មនុស្សដែលបានជួយអ្នក កុំគ្រាន់តែហៅគេហូបបាយ ត្រូវចេះប្រើវិធីទាំងនេះដើម្បីសងគុណ

មានគេនិយាយថា ពាក្យ “មនោសញ្ចេតនា” នេះ គឺអាចផ្តល់ប្រយោជន៍ដល់គ្នាទៅវិញទៅមកបាន។ អ្នកល្អចំពោះខ្ញុំ ខ្ញុំក៏ល្អចំពោះអ្នក អ្នកយកចិត្តទុកដាក់នឹងខ្ញុំ ខ្ញុំក៏យកចិត្តទុកដាក់នឹងអ្នកដែរ អ្នកជួយខ្ញុំ ខ្ញុំក៏ជួយអ្នកវិញ។ មនោសញ្ចេតនាមួយណាក៏ដោយ សុទ្ធតែមានទៅមានមក បើសិនមានតែម្ខាងនោះរមែងតែងមិនយូរអង្វែងឡើយ។

ឧទាហរណ៍ថា ៖ មានមនុស្សមួយចំនួនធ្លាប់មើលរំលងភាពល្អរបស់អ្នក មិនចេះដឹងគុណ មិនដឹងពីការសងគុណ ធ្វើឱ្យអ្នកខកចិត្តប៉ុន្មានដង អស់ចិត្តចំពោះគេយ៉ាងខ្លាំង មានតែជ្រើសរើសដើរចេញ។ ដូច្នេះ មិនថាអ្នកណាទេ ឱ្យតែជាមនុស្សល្អចំពោះអ្នក សុទ្ធតែមានតម្លៃសម្រាប់ចងចាំក្នុងចិត្ត។ មនុស្សដែលជួយអ្នក សូមកុំគ្រាន់តែអញ្ជើញគេហូបបាយឱ្យសោះ ត្រូវរៀនចេះប្រើវិធីទាំង ៣ នេះ ដើម្បីតបស្នងដល់គេ។

១

១. ការជួយគ្នា មនោសញ្ចេតនានឹងមានតម្លៃនៅពេលមានទៅមានមក

នៅពេលដែលអ្នកជួបការលំបាក និងមានរឿងបន្ទាន់ មនុស្សដែលចេញមុខមកជួយអ្នក ដាច់ខាតត្រូវរៀនចេះតបស្នងគេវិញ។ បើថ្ងៃមុខពួកគេត្រូវការជំនួយ ឬជួបទុកលំបាក យើងត្រូវចេះទៅលើកទឹកចិត្ត លួងលោមគេ ផ្តល់ភាពកក់ក្តៅដល់គេ នេះគឺអ្វីដែលយើងគួរតបស្នងដក់គេ។ មិនថាមនោសញ្ចេតនាដែលយូរអង្វែងយ៉ាងណាក៏ដោយ សុទ្ធតែមានតម្លៃនៅពេលមានទៅមានមក នេះបញ្ជាក់ថាគេក៏ប្រើចិត្តស្មោះមករាប់អានអ្នក អ្នកក៏ប្រើចិត្តគោរពទៅរាប់អានគេវិញដែរ ។

២. ចិត្តដឹងគុណ យកភាពល្អរបស់គេចងចាំក្នុងចិត្ត

មានពាក្យមួយឃ្លានិយាយបានល្អណាស់ ៖ គេល្អដាក់យើង គឺមិនមែនដោយសារខ្លួនយើងល្អប៉ុនណានោះទេ ហើយអ្នកដែលបានលះបង់ដើម្បីយើង គឺគេបានដាក់រូបយើងនៅក្នុងចិត្ត។ នៅពេលប្រាស្រ័យទាក់ទងគ្នា ចេះខ្វល់ពីអារម្មណ៍របស់គេ នៅពេលដែលគេមានតម្រូវការ ចេះលាដៃទៅជួយគេមុន។

