្សាជាមួយកូនកូនផង ឱ្យពួកគេបានរៀនសូត្រចូលរួមចំណែកនៅក្នុងកិច្ចការក្នុងគ្រួសារ។
ទំនាក់ទំនងរវាងឪពុកម្តាយ និងកូន គឺជាចំណុចស្នូល ជាពិសេសរឿងរ៉ាវនៅក្នុងគ្រួសារ ដាច់ខាតឱ្យកូនយល់ថា មិនថាពេលណាក៏ដោយ ប៉ាម៉ាក់ គឺជាខែលដ៏រឹងមាំដែលនៅពីក្រោយខ្ញុំ ទោះជាខ្ញុំធំធាត់ដល់ដំណាក់កាលណាក៏ដោយ ប៉ាម៉ាក់សុទ្ធតែអាចផ្តល់យោបល់ និងពិភាក្សាជាមួយខ្ញុំជានិច្ច។ បែបនេះ ការធំធាត់របស់កូនអាចឆ្ពោះទៅរកភាពក្លាហាន ជាម្ចាស់ការលើខ្លួនឯង កាន់តែពោរពេញដោយសមត្ថភាព និងឯករាជ្យ៕
អត្ថបទ ៖ Mythical Bird / Knongsrok