ខ្ញុំក្លាយជាមនុស្សរឹងមាំហើយ អរគុណមនុស្សដែលផ្តល់ការលំបាកដល់ខ្ញុំ ខ្ញុំនឹងចងចាំ

មិនថានរណាទេ សុទ្ធតែសង្ឃឹមថា ខ្លួនឯងគ្រប់ការងារអាចរលូនជោគជ័យ មានគេស្រលាញ់រាប់អាន ជ្រោមជ្រែងគ្រប់កិច្ចការ។ តែអ្នកបានភ្លេចហើយថា តាមពិតទៅមនុស្សដែលផ្តល់លំបាកដល់អ្នក ទើបជាមនុស្សដែលបង្រៀនអ្នកឱ្យកាន់តែរឹងមាំ និងស្គាល់ពីតម្លៃរបស់ខ្លួនឯងកាន់តែច្បាស់។ ខាងក្រោមនេះគឺជារឿងពិតជាក់ស្តែងមួយនៅក្នុងសង្គមបច្ចុប្ប ៖

មានយុវជនម្នាក់ បានបញ្ចប់ថ្នាក់វិទ្យាល័យ តែក្នុងខ្លួនគេគ្មានជំនាញអ្វីសោះ ក៏បានទៅធ្វើការនៅក្នុងរោងពុម្ពមួយកន្លែង។ ការងាររបស់គេ គឺជាអ្នកបញ្ចូនទំនិញ គេចាំបាច់ត្រូវយកសៀវភៅដែលបានបោះពុម្ព និងកិបរួចបញ្ជូនឱ្យដល់ដៃរបស់ភ្ញៀវ។

1

មានថ្ងៃមួយ យុវជនម្នាក់នេះត្រូវបានថៅកែបញ្ជាឱ្យបញ្ជូនសៀវភៅ ៥០ បាច់ទៅការិយាល័យជាន់ទី ៧ នៃមហាវិទ្យាល័យមួយ។ នៅពេលដែលយុវជនម្នាក់នេះបានដឹកសៀវភៅទៅដល់មហាវិទ្យាល័យនោះហើយ ក៏ជញ្ជូនដាក់ក្បែរជណ្តើរយន្ត រង់ចាំជិះជណ្តើរយន្តបញ្ជូនទៅជាន់ទី៧។

ប៉ុន្តែ នៅពេលនោះមានសន្តិសុខម្នាក់បានដើរចូលមក ស្រែកគំហកខ្លាំងៗថា ៖ “មិនឱ្យជិះជណ្តើរយន្តទេ! ជណ្តើរយន្តទុកសម្រាប់ឱ្យសាស្រ្តចារ្យ និងគ្រូបង្រៀនជិះទេ អ្នកផ្សេងមិនឱ្យយជិះជណ្តើរយន្តឡើយ”។

យុវជនរូបនេះឮហើយភ្ញាក់ព្រើត ប្រញាប់និយាយបកស្រាយថា៖ “ ខ្ញុំមិនមែនជាសិស្សទេ ខ្ញុំគឺជាអ្នកដឹកជញ្ជូនសៀវភៅ។ សៀវភៅវទាំងនេះ គឺសាស្រ្តចារ្យនៅជាន់ទី ៧ ជាអ្នកកម្មង់ ខ្ញុំជួយដឹកឱ្យគាត់មកទីនេះ.....” យុវជនជូតញើសបណ្តើរ និយាយបណ្តើរ។

ប៉ុន្តែ សន្តិសុខនៅតែនិយាយដោយគ្មានយល់មុខដដែល ៖ “ មិនបាន គឺមិនបានហើយ! ខាងលើបានកំណត់ហើយ ជណ្តើរយន្តទុកឱ្យតែសាស្រ្តចារ្យ និងគ្រូបង្រៀនជិះទេ ឯងមិនមែនសាស្រ្តចារ្យ គ្រូបង្រៀនទេ គឺមិនអាចជិះជណ្តើរយន្តបានឡើយ អាចឡើងតាមជណ្តើរជើងទៅ!”

