ទោះជាពិភពលោកនេះធ្វើអ្វីចំពោះអ្នកក៏ដោយ សូមអ្នកខិតខំ ក្លាហាន និងពោរពេញដោយក្ដីសង្ឃឹមដូចកាលពីមុនចុះ។ ទោះជាជួបទុក្ខលំបាកច្រើនយ៉ាងណា ដាច់ខាតមិនអាចឱ្យសុខភាពផ្លូវចិត្តរបស់អ្នកធ្លាក់ដុនដានបានឡើយ។ ដើម្បីរក្សាអារម្មណ៍យើងបានល្អ តើយើងគួរតែមានទម្លាប់អ្វីខ្លះទៅ?
១. កុំជំពាក់ជំពិន
ក្នុងដំណើរជីវិតរបស់មនុស្ស ភាពរីករាយ ៥% ការឈឺចាប់ ៥% ឯ ៩០% ទៀត គឺជាភាពសាមញ្ញ។ ហើយអ្វីដែលយើងត្រូវធ្វើនោះគឺ កុំទៅជំពាក់ជំពិននឹងរឿងឈឺចាប់ច្រើនពេក គួរតែទៅតាមដានភាពរីករាយ និងភាពសាមញ្ញឱ្យបាន៩៥ % ល្អជាង។ បើកចិត្តឱ្យទូលាយ មើលឱ្យយល់គ្រប់រឿងរ៉ាវ ហើយចំពោះការឈឺចាប់មើលវាឱ្យស្រាល អ្វីៗនឹងរលូនដោយឯកឯងជាមិនខាន។
កុំទៅប្រកាន់មានះនឹងរបស់ដែលមិនមែនជារបស់ខ្លួន កុំទៅជំពាក់ជំពិនមិនដាច់ស្រេចនឹងរឿងកន្លងហួស ។ បើអ្នកមិនធ្លាប់ជួបព្យុះភ្លៀងទេ អ្នកមិនអាចដឹងថាខ្លួនមានភាពខ្លាំងដល់កម្រិតណាទេ។ ការជំពាក់ជំពិនគ្រាន់តែអាចបង្កើតបញ្ហាប៉ុណ្ណោះ មានតែការជួបរឿងហើយកុំជំពាក់ជំពិនក្នុងនោះ ហើយជ្រើសរើសទៅប្រឈមមុខដើម្បីរកវិធីដោះស្រាយបញ្ហា ទើបអាចដោះស្រាយបញ្ហាសំខាន់បាន។
២. កុំតាមចិត្តគេពេក
នៅក្នុងជីវិតរស់នៅនាពេលបច្ចុប្បន្ន ជឿជាក់ថាមនុស្សគ្រប់គ្នាសុទ្ធតែងរស់នៅដោយភាពនឿយហត់។ ចំពោះមជ្ឈដ្ឋានរស់នៅរបស់យើងវិញ ពេលក្រឡេកមើលមកមនុស្សជុំវិញខ្លួនសុទ្ធតែចូលចិត្តរស់នៅដោយមើលទឹកមុខអ្នកដទៃ។ យើងតែងខ្លាចរបួសដល់អ្នកដទៃ រាល់ទំនាក់ទំនងដែលត្រូវការរក្សាដោយភាពខ្លាចញញើត សុទ្ធតែជាទំនាក់ទំនងមិនស្ថិតស្ថេរយូរឡើយ ពួកយើងតែងខ្លាចធ្វើឱ្យប៉ះពាល់ដល់គេ ចំពោះទំនាក់ទំនងណាក៏ដោយឱ្យតែត្រូវធ្វើតាមចិត្តគេច្រើនពេកនោះ គឺមិនសូវមានចិត្តស្មោះប៉ុណ្ណោះនោះទេ។
ជីវិតរបស់យើង មិនមែនព្រោះតែធ្វើតាមការចូលចិត្តរបស់គេ អាចមានជីវិតមួយនេះស្ថិតនៅនោះឡើយ។ មនុស្សដែលខ្វល់ពីអ្នកពិតប្រាកដ មិនត្រូវការអ្នកមកយកចិត្តគេ អែបអបគេនោះទេ ទោះជាអ្នកប្រសព្វយកចិត្តគេប៉ុនណា ក៏មិនអាចត្រូវបានគេផ្តល់តម្លៃដែរ។ បានជាតែងចាំសង្កេតពីពាក្យសម្ដី និងទឹកមុខគេ និងខ្វល់ពីអារម្មណ៍របស់អ្នកដទៃរាល់ថ្ងៃដដែល ប្រៀបមិនដូចរៀនចេះទៅល្អចំពោះខ្លួនឯងនោះទេ។
៣. កុំបន្ទាបខ្លួនឯងពេក
