រឿង ៤ យ៉ាង ដែលឪពុកម្តាយត្រូវតែបង្ខំកូនធ្វើ ថ្ងៃអនាគតកូនៗនឹងដឹងគុណបំភ្លេចមិនបាន

មានឪពុកម្តាយជាច្រើនស្រលាញ់កូនខ្លាំងណាស់ ធ្វើអ្វីតាមចិត្តកូនផ្គាប់ចិត្តកូន តែបែរជាមិនបានដឹងថាជាទង្វើទាំងនេះធ្វើឱ្យកូនខូច ឬបំផ្លាញអនាគតកូនក៏ថាបាន។ មានរឿងជាច្រើនដែលកូនៗមិនយល់ និងមិនទាន់ដឹង ត្រូវការឱ្យយើងដែលជាម្តាយឪពុកធ្វើការចង្អុលបង្ហាញ ចំពោះរឿងទាំង ៤ ខាងក្រោមនេះ ទោះជាកូនៗមិនសុខចិត្ត ក្នុងនាមជាម្តាយឪពុកក៏ត្រូវបង្ខំពួកគេដែរ ថ្ងៃក្រោយកូនៗនឹងដឹងគុណយើងជាមិនខាន។

១. បង្ខំកូនឱ្យសិក្សារៀនសូត្រ

ការសិក្សាមិនមែនជាច្រកចេញតែមួយគត់នោះទេ តែបើមិនសិក្សារៀនសូត្រទេ ប្រាកដជាគ្មានច្រកចេញពីភាពងងឹតឡើយ។ មានក្មេងៗមួយចំនួនពេលដែលជួបនិងការសិក្សា ឬនៅបឋមវ័យមានអារម្មណ៍ថាពួកគេស្អប់ការសិក្សាខ្លាំងណាស់ ក្នុងនាមជាម្តាយឪពុក ឬអាណាព្យាបាលគួរតែដឹកនាំចង្អុលបង្ហាញដោយភាពខ្នះខ្នែង ប្រាប់កូនៗពីសារៈសំខាន់នៃការរៀនសូត្រ ដាច់ខាតមិនអាចប្រលែងដៃមិនខ្វល់នោះឡើយ ពុំដូច្នេះទេថ្ងៃអនាគតបើពួកគេប្រលងមិនជាប់ ឬរៀនឈប់ពាក់កណ្តាលទីនោះ មនុស្សដែលគេបណ្តោសមុនគេ គឺជាម្តាយឪពុកនេះឯង។

១

២. បង្ខំកូនឱ្យមានគំនិតសុទិដិ្ធនិយម

បើយើងប្រើពាក្យថា “បង្ខំ” ដូចជាស្តាប់ទៅមិនសក្តិសមទាល់តែសោះ ប៉ុន្តែតាមពិតទៅពាក្យនេះសម្ដៅនៅពេលដែលកូនៗជួបនឹងឧបសគ្គ ស្រែកទ្រហោយំ បាក់ទឹកចិត្ត មិនហ៊ានប្រឈមមុខនឹងបញ្ហា ក្នុងនាមជាម្តាយឪពុកគួរតែគ្រប់គ្រងទង្វើបែបនេះឱ្យទាន់ពេលវេលា ប្រាប់កូនៗថាត្រូវស្វែងរកមធ្យោបាយមកដោះស្រាយ ហើយគ្រប់ពេលវេលាត្រូវរក្សាទឹកចិត្តសុទិដិ្ធនិយមពោរពេញដោយក្តីសង្ឃឹមជានិច្ច។

៣. បង្ខំកូនឱ្យហ្វឹកហាត់ និងធ្វើលំហាត់ប្រាណ

សុខភាពល្អ គឺជាដើមទុនសម្រាប់ជីវិត ការហ្វឹកហាត់នេះទៀតសោត គឺចាប់មានតាំងពីពេលដែលទារកចេះវារមកម្ម្ល៉េះ មានកុមារជាច្រើនប្រៀបដូចជាផ្កានៅក្នុងបន្ទប់កម្ដៅអ៊ីចឹង មិនធ្លាប់ត្រូវខ្យល់ត្រូវភ្លៀងឡើយ ដូច្នេះប្រព័ន្ធការពារលើខ្លួនរបស់ពួកគេមិនសូវខ្លាំង តែងឧស្សាហ៍សុំច្បាប់សាលា ទាំងនេះភាគច្រើនសុទ្ធតែខ្វះខាតការហ្វឹកហាត់ និងលំហាត់ប្រាណ។ បើកូនៗមិនព្រមចេញទៅក្រៅហាត់កីឡា ក្នុងនាមជាម្តាយឪពុកគួរតែត្រូវធ្វើជាគំរូ គ្រួសារទាំងមូលត្រូវហ្វឹកហ្វាត់ និងធ្វើលំហាត់ប្រាណជាមួយគ្នា ដូចជា លេងបាល់ រត់ត្រឹះៗ មិនត្រឹមតែអាចជម្រុញការអភិវឌ្ឍន៍ខួរក្បាលរបស់កូនទេ នៅអាចជួយបង្កើនភាពជិតស្និតរវាងក្រុមគ្រួសារទៀតផង។

២

៤. បង្ខំឱ្យកូនយល់ពីគំនិតនៃប្រាក់

កុមារមួយចំនួនធំ គឺមិនដឹងថាប្រាក់រកមកដោយមិនងាយស្រួលឡើយ បណ្តាលឱ្យពួកគេមិនអាចគ្រប់គ្រងចំណង់នៃការចំណាយរបស់ខ្លួនឯងបាន ចង់បានអ្វីគឺ ត្រូវទារឱ្យបាន មិនខ្វល់ថាគ្រួសារស្ថិតនៅក្នុងស្ថានភាពបែបណាឡើយ ដូច្នេះហើយម្តាយឪពុកគួរតែនៅពេលដែលពួកគេនៅក្មេងទៅពន្យល់ និងឱ្យពួកគេស្វែងយល់ឱ្យទាន់ពេលចំពោះពីភាពលំបាកនៃការរកប្រាក់ បើសិនជាមានឱកាសគួរតែឧស្សាហ៍នាំពួកគេទៅទីកន្លែងដែលខ្សត់ខ្សោយ ខ្វះខាតដើម្បីឱ្យពួកគេរៀនឈ្វេងយល់ពីភាពលំបាកនៅក្នុងជីវិត ។

ម្តាយឪពុកបង្ខំកូនធ្វើរឿងទាំង ៤ ខាងលើនេះហើយ ពេលដែលកូនៗធំឡើងមិនត្រឹមតែអាចធ្វើជាធនធានមនុស្សដ៏ល្អនៅក្នុងសង្គមទេ ហើយពួកគេនឹងដឹងគុណម្តាយឪពុកជាមិនខាន៕

រៀបរៀងដោយ ៖ Mythical Bird