ការប្រាស្រ័យទាក់ទងគ្នា ក្រៅពីការជជែកគ្នាជាប្រចាំហើយនោះ ក៏អាចពឹងលើការនិយាយលេងសើច ដើម្បីបង្កើនភាពស្និទ្ធស្នាល និងទាញគម្លាតឱ្យកាន់តែជិតគ្នាដែរ។ ទំនាក់ទំនងដែលមានភាពកំប្លែងនៅក្នុងនោះ គឺពិតជាល្អណាស់ អាចញុំាងឱ្យបរិយាកាសរីករាយ ប៉ុន្តែការលេងសើចត្រូវមានកម្រិត ពេលដែលលេងសើចលើសកម្រិតមិនមែនជាការកំប្លែងឡើយ តែគឺជាការមិនគោរពចំពោះគេទៅវិញទេ។
ពាក្យមួយពោលថា “ការលេងសើច គឺត្រូវមានសមតុល្យ”។ អ្នកខ្លះនិយាយលេងគ្មានសមតុល្យសោះ មិនខ្វល់ពីអារម្មណ៍អ្នកណាឡើយ ធ្វើឱ្យគេពិបាក អាស្រ័យពាក្យថាលេងសើចមកធ្វើបាបអ្នកដទៃ។ មិនត្រឹមឱ្យគេមិនសប្បាយចិត្តទេ ការលេងសើចដែលបង្កការខាតបង់ដល់អ្នកដទៃ សុទ្ធតែមានបំណងអាក្រកក់។ បើអ្នកយល់ថាមានមនុស្សមួយចំនួន បានប្រើវិធីលេងសើចទាំង ៤ ប្រភេទនេះមកលេងសើចជាមួយអ្នក គឺបង្ហាញថា “មើលស្រាល” អ្នក យល់ល្អគួរតែនៅឱ្យឆ្ងាយពីគេបន្តិច។
១. យកការតុបតែងរូបសម្រស់របស់គេមកលេងសើច
ក្នុងជីវភាពរស់នៅ មានមនុស្សមួយចំនួន ឈ្លិចយកចំណុចខ្សោយគេ វាយប្រហារទៅលើរូបរាងរបស់គេ ធ្វើការវែកញែកទៅលើកការតុបតែងរបស់គេ ដើម្បីបិទបាំងបំណងអាក្រក់របស់ខ្លួន តែងតែប្រើពាក្យ “និយាយលេង” បីម៉ាត់នេះមកបិទបាំង។ យល់ថាសម្ដីខ្លួនជាការលេងសើច គឺអាចទទួលបានការអាធ្យាស្រ័យរបស់អ្នកដទៃ។
មនុស្សដែលរមែងប្រើនាមថាការលេងសើចមកនិយាយកំប្លែងអំពីរូបសម្រស់ និងតុបតែងរបស់អ្នក តាមពិតទៅគ្មានចិត្តស្មោះចំពោះអ្នកឡើយ យកអ្នកធ្វើជាការកំដរអារម្មណ៍រំសាយទុក្ខរបស់គេ បែបនេះ គឺគេបានមើលស្រាលអ្នកហើយ។ ចំពោះមនុស្សបែបនេះ គួរតែកុំសូវនៅក្បែរពេក រក្សាគន្លាតពីគេកាន់តែឆ្ងាយកាន់តែល្អ ។
២. យកចំណុចមិនល្អរបស់គេមកលេងសើច
មានមនុស្សខ្លះ ចូលចិត្តចង់ឈ្នះ ចិត្តច្រណែនច្រើន មិនចង់ឃើញនរណាល្អជាងខ្លួនឡើយ។ បើមានគេលើសខ្លួន ឬក៏ពូកែជាងខ្លួននោះ កើតក្តីមិនពេញចិត្ត មានការគុំគួន ហើយអាស្រ័យលើវិធីលេងសើច មកវាយប្រហារគេ ជាន់ឈ្លីដល់សេចក្តីថ្លៃថ្នូរគេ។ មនុស្សបែបនេះ ផ្តល់តម្លៃឱ្យខ្លួនឯងខ្ពស់ ឱ្យតែឃើញអ្នកដទៃមានសមត្ថភាពមិនគ្រប់គ្រាន់ នឹងនិយាយពង្រីកចំណុចខ្វះខាតរបស់គេ ខំបំប៉ោងភាពមិនល្អរបស់គេ ចាត់ទុកជាការសងសឹង បំពេញចិត្តមុខមាត់របស់ខ្លួន។ ជួបមនុស្សបែបនេះ ត្រូវតែនៅឱ្យឆ្ងាយ យ៉ាងណានៅក្នុងចិត្តរបស់គេ ក្រៅពីខ្លួនគេ គ្មានអ្នកដទៃក្នុងភ្នែកឡើយ។