ព្រះអើយ ម្តេចក៏គ្មានហេតុផលយ៉ាងនេះ? យុវជននេះឮហើយ ខឹងខ្លាំងណាស់ ! ចិត្តគិតថា ត្រូវយួរសៀវភៅ ៥០ បាច់ដោយឡើងតាមជណ្តើរជើងដល់ជាន់ទី ៧ ឡើងចុះប្រហែលជា ២០ ត្រឡប់ ក្រោយជញ្ជូនរួចហើយច្បាស់ជាហត់ស្លាប់ជាមិនខាន។

ខ្ញុំត្រូវទទួលយកភាពមិនសមហេតុផលនេះមែនទេ? ទេ! សន្តិសុខម្នាក់នេះធ្វើបាបគេណាស់ ខ្ញុំដាច់ខាតមិនទទួលយកទេ! ដូច្នេះ យុវជនម្នាក់នេះក៏បានយកសៀវភៅទាំង ៥០ បាច់នេះ ទៅដាក់នៅក្នុងសាលធំ ហើយមិនខ្វល់ពីអ្នកណាដើរទាំងអស់ “ ខ្ញុំលែងខ្វល់ហើយ ខ្ញុំលែងធ្វើហើយ ពិតជាគួរឱ្យខឹងណាស់ មានហេតុផលនេះមកពីណាទៅ?”

2

ក្រោយមកយុវជននេះក៏បានខលទៅថៅកែ និយាយបញ្ជាក់ពីដំណើររឿងដែលបានឆ្លងកាត់។ ស្របពេលនោះដែរ គេក៏បានសុំថៅកែលាឈប់ដោយនិយាយថា៖ “ សុំទោស លោកថៅកែ ខ្ញុំត្រូវខិតខំរៀនសូត្រ ត្រូវប្រលងចូលមហាវិទ្យាល័យល្អមួយ កុំឱ្យគេមើលស្រាលខ្ញុំទៀត!”

ក្រោយដាក់ទូរស័ព្ទចុះហើយ យុវជននេះប្រញាប់ទៅបណ្ណាគារ ទិញសម្ភារៈសិក្សា និងសៀវភៅត្រៀមចូលប្រលងជាច្រើន ហើយជារៀងរាល់ថ្ងៃគេនៅឃុំខ្លួនក្នុងបន្ទប់ខិតខំរៀនសូត្រ គេស្បថថា៖ “ ខ្ញុំដាច់ខាតត្រូវប្រលងចូលសាលាល្អ ខ្ញុំដាច់ខាតធ្វើជាមនុស្សជោគជ័យម្នាក់.....” រាល់ពេលដែលគេចង់លួចខ្ចិល គេនឹកឃើញដល់រូបភាពដែលត្រូវ “ សន្តិសុខនោះមិនឲ្យគេជិះជណ្តើរយន្ត” “ ត្រូវបានគេប្រមាថ ត្រូវបានគេងាក់ងាយ” ។

គេគ្មានផ្លូវថយក្រោយឡើយ គេមានតែអាចឱបនូវចិត្តឈឺចាប់នេះ បោះពួយឆ្ពោះទៅមុខ។ ក្រោយមក យុវជននេះបានប្រលងចូលសាលាពេទ្យនៃមហាវិទ្យល័យមួយកន្លែង ក៏ខិតខំរៀនសូត្រជាខ្លាំង មកទល់នឹងបច្ចុប្បន្ននេះ បានកន្លងទៅ ២០ ឆ្នាំហើយ គេបានក្លាយទៅជាគ្រូពេទ្យល្បីរបស់មន្ទីរពេទ្យមួយកន្លែង។

ប៉ុន្តែ ងាកមកមើលវិញ “មនុស្សមានគុណ” របស់គេមួយជីវិតនេះ តើជាអ្នកណាទៅ? មិនមែនជាសន្តិសុខដែលមានអប្បកិរិយាច្រងេងច្រងាង គ្មានយល់មុខនរណា គ្មានមនោសញ្ចេតនានោះទេឬ? បើមិនមែនការធ្វើបាបរបស់សន្តិសុខនោះទេ យុវជនម្នាក់នេះម្តេចអាចទទួលរងភាពអាម៉ាស់ ហើយប្តេជ្ញាចិត្តតស៊ូដោយមុតមាំ ញុំាងឱ្យជីវិតរបស់គេមានពន្លឺដូចសព្វថ្ងៃនេះ។

ពេលនេះ គាត់បានក្លាយទៅជាគ្រូពេទ្យហើយ មនុស្សដែលគេត្រូវអរគុណបំផុតនោះ គឺជាសន្តិសុខដែល “មើលស្រាលគេ បដិសេធគេ ធ្វើបាបគេ” ម្នាក់នោះ៕

អត្ថបទ ៖ បក្សី ទេព / Knongsrok