មិនថាជាមិត្តភាព ឬស្នេហានោះទេ បើគេមិនផ្តល់ឱ្យយើងទេ គឺមិនបាច់ទៅសុំពីគេឡើយ។ របស់ដែលសុំពីគេយកមក សុទ្ធតែមិនត្រូវបានគេផ្តល់តម្លៃឡើយ។ ដូច្នេះ កុំបន្ទាបខ្លួនទៅសុំពីអ្នកណាម្នាក់ឱ្យសោះ បើគេមិនខ្វល់ពីអ្នកទេ សូមមើលមនោសញ្ចេតនាមួយនេះឱ្យស្រាលចុះ។ មិនថាពេលណាទេ កុំទៅបន្ទាបខ្លួនសុំការខ្វល់ខ្វាយពីគេឱ្យសោះ ពីព្រោះអ្វីដែលសុំមកនោះ សុទ្ធតែក្បត់ចិត្តខ្លួនឯង ជាភាពក្លែងក្លាយ និងមិនមែនជាអ្វីដែលអ្នកចង់បាននោះទេ។
៤. កុំប្រៀបធៀប
មិនចាំបាច់ទៅស្ញប់ស្ញែងការរស់នៅរបស់គេនោះឡើយ រឹតតែកុំឈរនៅលើកង្វល់របស់ខ្លួន ទៅសម្លឹងមើលសុភមង្គលរបស់អ្នកដទៃដែរ។ ការរស់នៅរបស់មនុស្សគ្រប់គ្នាមិនដូចគ្នាទេ សុទ្ធតែមានការលំបាក និងល្អរៀងខ្លួន ភាពល្វីងជូរចត់របស់អ្នកដទៃ អ្នកមិនអាចទៅយល់បាននោះទេ។ ជីវិតគឺជារបស់ខ្លួន កុំទៅប្រៀបធៀប ឬក៏ចូលទៅក្នុងពិភពលោករបស់គេ យល់ថាខ្លួនឯងម្តេចក៏លំបាក និងរងទុក្ខម្លេះ។ ភាពរីករាយ និងសុខស្ងប់ពិតប្រាកដ មិនមែនមកពីការយល់ដឹងច្រើន និងឥរិយាបថនៃពិភពខាងក្រៅនោះឡើយ វាគួរតែមានប្រភពចេញមកពីការទទួល និងការប្រាកដប្រជារបស់ខ្លួនឯងទៅវិញទេ។
ពេលមានប្រាក់ ត្រូវរស់នៅឱ្យបានល្អ ពេលគ្មានប្រាក់ ធ្វើចិត្តឱ្យបានស្រួល។ កុំតឹងរឹងចំពោះកិច្ចការងារតូចតាច កុំរំពឹងខ្ពស់ពេក ស្តាយស្រណោះរាល់មនោសញ្ចេតនាដែលពិតស្មោះសរ។ មិនថាចំពោះមនុស្ស ឬវត្ថុឡើយ ត្រូវបណ្តុះទម្លាប់ជម្រុះវាចោលជាប្រចាំ បែបនេះទើបអាចរស់នៅដោយឥរិស្សភាព និងភាពស្អាតស្អំ។
៥. ហាត់ប្រាណឱ្យបានច្រើន
ការហាត់ប្រាណ គឺមានអត្ថប្រយោជន៍បំផុតក្នុងការដុតកាឡូរី និងធ្វើឱ្យមានរូបរាងសមសួនទៀតផង វាបានធ្វើឲ្យសាច់ដុំកាន់តែរឹងមាំ និងស្បែកកាន់តែភ្លឺថ្លា។ ស្របពេលនោះដែរ នៅអាចបំបាត់នូវថាមពលអវិជ្ជមាន ជំនួសមកវិញនូវអារម្មណ៍ធូរស្រាល។
សុខភាព គឺជារបស់ខ្លួនយើង ជីវិតក៏ជារបស់ខ្លួនយើងដែរ ចេះស្រលាញ់ខ្លួនដោយភាពវៃឆ្លាត នេះជាចំណុចសំខាន់បំផុត។រៀនចេះផ្លាស់ប្តូរការគិត និងចិត្តគំនិតរបស់ខ្លួន ប្រាកដប្រជាឱ្យបានច្រើន លើកទឹកចិត្តខ្លួនឯង ផ្តល់តម្លៃដល់ខ្លួនឯង វាអាចកាត់បន្ថយសម្ពាធបានច្រើន។ ដានតាមរឿងរ៉ាវដែលវិជ្ជមាន ស្វែងរកភាពរីករាយនៅក្នុងជីវិត ប្រឹងប្រែងបង្កើនបទពិសោធន៍នៅក្នុងជីវិត៕
ប្រែសម្រួល ៖ Mythical Bird / Knongsrok