៣. យកទម្លាប់ និងចរិតរបស់គេមកលេងសើច
មានមនុស្សខ្លះ តាំងពីដើមមកមិនចេះគោរពដល់អ្នកដទៃឡើយ។ មិនដែលពេញចិត្តចំពោះទម្លាប់ និងចរិតរបស់គេឡើយ សុទ្ធតែយកការទាមទាររបស់ខ្លួនមកធ្វើជាបទដ្ឋាន។ បើមានចំណុចមិនដូចគេតែបន្តិច នឹងយល់ថាគេអន់ មិនដែលស្គាល់សង្គម ស្ទើរតែនិយាយថាគេនោះជាមនុស្សសម្រែទៀតផង។
ចំពោះទម្លាប់ និងចរិតរបស់អ្នក គេមិនយល់ស្រប ក៏មិនគោរពដែរ តែងតែលើកដៃលើជើងចង្អុលបញ្ជា និយាយបង្គាប់ និយាយលេងសើចជាមួយអ្នកដោយភាពបញ្ឆិតបញ្ឆៀងចាក់ដោត យកការលេងសើចនេះ មកបញ្ឈឺអ្នក។ ជួបមនុស្សដែលគ្មានគុណចរិយាបែបនេះ មិនបាច់ទៅវែកញែក ឬខឹងសម្បារអ្វីទេ គេចឱ្យឆ្ងាយពីគេ កុំទៅពាក់ព័ន្ធនិងគេអី។
៤. យកបទពិសោធន៍ស្នេហារបស់គេមកលេងសើច
មនុស្សគ្រប់គ្នាសុទ្ធតែមានប្រវត្តិស្នេហា មិនថាល្អ ឬអាក្រក់ សុទ្ធតែជារឿងសម្ងាត់ ឬផ្ទាល់ខ្លួនរបស់គេ។ ប៉ុន្តែមានអ្នកខ្លះចិត្តពិតជាអាក្រក់ណាស់ រមែងតែងយកទុក្ខលំបាករបស់គេ ចាត់ទុកជាភាពសប្បាយ យកប្រវត្តិស្នេហារបស់គេទៅនិយាយខ្ជរខ្ជាយ បង្កើតទៅជាព័ត៌មានក្តៅគគុក កា្លយទៅជាប្រធានបទដែលសើចសប្បាយ។
ការយករឿងស្នេហារបស់គេមកលេងសើចនេះ តាមពិតទៅ គឺមានបំណងអាក្រក់នោះទេ ចង់បំផ្លាញកិត្តិយសគេ មួលបង្កាច់ពីចរិតរបស់គេ។ ជួបមនុស្សបែបនេះ គួរតបតរទៅគេខ្លះ កុំឱ្យគេចេះតែបានដៃពេក ពុំដូច្នេះទេ ត្រូវគេលាបពណ៌ដោយមិនដឹងខ្លួនក៏ថាបាន ព្រោះថ្ងៃក្រោយអាចប៉ះពាល់ដល់ជីវិតមង្គលការរបស់អ្នក។
យើងអាចជួប និងស្គាល់មនុស្សច្រើននាក់ ក៏បានន័យថា យើងសុទ្ធតែមាននិស្ស័យជាមួយគ្នាហើយ តែមិនមែនមនុស្សគ្រប់គ្នានោះចូលមកក្នុងជីវិតរបស់អ្នកអាចផ្តល់ភាពល្អ និងអាក្រក់ទៅតាមបច្ច័យផ្សេងៗ។ មានអ្នកខ្លះមើលទៅស្និទស្នាលនឹងអ្នក តែបែរជាតែងតែយកអ្នកមកលេងសើចទៅវិញ ជាពិសេសនៅចំណុចខាងលើទាំង ៤ នេះ។ បើអ្នកសំណាងអាក្រក់បានជួបមនុស្សទាំងនេះហើយ ឆាប់ចេញឆ្ងាយពីគេឱ្យលឿនទៅ ពីព្រោះពួកគេមិនគោរពអ្នកឡើយ មើលស្រាលអ្នក បើបន្តរាប់អានទៀត គ្មានតម្លៃអ្វីឡើយ៕
អត្ថបទ ៖ បក្សី ទេព / Knongsrok