ព្យាយាមធ្វើរឿងតូចៗទាំងនេះជារៀងរាល់ថ្ងៃ នឹងជួយឱ្យកូនរបស់លោកអ្នក មានទម្លាប់ល្អនៅពេលធំឡើង

ចង់បណ្តុះបណ្តាលទម្លាប់ល្អរបស់កូន ឪពុកម្តាយគ្រប់រូបត្រូវចាប់ផ្តើមឱ្យកូនៗធ្វើពីរឿងតូចៗឡើងទៅ ព្រោះទម្លាប់គឺមនុស្សជាបង្កើតឡើងទេ មិនថាជាទម្លាប់ល្អ ឬអាក្រក់សុទ្ធតែត្រូវសន្សំតាំងពីតូចមក។ តែក៏មានឳពុកម្តាយមួយចំនួនមិនដឹងគួរអប់រំកូនយ៉ាងណា តាមពិតទៅវិធីសាស្រ្តអប់រំដែលមានប្រសិទ្ធភាពហើយសាមញ្ញនោះ គឺជួយកូនៗក្នុងការបង្កើតទម្លាប់ល្អមួយចំនួន ប្រើនូវថាមពលនៃទម្លាប់ល្អ ដឹកនាំកូនៗឱ្យរីកធំធាត់។

រឿងខ្លះមើលទៅដូចជារឿងធម្មតាសាមញ្ញណាស់ តែបើយើងព្យាយាមអនុវត្តន៍រាល់ថ្ងៃ នោះវានឹងអាចក្លាយទៅជាទម្លាប់ ចរិត និងវាសនារបស់មនុស្សម្នាក់បាន។ ដូច្នេះតើអាណាព្យាបាលគួរបណ្តុះទម្លាប់កូនៗយ៉ាងដូចម្តេច សូមអានអត្ថបទខាងក្រោមទាំងគ្នា។

Image_2021 12 09_114710

១. គេងពីព្រលប់ភ្ញាក់ពីព្រលឹម

មនុស្សនាពេលបច្ចុប្បន្ន ជាពិសេសយុវវ័យ គឺមានទម្លាប់គេងយប់ជ្រៅ ហើយងើបយឺត ឬក៏គេងនៅពេលថ្ងៃត្រង់វិញ តែតាមពិតទៅបែបនេះ គឺជាទម្លាប់មិនល្អទេ ឬក៏ឳពុកម្តាយមួយចំនួនគាត់រវល់ដល់យប់ជ្រៅ បណ្តាលឱ្យកូនតូចក៏មានទម្លាប់គេងយប់ជ្រៅដែរ។ ដើម្បីឱ្យកូនមានទម្លាប់ល្អ ដាច់ខាតត្រូវឱ្យពួកគេចូលគេងពីព្រលប់ ហើយគេងឱ្យគ្រប់គ្រាន់ (៨ម៉ោង) ទើបអាចឱ្យសុខភាពផ្លូវកាយ និងស្មារតីរបស់ពួកគេមានការលូតលាស់បានល្អ។

ម្យ៉ាងទៀត ចាប់ពីម៉ោង ៧ ដល់ ១០ ព្រឹកគឺជាពេលដែលខួរក្បាលមានការចង់ចាំល្អបំផុត ធ្វើការងារក៏មានប្រសិទ្ធភាពខ្ពស់ដែរ សក្តិសមក្នុងការអានសៀវភៅ និង មើលមេរៀន។

បើអាចកូនៗមានទម្លាប់ល្អភ្ញាក់ពីព្រលឹម និងឆាប់ចូលគេង មិនត្រឹមតែមានអត្ថប្រយោជន៍ចំពោះសុខភាពប៉ុណ្ណោះទេ ក៏អាចលើកកម្ពស់កម្រិតសិក្សារបស់ពួកគេបានដែរ ព្រមទាំងញុឱ្យពួកគេមានស្មារតីល្អ ស្វាហាប់ រហ័សរហួនផងដែរ។

Image_2021 12 09_114730

២. ការអានសៀវភៅ

ការបណ្តុះទម្លាប់អានសៀវភៅរបស់កុមារពិតជាមានសារៈសំខាន់ណាស់ ព្រោះការអានសៀវភៅនេះអាចធ្វើឱ្យកុមារបង្កើនសមត្ថភាពភាសា ការយល់ដឹង ការពិចារណា និងការផ្តោតអារម្មណ៍ថែមទៀតផង បន្ថែមជាងនេះទៅទៀត នៅក្នុងសៀវភៅបានបង្កប់នូវអត្ថន័យ និងចំណេះដឹងជាច្រើនសម្រាប់ឱ្យកុមារបណ្តុះស្មារតី និងការគិតវិជ្ជមាន។