មិនប្រាកដថាយើងអង្គុយរង់ចាំតែទទួលការជួយពីគេនោះទេ ពេលដែលគេជួយកិច្ចការយើងរួចហើយ យើងបែរជាប្រើការអញ្ជើញហូបបាយមកសម្ដែងទឹកចិត្តទៅវិញ។ សេចក្តីដឹងគុណ គឺថ្លៃថ្លាណាស់ យើងត្រូវចងចាំក្នុងចិត្ត ចងចាំគុណរបស់គេ ចេះស្តាយស្រណោះនិងចេះតបស្នងដល់គេវិញ នៅពេលគេមានតម្រូវការសូមអ្នកបង្ហាញវត្តមាន និងជួយគេដោយចិត្តស្មោះទៅវិញផង។ ការសម្ដែងទឹកចិត្ត គឺមិនបាច់ប្រើភាសារមកនិយាយឡើយ គឺត្រូវប្រើពេលវេលាមកបញ្ជាក់។

២

៣. ចម្លងបន្តទឹកចិត្ត កុំធ្វើឱ្យគេខកបំណង

បើយើងចេះតែចម្លងបន្តគំនិតអាក្រក់ ចិត្តមិនល្អ នោះគ្រាន់តែអាចធ្វើបាបដល់គេប៉ុណ្ណោះ អ្វីដែលទទួលបាន គឺជាការចងគំនុំ និងសាយភាយទឹកចិត្តមិនល្អ និងអារម្មណ៍មិនល្អ ប៉ុន្តែការបន្តចម្លងទឹកចិត្តល្អ គំនិតល្អវិញ មិនត្រឹមតែអាចជួយដល់គេទេ ហើយគេអាចធ្វើល្អដាក់យើងទៀតផង។ ទំនាក់ទំនងរវាងមនុស្ស អ្នកផ្តល់អ្វីទៅគេ គេក៏ផ្តល់អ្វីមកអ្នកដែរ អ្នកដាំអ្វី នឹងទទួលបានផលនោះ។ ការចម្លងបន្តគំនិតល្អ គឺមានន័យថាជួយគេក៏ជួយខ្លួនឯងដែរ។

ពេលដែលគេត្រូវការជំនួយ យើងបានលាដៃទៅជួយគេដោយមិនរើសអើង ពេលយើងជួបស្ថានភាពលំបាកទើបអាចមានគេមកលូនដៃជួយយើងវិញ។ ការជួយគេនេះសូមប្រកបដោយភាពស្មោះសរផង ទើបចុងក្រោយអាចធ្វើឱ្យចិត្តខ្លួនឯងស្ងប់បាន។ នៅក្នុងលោកនេះមានតែគំនិតល្អ បំណងល្អទេទើបអាចរក្សារបន្តជារៀងរហូតបាន។

ទំនាក់ទំនងល្អបំផុតរវាងមនុស្ស ៖ រំខានគ្នាទៅវិញទៅមក ប៉ុន្តែចេះស្តាយស្រណោះពេលវេលាដែលនៅជាមួយគ្នាជួយគ្នា ឧស្សាហ៍នឹករឭកដល់មនុស្សមានគុណ ចងចាំចំណុចល្អរបស់គេ ទើបញុំាងឱ្យជីវិតកាន់តែភ្លឺថ្លា ក៏ញុំាងឱ្យដួងចិត្តបើកចំហរកាន់តែធំជាងមុនអាចទទួលរឿងរ៉ាវបានច្រើនចូលទៅក្នុងជីវិត។

ការចងចាំចំណុចល្អរបស់គេ ចុងក្រោយអ្នកដែលទទួលផលមិនមែនជាអ្នកដទៃឡើយ គឺជារូបអ្នក។ ពីព្រោះពេលដែលអ្នកចងចាំចំណុចល្អរបស់គេ នៅលើមុខរបស់អ្នក គឺបង្ហាញនូវស្នាមញញឹម ខ្លួនឯងយល់ថារីករាយហើយ ពេលនោះអ្នកក៏ធ្វើឱ្យចិត្តអ្នកម្ខាងទៀតធូរស្បើយដែរ ទំនាក់ទំនងកាន់តែស្អិតរមួតកាន់តែកក់ក្តៅ។

ឧស្សាហ៍មានចិត្តដឹងគុណផង ទើបមានមនុស្សច្រើនអាចជួយដល់អ្នក ចង់ចាំចំណុចល្អ ទើបញុំាងឱ្យអ្នកកាន់តែមានសុភមង្គល និងរីករាយចេញពីដួងចិត្ត៕

អត្ថបទ ៖ បក្សី ទេព / Knongsrok