ប៉ុន្តែបច្ចុប្បន្ន ឳពុកម្តាយភាគច្រើនមិនសូវជាឱ្យកូនៗមានទម្លាប់មើលសៀវភៅនោះទេ ដោយសារតែមិនសូវមានពេលទំនេរ ក៏ឱ្យកូនៗមើលទូរសព្ទ និង iPad ជំនួសវិញ ទង្វើទាំងនេះធ្វើឱ្យប៉ះពាល់ដល់ចក្ខុ និងសោតៈរបស់កុមារ ជាពិសេស គឺខួរក្បាលរបស់កុមារតែម្តង យល់ល្អឪពុកម្តាយគួរតែកំណត់ម៉ោងមើល និងលេងឧបករណ៍អេឡិចត្រូនិចទាំងនេះ។

Image_2021 12 09_114743

៣. លំហាត់ប្រាណ

បច្ចុប្បន្នដោយសារតែកត្តាការសិក្សា និង ចរាចរណ៍ស្ទះកក់កុញបានធ្វើឱ្យមនុស្សភាគច្រើនមិនសូវជាចូលចិត្តចេញទៅក្រៅដោយថ្មើរជើងនោះឡើយ។ ចំណែកឯកុមារវិញ ធម្មជាតិរបស់ពួកគេ គឺមិនសូវជាចូលចិត្តនៅស្ងៀមឡើយ តាមទៅវាជារឿងល្អទៅវិញទេ ព្រោះយើងអាចបណ្តុះឱ្យពួកគេស្រលាញ់លំហាត់ប្រាណ និងការធ្វើចលនាផ្សេងៗបាន។

លំហាត់ប្រាណមិនត្រឹមតែជួយបង្កើនសម្ថភាពការចងចាំ និងលូតលាស់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យពួកគេហ្វឹកហ្វាត់ផ្នែកស្មារតី និងសម្រួលអារម្មណ៍បានល្អទៀតផង ហើយកុមារដែលស្រលាញ់លំហាត់ប្រាណភាគច្រើនជាក្មេងដែលសុទិដ្ឋិនិយម មានភាពស្វាហាប់ សមត្ថភាពខ្ពស់ទប់ទល់នឹងការរងសម្ពាធ ហើយអារម្មណ៍តែងរីករាយ។ បើក្នុងមួយថ្ងៃអាចឱ្យបណ្តុះទម្លាប់ហាត់ប្រាណពីកន្លះម៉ោង ទៅ១ម៉ោងបាន ពិតជាល្អណាស់ គឺចាប់ផ្តើមពីការរត់ត្រិះៗ ជិះកង់ ហាត់តៃក្វាន់ដូ សុទ្ធតែអាចជួយកុមារកាន់តែរឹងមាំ។

Image_2021 12 09_114939

៤. រំឭកមេរៀន និងមើលមេរៀនមុន

កុមារជាច្រើនតែងមានទម្លាប់អូសបន្លាយពេលវេលា ឬក៏ចាំជិតដល់ម៉ោង ឬដល់ថ្ងៃចូលរៀនតែម្តងទើបធ្វើកិច្ចការដែលគ្រូដាក់ឱ្យ ស្ទើរតែមិនដែលរំឭកមេរៀនទាល់តែសោះ កត្តាទាំងនេះហើយដែលធ្វើឱ្យកុមារមួយចំនួនរៀនមិនទាន់គេ ឬក៏មិនយល់ពីមេរៀនដែលគ្រូបានពន្យល់។

យើងត្រូវដឹងថាខួរក្បាលរបស់កុមារ គឺមិនដូចគ្នាទេ កុមារខ្លះឆ្លាត គ្រាន់តែមើល ឬស្តាប់តែម្តងនឹងចង់ចាំភ្លាម តែកុមារខ្លះវិញត្រូវឆ្លងកាត់ការពន្យល់ និងអនុវត្តជាច្រើនដងទើបចងចាំ ដើម្បីបណ្តុះទម្លាប់ល្អក្នុងការសិក្សារបស់កូនៗ ក្នុងនាមជាឪពុកម្តាយដាច់ខាតឱ្យកូនៗចេះទៅរំឭកមេរៀន និងមើលមេរៀនមុន ហើយកុំយល់ថារឿងនេះសាមញ្ញ និងងាយស្រួលធ្វើឱ្យសោះ ព្រោះមានកុមារមិនសូវច្រើនទេដែលព្យាយាមអនុវត្តន៍បាន។

ក្នុងការបណ្តុះទម្លាប់ល្អទាំងនេះ អាចនិយាយបានថាជារឿងងាយស្រួល តែចំពោះការព្យាយាមរបស់កូនៗ បែរជាពិបាកទៅវិញ ដូច្នេះដើម្បីលើកទឹកចិត្តឱ្យគេអនុវត្តន៍ទម្លាប់នេះបន្ត យើងគួរតែមានរង្វាន់លើកទឹកចិត្ត ដើម្បីឱ្យកូនៗមានកម្លាំងចិត្តក្នុងការអនុវត្ត បើចង់ឱ្យកាន់តែមានប្រសិទ្ធភាពទៀតនោះ ឪពុកម្តាយគួរតែនៅជាប់ជាមួយ និងកូនៗដើម្បីកំដរពួកគេ និងធ្វើជាគំរូឱ្យពួកគេឃើញថា អ្នកក៏មានទម្លាប់ទាំងនេះដែរ៕

អត្ថបទ ៖ Mythical / Knongsrok